(រដ្ឋបាលខេត្តកំពង់ធំ)៖ ផ្អែកតាមប្រតិទិនរបស់ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សា និងឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត នៅសាលាប្រជុំសាលាខេត្តកំពង់ធំ។
នៅក្នុងកិច្ចប្រជុំនេះ លោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលសាលាខេត្ត បានរាយការណ៍អំពីអវត្តមានរបស់ក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត បន្ទាប់មក ឯកឧត្តម ដៀប ពីរី មានមតិស្វាគមន៍បើកអង្គពិធីនៃកិច្ចប្រជុំ ដោយបានលើកយកនូវរបៀបវារៈចំនួន ០៥ ដើម្បីដាក់ជូន អង្គពិធីធ្វើការពិនិត្យ និងអនុម័តដោយការលើកដៃ។
រៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១. ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៥៤ របស់ក្រុមប្រឹក្សាខេត្ត
២. ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ ធ្នូ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត
៣. ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត
៤. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ធំ
៥. បញ្ហាផ្សេងៗ។
បន្ទាប់ពីការពិនិត្យ និងអនុម័តនៃរបៀបវារៈកិច្ចប្រជុំរួចមក ឯកឧត្តម ដៀប ពីរី ស្នើដល់អាជ្ញាធរពាក់ព័ន្ធ រៀបចំសោភ័ណភាពក្នុងក្រុងស្ទឹងសែន ឲ្យមានរបៀបរៀបរយ មានសណ្តាប់ធ្នាប់ល្អ ការទុកដាក់សំរាម ការវិចខ្ចប់សំរាមបានត្រឹមត្រូវ ជាពិសេស នៅកន្លែងសាធារណៈ និងក្នុងផ្សារលក់ដូរជាដើម។
លើសពីនេះ ឯកឧត្តម ដៀប ពីរី ការពិភាក្សា និងការផ្តល់យោបល់នេះ ពិតបានជួយកែសម្រួលនូវខ្លឹមសារ និងអក្ខរាវិរុទ្ធបានល្អ ដើម្បីទុកជាឯកសារគម្រូដល់អ្នកជំនាន់ក្រោយ ក្នុងសិក្សាស្រាវជ្រាវបន្តទៀត។
ឯកឧត្តម ញឹក បានខេង បានគាំទ្រនូវមតិយោបល់លើកឡើង និងអនុម័តរបស់ក្រុមប្រឹក្សាខេត្ត ព្រមទាំងបានជួយជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋបាលក្រុងស្ទឹងសែន បន្តចុះពិនិត្យបន្ថែមនូវស្ថានភាពលក់ដូររបស់បងប្អូនអាជីវករក្នុងក្រុងស្ទឹងសែន រៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងស្ទឹងសែនកាន់តែស្រស់ស្អាតបន្ថែមទៀត។