(រដ្ឋបាលខេត្តកំពង់ធំ)÷ ពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម នួន ផារ័ត្ន ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃ០៨ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញ រាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ការឈានទៅបញ្ចប់ការផ្សព្វផ្សាយគ្រឿងស្រវឹង តាមទីសាធារណៈ មិនមែនត្រឹមតែដើម្បីចង់បានការសរសើរគាំទ្រពីសាធារណជន និងមជ្ឈដ្ឋានសង្គមស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែគោលដៅធំបំផុត គឺដើម្បីកាត់បន្ថយការទទួលទានគ្រឿងស្រវឹង ជ្រុលហួសហេតុរបស់ប្រជាជនដែលកំពុងតែប្រឈមទាំងគ្រោះថ្នាក់សុខភាព និងគ្រោះថ្នាក់សង្គម ពិសេសគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងស្ថិតក្នុងដំណាក់កាលដ៏គួរឱ្យព្រួយបារម្ភ ខណៈការផ្សព្វផ្សាយដ៏ព្រោតព្រាតគ្រប់ច្រកឡ្ហកនេះទៀតសោត ក៏នាំឱ្យមានផលប៉ះពាល់ដល់កុមារផងដែរ។
យ៉ាងណាក៏ដោយក្រសួងមហាផ្ទៃកម្ពុជា បានផ្ដល់គោលការណ៍ច្បាស់ៗថា សម្រាប់ទីតាំងឯកជនដែលមានការលក់ដូរគ្រឿងស្រវឹង រួមទាំងអាហារដ្ឋាន និងភោជ្ជនីយដ្ឋានជាដើម មិនមែនជាគោលដៅត្រូវហាមឃាត់ការផ្សព្វផ្សាយនោះទេ។
ឯកឧត្តម ក៏បានថ្លែងទទួលស្គាល់ដែរថា សម្រាប់រដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអនុញ្ញាតឱ្យផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ដូចជាផ្ទាំងប៉ាណូតាមដងផ្លូវ និងកាត់ពីលើដងផ្លូវជាដើម ពិតជាបានចំណូលមួយផ្នែកប្រាកដមែន ប៉ុន្តែចំណូលនោះ មិនអាចទូទាត់នឹងផលវិបាកនានា ដែលកើតចេញពីការផ្សព្វផ្សាយយ៉ាងច្រើនហួសហេតុដូចបច្ចុប្បន្ននេះបានឡើយ។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានមានប្រសាសន៍ បានរំលឹកអង្គពិធីដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងកម្លាំងចម្រុះចំណុះរដ្ឋបាលខេត្ត នូវបញ្ជាដ៏ម៉ឺម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងកិច្ចការពារធនធានធម្មជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានព្រមានធ្ងន់ៗថា ដល់ជនទាំងឡាយណា ទោះមន្ត្រីក្ដី ឈ្មួញក្ដី ដែលធ្លាប់ព្យាយាមប៉ុនប៉ងធ្វើសកម្មភាពដោយផ្ទាល់ ឬឈរពីក្រោយប្រជាជនមកពីតំបន់ផ្សេង ក្នុងចេតនាកាប់បំផ្លាញព្រៃឈើ ទន្ទ្រានដីរដ្ឋ ដីព្រៃលិចទឹក និងបទល្មើសនេសាទជាដើម ត្រូវប្រញាប់ដកខ្លួនចេញជាបន្ទាន់ បើមិនចង់អស់លក្ខណ៍ ខូចអនាគត និងកិត្តិយស។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដែលកន្លងមកបានដឹកនាំ និងសម្របសម្រួលជាមួយក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ និងកងកម្លាំង បំពេញតួនាទីយ៉ាងល្អលើកិច្ចការផ្ដល់សេវាសាធាណៈជូនប្រជាពលរដ្ឋ និងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា រួមទាំងបទល្មើសបំផ្លាញធនធានធម្មជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បង្ហាញក្ដីសង្ឃឹមថា រដ្ឋបាលខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់ឯកឧត្តម នួន ផារ័ត្ន នឹងបន្តសម្រេចបានសមិទ្ធផលការងារប្រកបដោយគុណភាព ដើម្បីឆ្លើយតបនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ឯកឧត្តម នួន ផារ័ត្ន ត្រូវបានផ្ទេរភារកិច្ចពី អភិបាលរងរាជធានីភ្នំពេញ មកជាអភិបាលខេត្តកំពង់ធំ ជំនួសឯកឧត្តម ងួន រតនៈ អតីតអភិបាលខេត្តកំពង់ធំ ដែលត្រូផ្ទេរភារកិច្ចទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
អត្ថបទដោយ៖ លោក ឈួន ឆេងមួន