នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងពិធី ប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៤ ពេលព្រឹកនៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន និងពេលរសៀលនៅឃុំទ្រា ស្រុកស្ទោង ។
នាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម សុខ លូ មានមតិសំណេះសំណាលថា៖ “ខ្ញុំសូមចូលរួមអបអរសាទរចំពោះលោក លោកស្រី ដែលបានជាប់ជាក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្លងមកនេះ” ។ ឯកឧត្តមបានមានប្រសាសន៍ទៀតថា ការប្រកាសសុពលភាពជូនក្រុមប្រឹក្សាឃុំ សង្កាត់ទើបជាប់ថ្មី ដូចមានចែងក្នុងការកំណត់ ១៤ថ្ងៃ ក្រោយការប្រកាសលទ្ធផលផ្លូវការ ។ តែដើម្បីឲ្យក្រុមប្រឹក្សាឃុំ សង្កាត់នៃអាណត្តិថ្មីទាំងអស់ ឆាប់បានចូលកាន់តំណែង និងបានចូលធ្វើការ បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឯកឧត្តម បានរៀបចំកម្មវិធី ប្រកាសសុពលភាពនេះជូនក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង៨១ ក្នុងខេត្ត ត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ តែប៉ុណ្ណោះ ដើម្បីឲ្យមេឃុំ ចៅសង្កាត់ថ្មី មានពេលកាន់តែឆាប់ក្នុងការបន្តរនិរន្តភាពសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ។
ឯកឧត្តម បានលើកឡើងថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ ត្រូវបានទទួលស្គាល់ពីសំណាក់ អង្គការអន្តរជាតិនានា ជាពិសេសស្ថានទូតសហរដ្ឋអាមេរិក ទទួលស្គាល់ថាការបោះឆ្នោតក្នុងអាណត្តិទី៤នេះ ពិតជាមាន តម្លាភាព សុក្រឹត្យភាព យុត្តិធម៌ និងសេរី ពិតប្រាកដមែន ។ យើងពិតជាមានមោទនៈភាពណាស់ ដែលយើងរៀបចំការបោះឆ្នោតខ្លួនយើង ហើយមានប្រជាពលរដ្ឋចូលរួមបោះរហូតដល់ជាង ៩០% នៃអ្នកចុះឈ្មោះបោះឆ្នោតសរុប ហើយធ្វើបានជោគជ័យលើសប្រទេសមួយចំនួននៅអាស៊ីនេះផងដែរ ។
នាឱកាសនេះដែរ ឯកឧត្តម បានពាំនាំមកជាមួយនូវសារ ដ៏មានសារៈសំខាន់មួយចំនួនជូន មេឃុំ ចៅសង្កាត់ ដែលទើបជាប់ឆ្នោតថ្មីៗនេះដូចខាងក្រោម៖
-ក្រុមប្រឹក្សាដែលទើបជាប់ឆ្នោតអាណត្តិថ្មី ត្រូវយល់ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គឺបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋ ដើម្បីទទួលបានស្វ័យភាពក្នុងការដឹកនាំ ការអភិវឌ្ឍន៍មូលដ្ឋាន និងត្រូវចាំថា ក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ជាផ្នែកមួយនៃអំណាចប្រតិបត្តិរបស់រដ្ឋដែរ ដូច្នេះ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាន ជាពិសេសច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលឃុំ សង្កាត់ ។
-មេភូមិ អនុភូមិ សមាជិកភូមិ ពុំមានអាណត្តិទេ ដូចនេះការបោះឆ្នោតនេះមិនមែនមានន័យថាបោះឆ្នោត ដូរមេភូមិ ឬអនុភូមិ និងសមាជិកភូមិទេ ។ ការផ្លាស់ប្តូរមេភូមិ ឬអនុភូមិ គឺត្រូវអនុវត្តតាមសេចក្តីណែនាំ លេខ ០០៤ សណន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ របស់ក្រសួងមហាផ្ទៃ ។
-មេឃុំ ចៅសង្កាត់ថ្មី ត្រូវរៀបចំប្រជុំក្រុមប្រឹក្សាខ្លួនភ្លាម ដើម្បីអនុម័តបទបញ្ជាផ្ទៃក្នុង ឃុំ សង្កាត់របស់ខ្លួន ហើយត្រូវចម្លងជូនអភិបាលខេត្តយ៉ាងយូរ ៥ថ្ងៃ បន្ទាប់ពីប្រជុំអនុម័តរួច ដើម្បីពិនិត្យនីត្យានុកូលភាព ។
-ក្រុមប្រឹក្សាអាណត្តិថ្មី ត្រូវរៀបចំកែសម្រួលសមាសភាពគណៈកម្មការលទ្ធកម្ម និងគណៈកម្មការគ្រប់គ្រងគម្រោង ឃុំ សង្កាត់ ដើម្បីពិនិត្យ ពិភាក្សាលើគម្រោងអភិវឌ្ឍន៍ និងគម្រោងសេវាកម្មនានានៅសេសសល់ពីអាណត្តិមុន ដែលមិនទាន់បានអនុវត្ត តែធ្វើលទ្ធកម្មរួច ឬបានធ្វើលទ្ធកម្មហើយកំពុងអនុវត្ត ឬកំពុងស្ថិតក្នុងកិច្ចសន្យា ត្រូវអនុវត្តបន្តគម្រោងទាំងនោះរហូតដល់ចប់ ក្រោយពេលចូលកាន់មុខតំណែង ។
-ទន្ទឹមគ្នានោះ ផ្អែកតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ត្រូវមានកាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ផ្ញើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃប្រកាសសុពលភាពនេះ ។
-ត្រូវរៀបចំកែសម្រួលសមាសភាពគណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ សង្កាត់ ដើម្បីត្រៀមរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខ្លួន ។
-រៀបចំផ្លាស់ប្តូរគំរូហត្ថលេខាមេឃុំ ចៅសង្កាត់ថ្មី និង យកគំរូហត្ថលេខាមកតម្កល់ទុកនៅរតនាគារ និងធនាគារដែលមានគណនីរបស់ឃុំ-សង្កាត់ ដើម្បីបើកប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភផ្សេងៗ និង ទូទាត់ថវិកាជូនអ្នកទទួលការ តាមកិច្ចសន្យានីមួយៗ ដែលមាន ។
-ត្រូវយកចិត្តទុកដាក់ និងលើកកម្ពស់គណនេយ្យភាព តម្លាភាពក្នុងការអនុវត្តកិច្ចការប្រចាំថ្ងៃ ដែលជាកត្តានាំទៅរកអភិបាលកិច្ចល្អ ដើម្បីឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ សុចរិតភាព ក្នុងការចាត់ចែង អនុវត្តការងារនានា ។
-ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិថ្មីនេះ ត្រូវចេះសាមគ្គីភាពគ្នា ដោយមិនប្រកាន់ និន្នាការបក្សនយោបាយ គឺធ្វើក្នុងនាម បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ព្រោះពាក្យថាក្រុមប្រឹក្សា គឺសំដៅលើការ ធ្វើការងារជាក្រុម កាលណាយើងរួបរួមគ្នា ធ្វើឲ្យយើងមានសន្តិភាព ដែលជាគ្រឹះនៃការអភិវឌ្ឍន៍ ។
ចុងបញ្ចប់ ឯកឧត្តម បានផ្តាំផ្ញើដល់លោក លោកស្រី ដែលទើបបានជាប់ឆ្នោតថ្មី និងជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងអាណត្តិទី៤ សូមមានឆន្ទៈខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ ទាំងកម្លាំងប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួន ជាពិសេសត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងកិច្ចការរបស់ខ្លួន ៕