រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ អញ្ជេីញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី៩ នៅវត្តទេពនិមិ្មត

(រដ្ឋបាលខេត្តកំពង់ធំ)៖ វេនកាន់បិណ្ឌទី៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ គឺជាវេនកាន់បិណ្ឌរបស់រដ្ឋបាលខេត្តកំពង់ធំ ដោយមានការចូលរួមដោយឯកឧត្តម​ ដៀប​ ពិរី​ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត តំណាង ឯកឧត្តម​ នួន​ ផារ័ត្ន អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំមន្ត្រីរាជការ​ ចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តទេពនិមិ្មត​ ស្ថិតនៅភូមិ កំពង់រទេះ សង្កាត់កំពុងរទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានវត្តមានចូលរួមពីឯកឧត្តម​ លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រួមទាំងពុទ្ធបរិស័ទផងដែរ។

ពុទ្ធបរិស័ទនៅទូទាំងប្រទេសគោរពប្រតិបត្តិ ទំនៀមទម្លាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា​ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយសម្រាប់ឆ្នាំនេះ បិណ្ឌ១​ ត្រូវនឹងថ្ងៃទី១៨​ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។

ជារៀងរាល់ឆ្នាំនៅ ពេលដល់ថ្ងៃ ខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយតែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយនោះសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។

ជាមួយនេះដែរ​ រដ្ឋបាលខេត្តកំពង់ធំ​ បានប្រគេន​នូវបច្ច័យចង្ហាន់មួយចំនួន រួមមាន ទឹកសុទ្ធ ១៥កេស ភេសជ្ជៈ ១៥កេស អង្ករ ៥០០គីឡូ ព្រមទាំងបច្ច័យកសាងមួយចំនួនផងដែរ៕

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post