រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម នួន ផារ័ត្ន ជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តកំពង់ធំ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ

(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តកំពង់ធំ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន។

នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រុងស្រុក មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមានការប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ដែលកំពុងមានការហក់ឡើង និងសូមរាយការណ៍មកអាជ្ញាធរខេត្តឱ្យបានឆាប់រហ័ស នៅទីតាំងភូមិសាស្ត្រណាដែលមានការគំរាមកំហែងពីការជនលិចទឹកជំនន់ ដើម្បីអាជ្ញាធរខេត្ត មានវិធានការជួយសង្គ្រោះបានទាន់ពេលវេលា។

លើសពីនេះទៀត ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់អាជ្ញាធរដែនដី សូមត្រៀមកម្លាំងការពារសន្តិសុខសណ្តាប់សាធារណៈនៅគ្រប់ វត្តអារាម និងតំបន់រមណីយដ្ឋាននានាក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឱ្យមានសុវត្ថិភាពល្អ ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ។

ជាចុងក្រោយ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងអំពីស្ថានភាពសន្តិសុខសង្គមក្នុងប្រទេស និងថ្លែងអំណរគុណដល់មន្ត្រីរាជការទាំងអស់ ដែលបានគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន និងគាំទ្រជាមួយនឹងការចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន» ថែមទៀត។

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post