រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ និងគោលការណ៍​ដឹកនាំ​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រួចមក រដ្ឋបាលខេត្ត បានចាត់វិធានការនានាដើម្បីអនុវត្តនូវ​បទបញ្ជាក៏ដូចជាគោលការណ៍ដឹកនាំ ដែលជាលទ្ធផលសម្រេចបានដូចខាងក្រោម៖

១-អំពីស្ថានភាពភូមិសាស្ត្រ និងការប្រើប្រាស់ដីតំបន់ព្រៃលិចទឹក

១.១-អំពីស្ថានភាពភូមិសាស្ត្រ

ខេត្តកំពង់ធំមានចំនួន ០៩ក្រុង-ស្រុក ៨១ឃុំសង្កាត់ ៧៦៧ភូមិ ប៉ះពាល់ដីព្រៃលិចទឹកមានចំនួន ០៦ក្រុង-ស្រុក មាន១៩ឃុំ-សង្កាត់ មានផ្ទៃដីទំហំ ១៣២.០៨១ហិកតា។ ផ្អែកតាមអនុក្រឹត្យលេខ១៩៧  អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ រាជរដ្ឋាភិបាលបានសម្រេចប្រគល់ជូនខេត្តចំនួន ០៦ជុំវិញ      បឹងទន្លេសាប ក្នុងការទទួលខុសត្រូវលើការគ្រប់គ្រងការការពារ និងការថែទាំដែនព្រៃលិចទឹក និងព្រៃលិចទឹក ដែលមានផ្ទៃដីទំហំ ៦៤៧.៤០៦ហិកតា រួមមានចំនួន ៨០២ចំណុច ក្នុងនោះភូមិសាស្ត្រខេត្តកំពង់ធំមានទំហំ ១៣២.០៨១ហិកតា ស្មើនឹង ២០,៤០%នៃផ្ទៃដីព្រៃលិចទឹកសរុប និងមាននិយាមកាចំនួន ១៣២ចំណុច ក្នុងនោះ ស្រុកស្ទោងមានចំនួន ៦២ចំណុច ស្រុកកំពង់ស្វាយមានចំនួន ២២ចំណុច ក្រុងស្ទឹងសែនមានចំនួន ១៧ចំណុច ស្រុកសន្ទុកមានចំនួន ០៨ចំណុច ស្រុកបារាយណ៍មានចំនួន ១១ចំណុច និងស្រុកតាំងគោកមានចំនួន ១២ចំណុច។ អាជ្ញាធរទន្លេសាបចុះបោះបង្គោលតាមនិយាមកាទាំង ១៣២ចំណុច និងត្រូវបានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បោះបង្គោលជាលក្ខណៈត្រីកោណកម្ពស់ ៨ម៉ែត្រ។ គិតត្រឹមចុងឆ្នាំ២០២១ រដ្ឋបាលជលផលបោះបង្គោលបានចំនួន ១០៤បង្គោល ក្នុងនោះស្រុកស្ទោងបចំនួន ៦២បង្គោល ស្រុកកំពង់ស្វាយចំនួន ២២បង្គោល ក្រុងស្ទឹងសែនចំនួន ១៧បង្គោល ស្រុកសន្ទុកចំនួន ០៣បង្គោល ខ្វះចំនួន ​០៥បង្គោល ចំណែកឯស្រុកបារាយណ៍ និងស្រុកតាំងគោកមិនទាន់បានបោះបង្គោលនៅឡើយ។

១.២-អំពីការកំណត់តំបន់១,២,៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

  • តំបន់១៖ ជាតំបន់ដែលចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងចន្លោះពី ០៤គីឡូម៉ែត្រទៅ ១២គីឡូម៉ែត្រ គិតចេញពីផ្លូវជាតិលេខ៦ មានទំហំ ៧១.៩០៧ហិកតា។
  • តំបន់២៖ ជាតំបន់ដែលនៅចន្លោះខ្សែបន្ទាត់តំបន់២   ទៅខ្សែបន្ទាត់តំបន់៣   ពុំអាចចុះបញ្ជី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបាន ប៉ុន្តែប្រជាពលរដ្ឋមាន​សិទ្ធិប្រើប្រាស់អាស្រ័យផល មានទំហំ ១០៥.០៩៦ហិកតា។
  • តំបន់៣៖ ជាតំបន់ចន្លោះពីខ្សែបន្ទាត់តំបន់៣ រហូតដល់មាត់បឹងទន្លេសាប ដែលជាតំបន់ហាមឃាត់មានទំហំ ១៣២.០៨១ហិកតា។ បច្ចុប្បន្នត្រូវបានប្រជាពលរដ្ឋ​ចូលទន្ទ្រានកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលអស់មួយចំនួន។ ក្នុងផ្ទៃដីទំហំ ១៣២.០៨១ហិកតា មានស្ទឹង បឹង អូរធម្មជាតិ ទំហំប្រហែល ១៧.០០០ហិកតា។

១.៣-អំពីស្ថានភាពប្រើប្រាស់ដី

កន្លងមកដីព្រៃលិចទឹកនេះ ប្រជាពលរដ្ឋបានប្រើប្រាស់អាស្រ័យផលមុនរាជរដ្ឋាភិបាលកំណត់ តំបន់១,២,៣ ប៉ុន្តែនៅពេលរាជរដ្ឋាភិបាលចេញបទបញ្ជាលេខ ០១បប ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១០ និងអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ប្រជាពលរដ្ឋមួយចំនួនបានបោះបង់ការប្រើប្រាស់អាស្រ័យផល ហើយប្រជាពលរដ្ឋមួយចំនួនទៀតនៅតែបន្តការប្រើប្រាស់អាស្រ័យផល។ ក្រោយពី សម្តេចតេជោ ប្រកាសឆ្វៀលនៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក (អតីតស្រុកបារាយណ៍) កាលពី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១១ ប្រជាពលរដ្ឋបាននាំគ្នាចូលទៅប្រើប្រាស់អាស្រ័យផលវិញ។ ចាប់ពីឆ្នាំ២០១២ ដល់បច្ចុប្បន្នមានការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកនេះមានទំហំកាន់តែធំ ដែលធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិបឹងទន្លេសាប។

២-អំពីវិធានការរបស់រដ្ឋបាលខេត្ត

២.១-អំពីវិធានការអនុវត្តកន្លងមក

កន្លងមកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានប្រើប្រាស់កម្លាំងល្បាតជាប្រចាំក្នុងតំបន់៣ ដើម្បីអនុវត្តវិធានការច្បាប់ ដោយមិនអនុញ្ញាតឲ្យមានការឈូសឆាយទន្ទ្រានយកដីអាស្រ័យផលក្នុងតំបន់៣។ការអនុវត្តវិធានការច្បាប់នេះគិតពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ជំនាញខណ្ឌរដ្ឋបាលជលផល សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព ក្រុង-ស្រុក បង្ក្រាបបានចំនួន ៤៨ករណី លើ០៦ក្រុង-ស្រុក ១៥ឃុំ-សង្កាត់ ៤៨ទីតាំង ប្រជាពលរដ្ឋចំនួន ៧៨នាក់ ផ្ទៃដីទំហំ ២.៤៤៦,០០១ហិកតា ក្នុងនោះ ៖

  • ការទន្ទ្រានកាន់កាប់ដីតំបន់២ មានចំនួន ០៨ទីតាំង ០៤ឃុំ មានប្រជាពលរដ្ឋ ចំនួន ១០នាក់ ផ្ទៃដីទំហំ ១៧២ហិកតា ក្នុងនោះ ៖

+ឆ្នាំ២០១៩ មានចំនួន ០២ស្រុក ០២ឃុំ ស្មើនឹង ០២ទីតាំង ប្រជាពលរដ្ឋ (អញ្ញាតជន) ផ្ទៃដីទំហំ ១៣០ហិកតា ក្នុងនោះ៖

-ស្រុកស្ទោង  ឃុំចំណារក្រោម    មានចំនួន   ០១ទីតាំង     ប្រជាពលរដ្ឋ(អញ្ញាតជន) ផ្ទៃដីទំហំ ១២០ហិកតា។

-ស្រុកកំពង់ស្វាយ ឃុំសាន់គរ មានចំនួន ០១ទីតាំង ប្រជាពលរដ្ឋ (អញ្ញាតជន) ផ្ទៃដីទំហំ ១០ហិកតា។

+ឆ្នាំ២០២០ មានចំនួន ០២ស្រុក ០២ឃុំ ស្មើនឹង ០៣ទីតាំង ប្រជាពលរដ្ឋ ចំនួន ០៥នាក់ មានផ្ទៃដីទំហំ ២២ហិកតា ក្នុងនោះ ៖

-ស្រុកកំពង់ស្វាយ ឃុំកំពង់គោ មានចំនួន ០២ទីតាំង ប្រជាពលរដ្ឋចំនួន ០២នាក់ ផ្ទៃដីទំហំ ០៤ហិកតា។

-ស្រុកតាំងគោក ឃុំពង្រ មានចំនួន ០១ទីតាំង ប្រជាពលរដ្ឋចំនួន ០៣នាក់ ផ្ទៃដីទំហំ ១៨ហិកតា។

+ឆ្នាំ២០២១ មានស្រុកកំពង់ស្វាយ ចំនួន ០២ឃុំ ០៣ទីតាំង ប្រជាពលរដ្ឋ ចំនួន ០៥នាក់ ផ្ទៃដីទំហំ ២០ហិកតា។

  • ការទន្ទ្រានកាន់កាប់ដីតំបន់៣ មានចំនួន ៤០ទីតាំង ១១ឃុំសង្កាត់ មាន ប្រជាពលរដ្ឋ ចំនួន ៦៨នាក់ ផ្ទៃដីទំហំ ២.២៧៤,០០១ហិកតា ក្នុងនោះ ៖

+ឆ្នាំ២០១៩ មានចំនួន ០២ស្រុក ០៥ឃុំ ១៥ទីតាំង ប្រជាពលរដ្ឋចំនួន ១៦នាក់ ផ្ទៃដីសរុប ៨៨៨,១៦៥ហិកតា ក្នុងនោះ ៖

-ស្រុកស្ទោង មានចំនួន ០២ឃុំ ០៣ទីតាំង ប្រជាពលរដ្ឋ(អញ្ញាតជន)មានផ្ទៃដីទំហំ ៥៩៦,២៨ហិកតា។

-ស្រុកកំពង់ស្វាយ មានចំនួន ០៣ឃុំ ១២ទីតាំង ប្រជាពលរដ្ឋចំនួន ១៦នាក់ មានផ្ទៃដីទំហំ ២៩១,៨៨៥ហិកតា។

+ឆ្នាំ២០២០ ​មានចំនួន ០៤ស្រុក ០៥ឃុំ ០៩ទីតាំង ប្រជាពលរដ្ឋ ០៨នាក់ មានផ្ទៃដីសរុប ១៥៤,៥០ហិកតា ក្នុងនោះ ៖

-ស្រុកបារាយណ៍ មានចំនួន ០១ឃុំ ០១ទីតាំង ប្រជាពលរដ្ឋចំនួន ០១នាក់ មានផ្ទៃដីទំហំ ០១ហិកតា។

-ក្រុងស្ទឹងសែន មានចំនួន ០១សង្កាត់ ០២ទីតាំង ប្រជាពលរដ្ឋចំនួន ០៤នាក់ មានផ្ទៃដីទំហំ ៦០ហិកតា។

-ស្រុកកំពង់ស្វាយ មានចំនួន ០២ឃុំ ០៥ទីតាំង ប្រជាពលរដ្ឋចំនួន   ០២នាក់ មានផ្ទៃដីទំហំ ៨៧,៥០ហិកតា។

-ស្រុកសន្ទុក មានចំនួន ០១ឃុំ ០១ទីតាំង ប្រជាពលរដ្ឋមានចំនួន      ០១នាក់ មានផ្ទៃដីទំហំ ០៦ហិកតា។

+ឆ្នាំ២០២១៖ មានចំនួន ០៤ក្រុង-ស្រុក ០៦ឃុំ-សង្កាត់ ១៦ទីតាំង ប្រជាពលរដ្ឋ ចំនួន ៤៤នាក់ មានផ្ទៃដីសរុប ១.២៣១,៣៣៦ហិកតា ក្នុងនោះ ៖

-ស្រុកតាំងគោក មានចំនួន ០១ឃុំ ០១ទីតាំង ប្រជាពលរដ្ឋ ០២នាក់ មានផ្ទៃដីទំហំ ០១ហិកតា។

-ក្រុងស្ទឹងសែន មានចំនួន ០១សង្កាត់ ០២ទីតាំង ប្រជាពលរដ្ឋ ០៧នាក់ មានផ្ទៃដីទំហំ ២៩០,១៤ហិកតា។

-ស្រុកកំពង់ស្វាយ មានចំនួន ០២ឃុំ ០៨ទីតាំង ប្រជាពលរដ្ឋ ១២នាក់ មានផ្ទៃដីទំហំ ៨០៧,០៩៦ហិកតា។

-ស្រុកស្ទោង មានចំនួន ០២ឃុំ ០៥ទីតាំង ប្រជាពលរដ្ឋ ២៣នាក់  មានផ្ទៃដីទំហំ ១៣៣,១ហិកតា។

  • ក្នុងសំណុំរឿង ៤៨ករណីនេះ​ សំណុំរឿងអញ្ញាតជន ២០ករណី សំណុំរឿងមាន អត្តសញ្ញាណជនល្មើស ២៨ករណី។ ហើយតុលាការបានតំកល់រឿងមិនចាត់ការ ១២ករណី កំពុងចាត់ការ ៣៦ករណី (ជំនុំជំរះ ០៨ករណី)។

២.២-អំពីវិធានការក្រោយទទួលបទបញ្ជា

ការអនុវត្តបទបញ្ជារបស់ សម្តេចតេជោ និងគោលការណ៍ដឹកនាំរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋបាលខេត្ត បានចាត់តាំងក្រុមការងារចំនួន ០៣ក្រុម ឲ្យទទួលបន្ទុកតាមបណ្តាក្រុង-ស្រុក ទាំង០៦ ដើម្បីចុះត្រួតពិនិត្យ ស្រង់ទិន្នន័យការប្រើប្រាស់ដីក្នុងតំបន់៣ របស់ប្រជាពលរដ្ឋ និងចុះស្រាវជ្រាវ  បង្ក្រាបការទន្រ្ទានដី ព្រៃលិចទឹក។ ការប្រើវិធានការរដ្ឋបាលផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋសម្រេចចិត្តអនុវត្តបទបញ្ជារបស់ សម្តេចតេជោ ដោយប្រគល់ដីដែលបាននឹងកំពុងអាស្រ័យផលក្នុងតំបន់៣ ជូនរដ្ឋទាំងអស់ដោយគ្មានលក្ខខណ្ឌអ្វីឡើយ។

២.២.១-ការប្រគល់ដីជូនរដ្ឋវិញ

គិតត្រឹមថ្ងៃទី០១​ ខែកុម្ភៈ ឆ្នាំ២០២២ មានប្រជាពលរដ្ឋចំនួន ២.៦៥១គ្រួសារ ដែលមានផ្ទៃដី ទំហំ ១៣.១៣៤,៣៥ហិកតា (ដីតំបន់៣) បានប្រគល់ដីជូនរដ្ឋក្នុងនោះ៖

  • ស្រុកតាំងគោក       មានចំនួន ៥១គ្រួសារ ផ្ទៃដីទំហំ ៤២៤​,៨៨ហិកតា
  • ស្រុកបារាយណ៍      មានចំនួន ១៥៨គ្រួសារ        ផ្ទៃដីទំហំ ៨៣៣,២៥ហិកត
  • ស្រុកសន្ទុក               មានចំនួន ១៦៦គ្រួសារ           ផ្ទៃដីទំហំ ២.២២៣,៤ហិកតា
  • ក្រុងស្ទឹងសែន           មានចំនួន ៤៤គ្រួសារ             ផ្ទៃដីទំហំ ២.០៦១,០២ហិកតា
  • ស្រុកកំពង់ស្វាយ       មានចំនួន ២១៦គ្រួសារ            ផ្ទៃដីទំហំ ១.៧៣២,៧ហិកតា
  • ស្រុកស្ទោង           មានចំនួន២.០១៦គ្រួសារ     ផ្ទៃដីទំហំ ៥.៨៥៩,១​ហិកតា។

២.២.២-អំពីលទ្ធផលវាស់វែងទីតាំងអាស្រ័យផល ដីព្រៃលិចទឹកតំបន់ជុំវិញបឹងទន្លេសាប

គិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារវាស់វែងដី ទន្រ្ទានព្រៃលិចទឹកបឹងទន្លេសាបមានទំហំសរុប ៥១.៨៨៨,៩៥ហិកតា ស្មើនឹង១.៨១៨ក្បាលដី ក្នុងនោះ

  • ស្រុកតាំងគោក       មានផ្ទៃដីទំហំ ១០.១៩៧,៣១ហិកតា ស្មើនឹង ៨៤ក្បាលដី
  • ស្រុកបារាយណ៍      មានផ្ទៃដីទំហំ ១.៤៣៥,៧២ហិកតា ស្មើនឹង ៩៧ក្បាលដី
  • ស្រុកសន្ទុក            មានផ្ទៃដីទំហំ ៨.៧៥៧,៨៣ហិកតា  ស្មើនឹង ១០៩ក្បាលដ
  • ក្រុងស្ទឹងសែន        មានផ្ទៃដីទំហំ ៣.៥៤២,៥២ហិកតា​ ស្មើនឹង ១១២ក្បាលដី
  • ស្រុកកំពង់ស្វាយ       មានផ្ទៃដីទំហំ ១៦.៥៣៤,៨៦ហិកតា ស្មើនឹង ១.៣០៣ក្បាលដី
  • ស្រុកស្ទោង           មានផ្ទៃដីទំហំ ១១.៤២០,៧១ហិកតា ស្មើនឹង១១៣ក្បាលដី។

ក្នុងផ្ទៃដីទំហំ៥១.៨៨៨,៩៥ហិកតា នេះក្រុមការងារមិនទាន់បានកាត់ឆ្វៀលដីដែល សម្តេចតេជោ ប្រកាសឆ្វៀលជូនប្រជាពលរដ្ឋចំនួន ០៣ស្រុក ០៤ឃុំ ដែលមានផ្ទៃដីទំហំ ៩.០៩៧ហិកតា។

២.២.៣-ស្ថិតិប្រជាពលរដ្ឋដែលបានប្រើប្រាស់អាស្រ័យផលដីតំបន់៣

គិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុង ស្រុក ចុះស្រង់ទិន្នន័យប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផលដីតំបន់៣ មានប្រជាពលរដ្ឋចំនួន ៦.១០១គ្រួសារ ផ្ទៃដីសរុបទំហំ ៣២.៥៦៤,៦៧ហិកតា ក្នុងនោះ៖

  • ស្រុកតាំងគោក       មានចំនួន ២.២៨២គ្រួសារ    ផ្ទៃដីទំហំ ៧.៧៥៤ហិកតា
  • ស្រុកបារាយណ៍      មានចំនួន ១២៣គ្រួសារ       ផ្ទៃដីទំហំ ៦៧៩,១០ហិកតា
  • ស្រុកសន្ទុក           មានចំនួន ៦២៧គ្រួសារ       ផ្ទៃដីទំហំ ៤.៩១២,៣៨ហិកតា
  • ក្រុងស្ទឹងសែន        មានចំនួន ៦៣គ្រួសារ           ផ្ទៃដីទំហំ ៧៩៣,៧ហិកតា
  • ស្រុកកំពង់ស្វាយ    មានចំនួន ១.៣២៥គ្រួសារ    ផ្ទៃដីទំហំ ១៤.០៦៧,៧៥ហិកតា
  • ស្រុកស្ទោង            មានចំនួន ១.៦៨១គ្រួសារ    ផ្ទៃដីទំហំ ៤.៣៥៧,៧៤ហិកតា។

២.២.៤-អំពីការស្តារព្រៃលិចទឹកឡើងវិញ

គិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ បានដាំដើមឈើ និងគ្រាប់ត្នោត បានចំនួន ៥៧.៤៥៨ ដើម/គ្រាប់ ស្មើនឹង ៦៤,១ហិកតា និងនៅលើខ្សែបន្ទាន់តំបន់ ៣បានប្រវែង ៦៦.៦៦៥ម៉ែត្រ ក្នុងនោះ ៖

  • ស្រុកតាំងគោក ដាំបានចំនួន ១.៤៦០ដើម/គ្រាប់ និងនៅលើខ្សែបន្ទាត់តំបន់៣ ប្រវែង ៣.៧៥៩ម៉ែត្រ។
  • ស្រុកបារាយណ៍ ដាំបានចំនួន ៦.៥៦០ដើម/គ្រាប់ ទំហំ៥,៦ហិកតា  និងនៅលើខ្សែបន្ទាត់តំបន់៣ ប្រវែង ៦.៥៧៦ម៉ែត្រ។
  • ស្រុកសន្ទុក ដាំបានចំនួន២.៥២៨ដើម/គ្រាប់ និងនៅលើខ្សែបន្ទាត់តំបន់៣ ប្រវែង៧.៨០០ម៉ែត្រ។
  • ក្រុងស្ទឹងសែន ដាំបានចំនួន ៦.៩៤៨ដើម/គ្រាប់ ទំហំ ០៤ហិកតា និងនៅលើខ្សែបន្ទាត់តំបន់៣ ប្រវែង ៣.៩៤៣ម៉ែត្រ។
  • ស្រុកកំពង់ស្វាយ ដាំបានចំនួន ១៦.០៥៥ដើម/គ្រាប់ ទំហំ ០៦ហិកតា និងនៅលើខ្សែបន្ទាត់តំបន់៣ ប្រវែង ១៨.៤១៥ម៉ែត្រ។
  • ស្រុកស្ទោង ដាំបានចំនួន ២៣.៩០៧ដើម/គ្រាប់ ទំហំ ៤៨,៥ហិកតា និងនៅលើខ្សែបន្ទាត់តំបន់៣ ប្រវែង ២៦.១៧២ម៉ែត្រ។

២.២.៥-អំពីការលើកផ្លាកហាមចូលកាប់ព្រៃ និងទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់៣

គិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ លើកផ្លាកបានចំនួន ៦០ផ្លាក ក្នុងនោះ ៖

  • ស្រុកតាំងគោក       លើកបានចំនួន ១៣ផ្លាក
  • ស្រុកបារាយណ៍      លើកបានចំនួន ០៦ផ្លាក
  • ស្រុកសន្ទុក           លើកបានចំនួន ០៧ផ្លាក
  • ក្រុងស្ទឹងសែន        លើកបានចំនួន ០៥ផ្លាក
  • ស្រុកកំពង់ស្វាយ    លើកបានចំនួន ១២ផ្លាក
  • ស្រុកស្ទោង            លើកបានចំនួន ១៧ផ្លាក។

២.២.៦-អំពីលទ្ធផលនៃការបង្ក្រាបដីព្រៃលិចទឹកនៅតំបន់៣

ក្រោយពីទទួលបទបញ្ជា រហូតមកដល់ថ្ងៃទី០១​​ ខែកុម្ភៈ ឆ្នាំ២០២២នេះកម្លាំងគណៈបញ្ជាការ ឯកភាពខេត្ត បានបង្ក្រាបបទល្មើសបានចំនួន ០៤ករណី នៅស្រុកកំពង់ស្វាយ មានផ្ទៃដីទំហំ ១៣៦,៧៣ហិកតា បញ្ជូនទៅស្ថាប័នអយ្យកាដើម្បីចាត់ការតាមនីតិវិធី។

២.២.៧-ការចុះត្រួតពិនិត្យបង្គោលតំបន់៣

+មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សហការជាមួយអាជ្ញាធរទន្លេសាបបានចុះត្រួតពិនិត្យបង្គោលតំបន់៣ ដែលជាលទ្ធផលសម្រេចបានចំនួន ១៣២បង្គោល ក្នុងនោះ ៖

-បង្គោលទ្រេត                   មានចំនួន ១៨បង្គោល

-បង្គោលបាត់                    មានចំនួន ៥៧បង្គោល

-បង្គោលខុសទីតាំង            មានចំនួន ០៨បង្គោល

-បង្គោលឈរត្រង់               មានចំនួន ២៤បង្គោល​

-បង្គោលដួល                    មានចំនួន ១៥បង្គោល

-បង្គោលមិនបានបោះ         មានចំនួន ០៩បង្គោល

-បង្គោលលិចទឹកមើលមិនឃើញ មានចំនួន ០១បង្គោល។

+ចំពោះបង្គោលដែលបានបាត់ និងមិនបានបោះត្រូវបានមន្ទីរធនធានទឹក និងឧតុនិមយខេត្ត សហការជាមួយអាជ្ញធរទន្លេសាប បានចុះបោះបង្គោលឡើងវិញរួចហើយ។

+មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានតម្លើងស្លាកសញ្ញាផែនទីតំបន់៣ បានចំនួន  ១៣ស្លាក ក្នុងនោះ ក្រុងស្ទឹងសែនចំនួន ០២ស្លាក ស្រុកតាំងគោកចំនួន ០២ស្លាក ស្រុកបារាយណ៍ចំនួន        ០១ស្លាក ស្រុកសន្ទុកចំនួន ០១ស្លាក ស្រុកកំពង់ស្វាយចំនួន ០៣ស្លាក និងស្រុកស្ទោងចំនួន ០៤ស្លាក។

៣-ការចុះពិនិត្យ​និងស្រាវជ្រាវការប្រើប្រាស់ដីតំបន់៣

៣.១-ការប្រើប្រាស់អាងទឹក

តាមការស្រាវជ្រាវ ពិនិត្យឃើញថាមានអាងទឹកចំនួន ៣២អាង មានទំហំ ៤.៦៥១ហិកតា កំពុងធ្វើអាជីវកម្មស្រោចស្រពលើដីស្រែរាប់សិបហិកតាក្នុងនោះមាន ៖

  • ស្រុកតាំងគោកមានចំនួន           ១០អាង        ផ្ទៃដីទំហំ ១.៧០១ហិកតា
  • ស្រុកបារាយណ៍មានចំនួន          ០១អាង        ផ្ទៃដីទំហំ ២៧ហិកតា
  • ក្រុងស្ទឹងសែនមានចំនួន           ០៨អាង        ផ្ទៃដីទំហំ ៨៦៩ហិកតា
  • ស្រុកកំពង់ស្វាយមានចំនួន         ០៥អាង        ផ្ទៃដីទំហំ ១.១១១ហិកតា
  • ស្រុកស្ទោង​មានចំនួន                ០៨អាង        ផ្ទៃដីទំហំ ៩៤៣ហិកតា។

៣.២-ការប្រើប្រាស់ប្រឡាយទឹក

តាមការស្រាវជ្រាវ ពិនិត្យឃើញថាមានប្រឡាយទឹកចំនួន ០២ខ្សែ ប្រវែង ២២.៦០២ម៉ែត្រ កំពុងធ្វើអាជីវកម្មស្រោចស្រពលើដីស្រែរាប់សិបហិកតាក្នុងនោះមាន ៖

  • ប្រឡាយទឹកព្រះស្នែង ស្ថិតក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ អតីតម្ចាស់ឈ្មោះលោកស្រី ប៉េង ចន្ធី បានផ្ទេរឲ្យលោក ហង្ស សុគន្ធ បច្ចុប្បន្នលោក ហង្ស សុគន្ធ គ្រប់គ្រង ប្រវែង ៦.៣៩៩ម៉ែត្រ។
  • ប្រឡាយទឹកព្រះគន្លង ស្ថិតក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ មានលោក សុខ មុន្នី គ្រប់គ្រង បច្ចុប្បន្នការគ្រប់គ្រងប្រឡាយនេះរួមគ្នាគឺលោក ហង្ស សុគន្ធ និងលោក សុខ មុន្នី  ប្រវែង១៦.២០៣ម៉ែត្រ។

៤-អំពីលទ្ធផលនៃការអនុវត្តលិខិតលេខ ៧០៥ ស.ជ.ណ ចុះថ្ងៃទី០៣/១២/២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី

ក្រោយពីរាជរដ្ឋាភិបាលចេញលិខិតលេខ ៧០៥ ស.ជ.ណ ចុះថ្ងៃទី០៣/១២/២០២១ ​រដ្ឋបាលខេត្ត បានពង្រឹងយន្តការគ្រប់គ្រងដឹកនាំ ដែលជាលទ្ធផលសម្រេចបានដូចខាងក្រោម៖

១-គណៈបញ្ជាការឯកភាពរខេត្ត បានប្រើប្រាស់វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីការពារ និងបង្ក្រាបបទល្មើសនានា ដែលកើតឡើងក្នុងតំបន់ព្រៃលិចទឹក ក្នុងភូមិសាស្ត្រខេត្ត ជាក់ស្តែង បង្ក្រាបបាន ០៤ករណី កសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យកាដើម្បចាត់ការតាមនីតិវិធី។

២-បានប្រជុំចង្អៀតជាមួយ ឯកឧត្តមប្រធានសាលាដំបូង, ព្រះរាជអាជ្ញា និងកម្លាំងទាំង៣ ដើម្បីជំរុញការជំនុំជំរះសំណុំរឿងដែលនៅសេសសល់ និងពង្រឹងវិធានការអនុវត្ត ស.ជ.ណ របស់រាជរដ្ឋាភិបាល ព្រមទាំងធ្វើលិខិតជូន ឯកឧត្តមប្រធានសាលាដំបូង ដើម្បីឲ្យបញ្ជាក់លើទីតាំងដីឈូសឆាយ ដែលតុលាការមិនបានសម្រេចក្នុងសាលក្រម។

៣-បានរៀបចំសំណើ របាយការណ៍ ផែនទី ក្នុងការកែសម្រួលព្រំប្រទល់ដីតំបន់២ ស្នើសុំមកតំបន់១ ក្នុងភូមិសាស្រខេត្តកំពង់ធំ ទៅក្រសួងធនធានទឹក និងឧតុនិយម ក្នុងនោះ៖

+ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធមានចំនួន ១១.៦២៥ក្បាលដី ស្មើនឹង ៤.៧០១គ្រួសារក្នុងនោះ ដីកសិកម្ម ១០.២៤៩ក្បាលដី, ដីលំនៅដ្ឋាន ៨៨៤ក្បាលដី និងដីផ្សេងៗ ៤៩២ក្បាលដី, ផ្ទៃដីសរុប ទំហំ ៧.៧៦៥,៦២ហិកតា លើ ០៤ក្រុង-ស្រុក ស្មើ០៧ឃុំ-សង្កាត់(១៨ភូមិ)។

+ការស្នើសុំឆ្វៀលដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋពីតំបន់២ មកតំបន់១ មានផ្ទៃដីទំហំ ២.២៤៨,៥៤ហិកតា ប្រជាពលរដ្ឋចំនួន ៤.៤៤៣គ្រួសារ លើ ០៤ស្រុក ស្មើនឹង ០៦ឃុំ (១៨ភូមិ) ។

៥-អំពីទីតាំងដីដែល សម្តេចតេជោ ប្រកាសឆ្វៀល ជូនប្រជាពលរដ្ឋ

+នៅថ្ងៃទី១៩/០៥/២០១១ សម្តេចតេជោ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ដោយបានប្រកាសឆ្វៀលដីជូនប្រជាពលរដ្ឋចំនួន ០៣ស្រុក  ០៤ឃុំ មាន

ទំហំ ៩.០៩៧ហិកតា ក្នុងនោះ ៖

-ស្រុកតាំងគោក ឃុំស្រឡៅ ចំនួន ៣.១៥២ហិកតា

-ស្រុកកំពង់ស្វាយ ឃុំផាត់សណ្តាយ ចំនួន ១.៦៦៥ហិកតា និងឃុំកំពង់គោ ចំនួន២.៧៩៥ហិកតា

-ស្រុកស្ទោង ឃុំពាមបាង ចំនួន ១.៤៨៥ហិកតា។

  • បន្ថែមផ្ទៃដី ១០% ទៀតដែលដីនេះជាតំបន់ទ្រនាប់ដែលត្រូវការពារដាំដុះព្រៃលិចទឹកឡើងវិញ ហើយ សហគមន៍ត្រូវថែទាំរួមគ្នា ដាំព្រៃលិចទឹកដោយគ្មានការលក់ដូរអ្វីឡើយ។

+ក្រុមការងារខេត្តបានចុះពិនិត្យ ស្រាវជ្រាវ និងផ្ទាងផ្ទាត់ទីតាំងដីដែល សម្តេចតេជោ ប្រកាសឆ្វៀលជូនប្រជាពលរដ្ឋ ជាលទ្ធផលពិនិត្យឃើញថាមិនអាចអនុវត្តបានពេញលេញដោយហេតុថា៖

១-ផ្ទៃដីដែល សម្តេចតេជោ ប្រកាសឆ្វៀលជូនប្រជាពលរដ្ឋមានទំហំ ៩.០៩៧ហិកតា ហើយទិន្នន័យផែនទីដែលរដ្ឋបាលខេត្តបានទទួលពីអាជ្ញាធរទន្លេសាប និងទីតាំងដីដែលក្រុមការងារអាជ្ញាធរទន្លេសាប ចុះឃ្លុំឆ្វៀលដី និងបោះបង្គោលព្រំជូនប្រជាពលរដ្ឋ មានទិន្នន័យ និងទីតាំងដីខុសគ្នា។

២-ចំពោះទីតាំងដីដែល សម្តេចតេជោ ប្រកាសឆ្វៀលជូនប្រជាពលរដ្ឋ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ក្រុមការងារអាជ្ញាធរទន្លេសាប មិនបានចុះឃ្លុំឆ្វៀលដី និងបោះបង្គោលព្រំជូនប្រជាពលរដ្ឋទេ។

៣-ទីតាំងដីមួយចំនួនដែល សម្តេចតេជោ ប្រកាសឆ្វៀលជូនប្រជាពលរដ្ឋ ស្ថានភាពមានព្រៃ និងជាប់មាត់ទន្លេ។

៤-លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ តំបន់គោកត្របែក ទួលតាមុំ ស្ថិតនៅក្នុងភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក មិនស្ថិតក្នុងតំបន់ដែលត្រូវកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនោះទេ។

៦-អំពីបញ្ហាប្រឈម

១-តំបន់មួយចំនួនប្រជាពលរដ្ឋបានរស់នៅ និងអាស្រ័យផលតាំងពីមុនរាជរដ្ឋាភិបាលកំណត់តំបន់១,២,៣ និងមុនចេញអនុក្រឹត្យលេខ  ១៩៧ អនក្រ.បក  ចុះថ្ងៃទី២៩  ខែសីហា ឆ្នាំ២០១១ មកម្ល៉េះ។

២-ប្រជាពលរដ្ឋមួយចំនួនមិនព្រមប្រគល់ដីជូនរដ្ឋទោះបីជាអាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ បានប្រជុំផ្សព្វផ្សាយ និងជំរុញយ៉ាងណាក៏ដោយ។

៣-ទីតាំងដីដែល សម្តេចតេជោ ប្រកាសឆ្វៀលជូនប្រជាពលរដ្ឋ មិនមានផែនទីណាមួយដើម្បីឲ្យ         រដ្ឋបាលខេត្ត យកជាមូលដ្ឋានក្នុងការអនុវត្តឲ្យបានពេញលេញ។

៤-ទីតាំងស្នើសុំឆ្វៀលមានស្ថានភាពព្រៃ  ជាប់មាត់ទន្លេ មិនអំណោយផលដល់ការអាស្រ័យផលស្រែប្រាំង (ឃុំពាមបាង ស្រុកស្ទោង)។

៥-ស្ថិតិប្រជាពលរដ្ឋស្នើសុំឆ្វៀល និងមុខសញ្ញាទទួលដី មិនស្របតាមខ្លឹមសារលិខិតលេខ ១០៤៤   ស.ជ.ណ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ និងលេខ ១០០៣ ស.ជ.ណ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

៦-ការបោះបង្គោលព្រំដីកំណត់តំបន់៣ មានគម្លាតឆ្ងាយពីបង្គោលមួយទៅបង្គោលមួយ ដែលពិបាកក្នុងការគ្រប់គ្រង។

៧-អំពីទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្ត

១-បន្តចាត់តាំងឲ្យមានក្រុមល្បាតដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីការពារ​ និងបង្ក្រាបបទល្មើសនានា ដែលកើតក្នុងតំបន់ព្រៃលិចទឹកបឹងទន្លេសាបភូមិសាស្ត្រខេត្ត។

២-ជំរុញឲ្យរដ្ឋបាល ឃុំ-សង្កាត់ ក្រុង-ស្រុក បន្តផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋប្រគល់ដីជូនរដ្ឋ និងស្រង់ស្ថិតិ ប្រជាពលរដ្ឋដែលបានកាន់កាប់ប្រើប្រាស់អាស្រ័យផលដីតំបន់៣។​

៣-ក្រុមការងារខេត្ត បន្តចុះស្រាវជាវស្រង់ស្ថិតិប្រជាពលរដ្ឋដែលត្រូវទទួលដី និងវាស់វវែងដីដែល សម្តេចតេជោ ប្រកាសឆ្វៀលជូនប្រជាពលរដ្ឋ  ឲ្យស្របតាមស្មារតីលិខិតលេខ ១០៤៤ ស.ជ.ណ ចុះថ្ងៃទី២២ ខែកក្កដា

ឆ្នាំ២០១៤ និងលេខ ១០០៣ ស.ជ.ណ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

៤-រៀបចំកិច្ចប្រជុំជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ចំពោះដីដែល សម្តេចតេជោ ប្រកាសឆ្វៀលជូន     ប្រជាពលរដ្ឋ ដើម្បីកំណត់ឲ្យច្បាស់អំពីទំហំ ទីតាំងឆ្វៀល និងមុខសញ្ញាប្រជាពលរដ្ឋដែលត្រូវទទួលបានដី។

៥-ជំរុញឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយ រដ្ឋបាលក្រុង-ស្រុក បន្តការដាំកូនឈើឡើងវិញតាមខ្សែបន្ទាត់តំបន់៣ និងរៀបចំផែនការដាំកូនឈើជាយុទ្ធសាស្ត្រ ក្នុងតំបន់ព្រៃលិចទឹក ០១ឆ្នាំ ឲ្យបានចំនួន ១០ម៉ឺនដើម។

៦-ជំរុញឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយរដ្ឋបាល ក្រុង-ស្រុក  រៀបចំចុះបញ្ជីដីរដ្ឋ (ដីតំបន់៣) តាមសំណើរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្របតាមគោលការណ៍ណែនាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

Related Post