រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អំពាវនាវអោយមន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងចូលរួមដាំដើមឈើឡើងវិញ

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អំពាវនាវអោយមន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងចូលរួមដាំដើមឈើឡើងវិញ ។

ឯកឧត្តម នួនផារ័ត្ន បានថ្លែងនៅក្នុងពិធីអបអរសាទររុក្ខទិវា ៩ កក្ដដា ឆ្នាំ២០២៤ ស្ថិតនៅភូមិសាស្ត្រតំបន់អូរតាកាវ ដែនព្រៃអង់តែននៃគម្រោងរេដបូក កម្ពុជា-កូរ៉េ ស្ថិតក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ។

កម្មវិធីនេះមានការអញ្ចើញចូលរួមពី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ៦០០នាក់។

ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា ការដាំដើមឈើ គឺជាសកម្មភាពដែលយើងទាំងអស់គ្នាត្រូវចូលរួម និងអភិរក្សប្រភពធនធានដ៏មានសារៈសំខាន់នេះឱ្យបានគង់វង្ស ហើយត្រូវតែជំរុញការអភិវឌ្ឍន៍តំបន់បៃតងនេះ នៅតាមបណ្តាក្រុង ស្រុក និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើ និងស្ដារព្រៃឈើឡើងវិញ ក្រោយពីទទួលការបាត់បង់ដោយជនល្មើសកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ។

ឯកឧត្ដមបានណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់រៀបចំផែនការ ដាំដើមឈើនៅតាមទីសាធារណៈ វត្តអារាម រមណីយដ្ឋាន មណ្ឌលសុខភាព សាលារៀន ឱ្យបានគ្រប់ទីកន្លែងទាំងអស់ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើដែលបានដាំរួចឱ្យបានដុះលូតលាស់ល្អ សម្រាប់ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គមជាតិផង ក្នុងគោលបំណងបង្កើនគម្របបៃតង ចូលរួមទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងការឡើងកំដៅផែនដី។

សូមបញ្ចាក់ថា កូនឈើប្រណិតដែលត្រូវដាំស្តារព្រៃឈើឡើងវិញនៅពេលនេះ មានចំនួនជាង ១ម៉ឺនដើម នៅលើផ្ទៃដីទំហ៊ុជាង ១០ហិកតា ដែលបានដកហូតពីក្រុមជនល្មើសកាប់ទន្ទ្រានព្រៃឈើយកដីធ្វើជាកម្មសិទ្ធ ដោយដាំប្រភេទ ឈើរយៈពេលវែង មានដូចជា កូនឈើប្រភេទធ្នង់ នាងនួន គ្រញូង បេង គគីរ ឈើទាល អាកាស្យា ជាដើម ។

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post