រដ្ឋបាលខេត្តកំពង់ធំ

SEARCH

តើមានកត្តាអ្វីខ្លះដែលជំរុញឲ្យកម្ពុជាស្នើសុំដាក់ប្រាសាទសំបូរព្រៃគុកទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក?

ប្រាសាទសំបូរព្រៃគុក គឺជា​កេរមរតក​ប្រវត្តិសាស្ត្រ​ដែល​បន្សល់ទុក​នូវ​ភស្តុតាង​ជាច្រើន​ដើម្បី​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​មនុស្ស​ខ្មែរ​បុរាណ។ តើ​ប្រាសាទសំបូរ​ព្រៃគុក​មាន​លក្ខណៈពិសេស​អ្វីខ្លះ? តទៅ​នេះ ប្រិយមិត្ដ​នឹង​បាន​ជ្រាប​ប្រសាសន៍​បកស្រាយ​របស់លោក​បណ្ឌិត ចិ​ន្ត ច័ន្ទ​រតនា​ប្រធាន​មូលនិធិ​កេរដំណែល​ខ្មែរ ។

អស់​ពេល​ប្រមាណ​ពីរ​ឆ្នាំ​មកហើយ​ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានដាក់​សំណុំ​ឯកសារ​ស្តីពី​ប្រាសាទសំបូរព្រៃគុក​ទៅកាន់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ។

រហូតមកទល់​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៧ វេលា​ម៉ោង ១៦:៣៧នាទី ម៉ោង​នៅ​ទីក្រុង Krakow ប្រទេស​ប៉ូឡូញ ត្រូវនឹង​ម៉ោង ២១:៣៧នាទី ម៉ោង​នៅ​ភ្នំពេញ “តំបន់​ប្រាសាទសំបូរព្រៃគុក”  ត្រូវបាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ជា​ផ្លូវការ ។

លោក​បណ្ឌិត ចិ​ន្ត ច័ន្ទ​រតនា ប្រធាន​មូលនិធិ​កេរដំណែល​ខ្មែរ​បាន​ឲ្យ​ដឹងថា ប្រាសាទសំបូរព្រៃគុក​មិនមែន​គ្រាន់តែ​ជា​មរតក​ប្រវត្តិសាស្រ្ដ​របស់​កម្ពុជា​នោះទេ ប៉ុន្ដែ​វា​សាក​សមណាស់​ក្នុងការ​ក្លាយជា​មរតក​ប្រវត្តិសាស្ត្រ​របស់​ពិភពលោក​ទាំងមូល ។

មាន​កត្តា​សំខាន់ៗមួយចំនួន​ដែល​ជំរុញ​ឲ្យ​កម្ពុជា​សម្រេច​ស្នើសុំ​ដាក់​ប្រាសាទសំបូរព្រៃគុក​ទៅក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។

លោក ចិ​ន្ត ច័ន្ទ​រតនា បាន​ថ្លែងថា ប្រាសាទសំបូរព្រៃគុក​ត្រូវបាន​កសាងឡើង​នៅក្នុង​សម័យ​ចេនឡា ក្នុង​ចន្លោះ​សតវត្ស​ទី៧ និង​ទី៨ ។ ក្រៅពី​ទាក់ទង​ទៅនឹង​ប្រវត្តិ​របស់​ប្រាសាទ ភាព​ចាស់​ទ្រុឌទ្រោម និង​ការខូចខាត​របស់​ប្រាសាទ​ក៏​តម្រូវ​ឲ្យ​កម្ពុជា​មានការ​ព្រួយបារម្ភ និង​ត្រូវ​ប្រញាប់ប្រញាល់​ដែរ​ក្នុងការ​ដាក់សំណើ​ទៅកាន់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ។

ក្រុម​ប្រាសាទសំបូរព្រៃគុក​បាន​រង​នូវ​ការបាក់​បែក និង​បាត់បង់​អស់​ជាច្រើន ។ ប្រសិនបើ​ប្រាសាទសំបូរព្រៃគុក ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នោះ នោះ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នឹង​បញ្ជូន​អ្នកជំនាញ​បច្ចេកទេស​មក​ធ្វើការ​អភិរក្ស និង​ជួយ​ជួសជុល។

លោក ចិ​ន្ដ ចន្ទ​រតនា បាន​បន្ថែមថា សារៈសំខាន់​មួយទៀត​នោះ​គឺ ភ្ញៀវទេសចរ​មកពី​ជុំវិញ​ពិភពលោក​នឹងមាន​ការកើនឡើង ។

ម្យ៉ាងវិញទៀត​ប្រសិនបើ​ប្រាសាទសំបូរព្រៃគុក​ត្រូវបាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នោះ​ការសិក្សា​ស្រាវជ្រាវ​ស្តីពី​ប្រាសាទ​នេះ​នឹង​រឹងរឹតតែ​ធ្វើឡើង​បាន​ល្អិតល្អន់ និង​សុក្រឹត​ថែមទៀត ។

មាន​ប្រាសាទ​រាប់រយ​ប្រាសាទ​ត្រូវបាន​រកឃើញ​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក ។ លោក ចិ​ន្ដ ច័ន្ទ​រតនា ថ្លែងថា ប្រាសាទសំបូរព្រៃគុក​ត្រូវបាន​បែងចែក​ជា៣ក្រុម​ធំៗ គឺ​ក្រុម​ខាងជើង, ក្រុម​កណ្តាល និង​ក្រុម​ខាងត្បូង ។

លោក​បានបញ្ជាក់​ថា ចំពោះ​ប្រាសាទ​មួយចំនួន​ត្រូវបាន​ដួលរលំ​រាប​ដល់​ដី ប្រាសាទ​នៅ​បន្សល់​តែ​ទីទួល​ប៉ុណ្ណោះ​ដូច្នេះហើយ​ទើប​អ្នកស្រាវជ្រាវ​នៅ​បន្ត​ស្វែងរក​ប្រាសាទ​មួយចំនួនទៀត​នៅ​ទីនោះ ។

តំបន់​ប្រាសាទសំបូរព្រៃគុក​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​ពី៥ទៅ៧គីឡូម៉ែត្រ ។ លោក ចិ​ន្ដ ចន្ទ​រតនា បាន​ថ្លែងថា​ជាការល្អ​ប្រសើរ​ប្រសិន​មានការ​កំណត់​ឲ្យ​បានច្បាស់លាស់​ពី​វិសាលភាព​ពិតប្រាកដ​នៃ​តំបន់​សំបូរ​ព្រៃគុក ៕ (អត្ថបទ​ដកស្រង់​និងកែសម្រួលពី​វិទ្យុ​ABCអូស្ត្រាលី​)

Related Post