រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលរងថ្មីខេត្តកំពង់ធំ ឯកឧត្តម ហ៊ីម លីម៉េង ត្រូវបានប្រកាសតែងតាំងជាផ្លូវការ

(រដ្ឋបាលខេត្តកំពង់ធំ)៖ អភិបាលរងថ្មីខេត្តកំពង់ធំ ឯកឧត្តម ហ៊ីម លីម៉េង ត្រូវបានប្រកាសតែងតាំងជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តម នួន ផារ័ត្ន បានសម្តែងនូវការសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ហ៊ឹម លីម៉េង ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពង់ធំ ដើម្បីចូលរួមចំណែកក្នុងការដឹកនាំ ជំរុញ ឱ្យកាន់តែឆាប់រហ័ស អភិបាលរងខេត្តដែលចូលកាន់តំណែងថ្មីនេះ យកអស់សមត្ថភាព និងបទពិសោធន៍រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ អនុវត្តតាមគោលការណ៍ដឹកនាំលើគ្រប់វិស័យ ជាពិសេសការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅពង្រឹងសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថាបច្ចុប្បន្ននេះ ដោយផ្នែកតាមកម្មវិធីនយោបាយសម្រាប់នីតិកាលទី៧ នៃដ្ឋសភា និងក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសព្វ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពដោយផ្តោតលើវិស័យអាទិភាពចំនួន៥ គឺ(មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) សំដៅកសាងមូលដ្ឋាន គ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ដើម្បីសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនជូនជាតិ នឹងប្រជាពលរដ្ឋ ទាំងក្នុងក្របខ័ណ្ឌជាតិ និងការងារការទូត តាមរយៈការបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ល្អជាមួយបណ្តាប្រទេស និងស្ថាប័នអន្តរជាតិនានា។

ឯកឧត្តម ហ៊ីម លីម៉េង ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពង់ធំថ្មី បានប្ដេជ្ញាចិត្តចំពោះមុខគណៈអធិបតី ស្មោះត្រង់ និងមានភក្ដីភាពចំពោះជាតិ ចូលរួមអភិវឌ្ឍខេត្តកំពង់ធំឱ្យមានការរីកចម្រើន និងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងជួរគណៈអភិបាលខេត្ត មន្ត្រី បុគ្គលិកក្រោមឱវាទ រដ្ឋបាលខេត្តកំពង់ធំ និងចូលរួមពង្រឹងកិច្ចសហការល្អជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាពរដ្ឋ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post