“កុមារ គឺជាទំពំាងស្នងឬស្សី”
ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តកំពង់ធំ បានរៀបចំពិធីអបអរសាទរខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ ១ មិថុនា ក្រោមប្រធានបទ “លើកកម្ពស់ការចូលរួមរបស់កុមារដើម្បីអភិវឌ្ឍន៍សង្គម” និងខួបលើកទី១៦ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ “ការពារកុមារពីពលកម្មកុមារនៅក្នុងស្ថានភាពជម្លោះ និងគ្រោះមហន្តរាយ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលរៀបចំឡើងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ។
លោក អ៊ាប ឈុនស្រ៊ាង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើកឡើងថា ពិធីនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តំាងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ គឺ ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ ដែលជាខួបលើកទី១៦ នៃទិវាកុមារ ០១ មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៧ ។
ឯកឧត្តម ញឹក បានខេង អភិបារងខេត្ត បានអានសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៦ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៧ ជូនអង្គមីទ្ទិញផងដែរ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម សុខ លូ បានលើកឡើងថា ប្រទេសកម្ពុជាបានឆ្លងកាត់មហាវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្ករឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត បានកាប់សម្លាប់ប្រជាជន កុមាររាប់លាននាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីស្ទើរគ្មានសល់ ។ កុមារកម្ពុជាជាច្រើននាក់ បានស្លាប់ដោយសារកង្វះអាហារ និងគ្មានថ្នាំព្យាបាល កុមារខ្លះទៀតរស់នៅដោយក្តីលំបាកវេទនា ព្រាត់ប្រាស់ឪពុកម្តាយ រងទារុណកម្ម អំពើហឹង្សា និងត្រូវបានគេបង្ខំឲ្យធ្វើការដូចទាសករ ។ ចាប់តំាងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ មក ប្រទេសកម្ពុជាយើងត្រូវបានរួចផុតពីរបបកាប់សម្លាប់ ប៉ុល ពត ហើយរាជរដ្ឋាភិបាលបច្ចុប្បន្នបានខិតខំកសាងប្រទេសជាតិឡើងវិញ ធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ជាពិសេសសិទ្ធិកុមារកម្ពុជា ត្រូវបានលើកកម្ពស់ ។ អត្រាមរណៈភាពរបស់កុមារមានការថយចុះ ការចុះឈ្មោះចូលរៀនមានការកើនឡើង ថែមទំាងទទួលបានសិទ្ធិជាមូលដ្ឋានទំាងបួនរបស់កុមារដូចជា៖ សិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបាននូវការការពារ និងសិទ្ធិចូលរួម ។ ឯកឧត្តមបានបន្តទៀតថា “បើចង់ឲ្យទំពាំងស្នងឬស្សីទៅបាន លុះត្រាតែទំពាំងទាំងនោះគឺជាទំពាំងល្អប្រកបដោយជីវជាតិ ហេតុដូច្នេះយើងត្រូវតែ នាំគ្នាថែទាំដាក់ជី ជ្រោយដី និងស្រោចទឹកវាឲ្យល្អ ទើបអាចស្នងទៅជាឬស្សីបានល្អ!” ។ ក្នុងពិធីនេះមានកុមារចំនួន៣០០នាក់ចូលរួម ដោយម្នាក់ៗទទួលបានកន្សែងពោះគោចំនួន១ សៀវភៅចំនួន២ក្បាល និងប៊ិច២ដើម ។
ជាចុងបញ្ចប់ ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តចិញ្ចឹមបីបាច់ថែរក្សា អប់រំ និងធ្វើពលកម្មគ្រប់បែបយ៉ាង ប្រកបដោយព្រហ្មវិហារធម៌ របស់មាតាបិតា អង្គការមិនមែនរដ្ឋាភិបាល អង្គការដៃគូរអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ ចំពោះបុត្រធីតា និងសិស្សានុសិស្សរបស់យើង ៕