នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានរៀបចំពិធីថ្វាយព្រះពរ ជ័យសិរីមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨១ព្រះវស្សា យាងចូល ៨២ព្រះវស្សា អង្គសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្តារៈដ៏ខ្ពង់ខ្ពស់ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត និងសមាជិកសមាជិកា សាខាកាកបាទក្រហមផងដែរ ។
ក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ បានអានលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងបានបញ្ជាក់ ថ្ងៃទី១៨ ខែមិថុនា ជារៀងរាល់ឆ្នាំ ត្រូវបានចាត់ទុកជាទិវាដ៏វិសេសមួយ ដែលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា កំណត់ក្នុងប្រតិទិន ជាទិវាចម្រើនព្រះជន្ម ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលតម្រូវឲ្យ គ្រប់ស្ថាប័នទាំងអស់ ដោតទង់ជាតិ ទង់ជ្វាលា ព្រមទំាង អនុញ្ញាត្តឲ្យឈប់សម្រាក ចំនួន ០១ថ្ងៃ ដើម្បីចូលរួមអបអរសាទរព្រះរាពិធីនេះផងដែរ ៕