រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០១៧ របស់ក្រុមការងារ​គណនេយ្យភាពខេត្ត

រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំគណនេយ្យខេត្ត សម្រាប់ឆមាសទី១ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកជំទាវ ឃួន ឃុនឌី អភិបាលរងខេត្ត ដែលមានការអញ្ជើញចូលរួមពីមន្ត្រីថ្នាក់ដឹកនាំខេត្ត លោកអភិបាលក្រុងស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ ។

លោកជំទាវ ឃួន ឃុនឌី មានប្រសាសន៍លើកឡើងថា សូមអាជ្ញាធរក្រុងស្រុក និងសមត្ថកិច្ចទំាងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីស្វែងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយនៅក្នុងកិច្ចប្រជុំគណនេយ្យភាពខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០១៧នេះ យើងទទួលបានពាក្យបណ្តឹងចំនួន ២០ករណី ពីបណ្តាក្រុងស្រុក ក្នុងនោះមាន ស្រុកប្រាសាទបល្ល័ង្ក ០១ករណី ស្រុកកំពង់ស្វាយ ០២ករណី ស្រុកប្រាសាទសំបូរ ០២ករណី ស្រុកបារាយណ៍ ០៣ករណី ក្រុងស្ទឹងសែន ០៤ករណី (ពាក្យបណ្តឹងមកពីស្រុកផ្សេងចំនួន ០៣ករណី) ស្រុកសន្ទុក ០៧ករណី និង តាមរយៈផ្សេងៗ ០១ករណី ។

ជាមួយគ្នានោះដែរលោកជំទាវបន្ថែមទៀតថា លោកអភិបាលក្រុងស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ សូមទទួលយកនូវពាក្យបណ្តឹងនេះ ដើម្បីធ្វើការដោះស្រាយទុក្ខកង្វល់របស់ពួកគាត់ឲ្យបានឆាប់រហ័ស នឹងផ្តល់របាយការណ៍មកក្រុមការងារគណនេយ្យភាពខេត្តវិញ ដើម្បីធ្វើរបាយការណ៍ប្រជុំពេលក្រោយ ។

ចំពោះមន្ត្រីខិលខូចមួយចំនួនតូច សូមលោកអភិបាលក្រុងស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការតាមដានមន្ត្រីទំាងនោះ ធ្វើយ៉ាងណា ជៀសវាងកុំឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ កុំឲ្យត្រីមួយកន្ត្រក ស្អុយមួយ ស្អុយទំាងអស់នោះទេ ។

ចុងបញ្ចប់លោកជំទាវ បានផ្តាំផ្ញើដល់លោកអភិបាលក្រុងស្រុក ជួយជំរុញដល់មន្ត្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ក្នុងការបើកប្រអប់សំបុត្រគណនេយ្យភាពឲ្យបានក្នុងសប្តាហ៍ទី២ និងផ្ញើកំណត់ហេតុបើកប្រអប់សំបុត្រ គណនេយ្យភាពជូនរដ្ឋបាលខេត្តឲ្យបានក្នុងសប្តាហ៍ទី៣ នៃខែនីមួយៗ និងធ្វើការផ្សព្វផ្សាយ នូវអត្ថប្រយោជន៍ នៃប្រអប់សំបុត្រគណនេយ្យភាព ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ដើម្បីចូលរួមរាយការណ៍ ផ្តល់ព័ត៌មានអំពីភាពមិនប្រក្រតីនានាតាមរយៈប្រអប់សំបុត្រគណនេយ្យភាព ៕

Related Post