នៅវេលាម៉ោង១០ព្រឹក នាថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៧ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏សំខាន់សម្រាប់ខេត្តកំពង់ធំ ក៏ដូចព្រះរាជាណាចក្រកម្ពុជាទាំងមូល ដោយ “តំបន់ប្រាសាទសំបូរព្រៃគុក” ត្រូវបានចុះបញ្ជីទទួលស្គាល់ផ្លូវការជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុងក្រាកូវ (Krakow) ប្រទេសប៉ូឡូញ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីអបអរសាទរនៅគ្រប់មន្ទីរ-អង្គភាព វត្តអារាម ព្រះវិហារ អាស្រម សាលារៀន វិស័យឯកជន ទាំងអស់ក្នុងខេត្តកំពង់ធំ រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាម គ្រប់មធ្យោបាយដែលអាចធ្វើបាន ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ។ នេះ គឺជាមោទនៈភាពដ៏ធំធេងថ្មីមួយទៀតរបស់ជាតិខ្មែរ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ៕
———————————————-
ជ័យយោ! ព្រះរាជាណាចក្រកម្ពុជា!!! ជ័យយោ! ខេត្តកំពង់ធំ!!! ជ័យយោ! ប្រាសាទសំបូរព្រៃគុក!!!