(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីវេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស.) ក្រោមប្រធានបទ «ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១» នៅអគារកា ឡូវ គឹមសេង ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានថ្លែងថា ជាការពិតណាស់ អង្គការសង្គមស៊ីវិលមានសមាគម សហគមន៍ ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយជំរុញការអភិវឌ្ឍសង្គមជាតិ ការចូលរួមថែរក្សាសន្តិភាព បរិស្ថាន និងការលើកស្ទួយការគោរពសិទ្ធិមនុស្សជាដើម ។ ឯកឧត្តមបញ្ជាក់បន្ថែមទៀតថា អង្គការសង្គមស៊ីវិលទាំងអស់ធ្វើសកម្មភាពរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ សមាគម និងអង្គការ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃសរុបចំនួន ៣៩សមាគម និងអង្គការក្រៅរដ្ឋាភិបាលសរុប ៦៣អង្គការ តែតាមរយៈការចុះជំរឿនសមាគម និងអង្គការ។
ថ្លែងនៅក្នុងវេទិកាសន្ទនានេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់និងចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយបានដាក់បញ្ចូលវិស័យសង្គមស៊ីវិលនៅក្នុងកម្មវិធីនយោបាយនានា ជាពិសេសនៅក្នុងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងវាងវៃរបស់សម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែក អង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ធំ បានពិភាក្សាយ៉ាងផុសផុល និងចូលរួមយ៉ាងសកម្មនៅក្នុងអង្គវេទិកាសន្ទនានេះ ដោយពួកគាត់បង្ហាញពីការពេញចិត្តដោយទទួលបាននូវបទពិសោធន៍ពុទ្ធិថ្មីៗ និងផ្លាស់ប្តូរមតិយោបល់ដោយត្រង់ទៅត្រង់មកអំពីបញ្ហាប្រឈម និងសំណូមពរនានា ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាលក្នុងនាមជាគ្រួសារសង្គមស៊ីវិលក្នុងខេត្ត។ បណ្ដាអង្គការសង្គមស៊ីវិលក៏បានបង្ហាញនូវការពេញចិត្តចំពោះសហការល្អ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិយាយជារួម ជាពិសេសរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់និយាយដោយឡែក ដោយបង្កលក្ខណៈងាយស្រួល និងលំហសេរីភាពដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពស្របតាមលក្ខន្តិកៈរបស់ខ្លួន។
ជាងនេះទៅទៀត អង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ធំ ក៏បានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំងជាមួយនឹងអត្ថប្រយោជន៍ដែលអាចទទួលបានពីបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិ បាលនីតិកាលមុនៗ មកដល់អាណត្តិទី៧នៃរដ្ឋសភាអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយបានកំណត់អាទិភាពចម្បងក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស. បានផ្តាំផ្ញើអង្គការសង្គមស៊ីវិលបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាននានា និងលក្ខន្តិកៈរបស់ខ្លួន ព្រមទាំងបន្តដើរតួនាទីជាដៃគូអភិវឌ្ឍដ៏ល្អរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ជាពិសេស គឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។
អត្ថបទដោយ៖ លោក ឈួន ឆេងមួន