(រដ្ឋបាលខេត្តកំពង់ធំ)÷ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រង ការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ និងកងកម្លាំងទាំងបី ដើម្បីទប់ស្កាត់មិនឱ្យមានការកាប់ទន្ទ្រានដីជាថ្មី ទាំងតំបន់ខាងលើ និងប៉ែកខាងក្រោម ព្រមទាំងការពារគ្រប់គ្រងផ្ទៃដីចំនួន១៤៣.២៣០ហិកតា លើ៩៥ទីតាំង ដែលដកហូតបាន មិនឱ្យមានការដាំដុះថ្មីទៀតនោះទេ។
ឯកឧត្តម នួន ផារ័ត្ន បានជួយគាំទ្រ និងលើកទឹកចិត្ត ដល់ទីបញ្ជាការស្រាលនីមួយៗ ដោយបានផ្តល់នូវថវិកា និងសម្ភារដល់ទីបញ្ជាការស្រាលនៅតាមគោលដៅនីមួយៗក្នុងមូលដ្ឋាន ព្រមទាំងជំរុញឱ្យកងកម្លាំងស្វែងរកមុខសញ្ញាចំពោះជនខិលខូច និងដីអាស្រ័យផលខុសច្បាប់ទន្ទ្រានខុសច្បាប់នាពេលកន្លងទៅ ដកហូតយកមកវិញ ដើម្បីត្រៀមរៀបចំយុទ្ធនាការដាំដើមឈើ លើផ្ទៃដីទាំងនោះ និងធ្វើសកម្មភាពប្រតិបត្តិការ ល្បាត ដើម្បីកុំទុកឱកាសដល់ជនល្មើសលួចបន្តសកម្មភាពទៀត។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានបន្តលើកទឹកចិត្តដល់ទីបញ្ជាការស្រាលទាំងអស់ ខិតខំប្រឹងប្រែងក្នុងការក្នុងកិច្ចការងារទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាពិសេសមន្ត្រីជំនាញទាំងអស់ធ្វើការអប់រំផ្សព្វផ្សាយ ហើយធ្វើជាលក្ខណៈក្រុមតូចៗកុំមានការប្រមូលផ្ដុំធំៗ ពន្យល់ឱ្យគាត់យល់អំពីច្បាប់ផង និងឱ្យយល់អំពីនីតិវិធីច្បាប់ផង។ នៅពេលចុះទៅបង្ក្រាបបទល្មើសធនធានធម្មជាតិជាមួយមន្ត្រី ហើយតាមដានឱ្យជាប់នៅមុខសញ្ញាក្នុងមូលដ្ឋាន ប្រធានគណៈបញ្ជាការការរដ្ឋបាលស្រុក មានការទទួលខុសត្រូវពីកិត្តិយស នូវសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំចៀសវាងកន្ទេលធំបន្លំដេក។ សូមឱ្យប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានមន្ទីរបរិស្ថាន ត្រូវដំឡើងផែនទី ពីតំបន់ដែលគ្រប់គ្រងដោយមន្ទីរទាំងពីរ ដើម្បីមានរូបភាពច្បាស់លាស់ និងត្រឹមត្រូវ រួចឆ្លងថ្នាក់ដឹកនាំ។ ភារកិច្ចមួយទៀត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានមន្ទីរបរិស្ថាន ត្រូវរៀបចំយុទ្ធនាការដាំដើមឈើឡើងវិញ រូបគ្នាធ្វើកិច្ចការនេះបានល្អ និងមានប្រសិទ្ធភាព។
នៅក្នុងថ្ងៃដដែលនោះ ឯកឧត្តមអភិបាលខេត្ត បានប្រគល់ម៉ូតូហុងដាចំនួន០២គ្រឿង ដល់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីប្រើប្រាស់ក្នុងពេលចុះការងារគ្រប់គ្រងការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
អត្ថបទដោយ៖ លោក ឈួន ឆេងមួន