រដ្ឋបាលខេត្តកំពង់ធំ

SEARCH

យុទ្ធនាការផ្សព្វផ្សាយ និងអប់រំស្តីពីការបង្ការទប់ស្កាត់​គ្រោះ​មហន្តរាយពីទឹកជំនន់

លោក ស ប៉ាហូ នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងវេទិកាស្តីពីយុទ្ធនាការផ្សព្វផ្សាយអប់រំគ្រោះមហន្តរាយពីទឹកជំនន់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិមានជ័យ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ កម្មវិធីនេះ មានការឧបត្ថម្ភពីមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី សហការជាមួយអង្គការ វេទិកាមនុស្សធម៌កម្ពុជា និងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ និងមានការអញ្ជើញចូលរួមពីលោក ភឿក សុខ តំណាងអង្គការមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជា ២៥៦នាក់ ។

ប្រសាសន៍លោក សោម សុភ័ក្រ នាយកប្រតិបត្តិអង្គការ AFD (សកម្មភាពដើម្បីអភិវឌ្ឍន៍) បានលើកឡើងពីគោលបំណងយុទ្ធនាការផ្សព្វផ្សាយអប់រំពីទឹកជំនន់ ដើម្បីបញ្ញាក់អារម្មណ៍ដល់មហាជន ក្នុងការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ និងធ្វើការបង្ហាញឲ្យយល់ដឹងអំពីក្រុមអ្នកស្ម័គ្រចិត្តជួយសង្គ្រោះប្រជាពលរដ្ឋពេលមានទឹកជំនន់ និងរៀបចំរួចជាស្រេចក្នុងការត្រៀមបង្ការ និងយន្តការត្រូវទំនាក់ទំនងពីការងារគ្រោះមហន្តរាយ ។
លោក សុខ ភឿក តំណាងអង្គការ ADPC និង CHF បានថ្លែងអំណរគុណដល់អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ និងវេទិកាមនុស្សធម៌នៅកម្ពុជា ដែលបានជ្រើសរើសយកឃុំមានជ័យ ជាតំបន់គោលដៅ នៃការសាកល្បងអនុវត្តន៍គម្រោងអ្នកស្ម័គ្រចិត្តជួយសង្រ្គោះប្រជាពលរដ្ឋពេលមានទឹកជំនន់ ដែលមានការគាំទ្រថវិកាពី USAID ។

នេះជាលើកទី២ ដែលរូបខ្ញុំបាទបានចូលរួមក្នុងសកម្មភាពនៃគម្រោង ដែលប្រកាសបើកគម្រោងនៅសាលាឃុំមានជ័យ និងលើកនេះក្នុងកម្មវិធីយុទ្ធនាការផ្សព្វផ្សាយអប់រំពីទឹកជំនន់ ។ ចាប់តាំងពីព្យុះកេតសាណា ឆ្នាំ២០០៩ មក ស្រុកសណ្តាន់យើង តែងតែជួបគ្រោះមហន្តរាយមិនដែលដាច់ គ្រាន់តែតិច ឬច្រើន ដូចជា ទឹកជំនន់ឆ្នាំ២០១១ ជំនន់ឆ្នាំ២០១៣ និងគ្រោះរាំងស្ងួតឆ្នាំ២០១៦ ។ មុខសញ្ញានៃគ្រោះមហន្តរាយក្នុងស្រុកយើងនេះ មានទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ និងរន្ទះបាញ់ជាដើម ។

លោក ស ប៉ាហូ បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី សហការជាមួយអង្គការ វេទិកាមនុស្សធម៌កម្ពុជា និងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ព្រមទំាងអាជ្ញាធរ និងអ្នកស្ម័គ្រចិត្ត ដែលបានសហការជួយប្រជាពលរដ្ឋពេលមានទឹកជំនន់ ចងក្រង និងធ្វើការពង្រឹងបន្ថែមលើសមត្ថភាពសហគមន៍ដែលមានស្រាប់ អោយកាន់តែមានបទពិសោធន៍ ចំណេះដឹង និងជំនាញ ក្នុងការងារជួយដល់ប្រជាពលរដ្ឋរបស់យើង អោយរួចចាកផុតពីគ្រោះមហន្តរាយនានាដែលកើតមានឡើងជាយថាហេតុ ។ ដូចដែលយើងដឹងហើយថា គ្រោះមហន្តរាយកើតឡើងតែងតែបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សំណង់អាគារ សាលារៀន ផ្ទះសំបែង ទីសាធារណៈ បំផ្លាញដំណាំ បាត់បង់ជីវិតមនុស្ស សត្វ ធ្វើអោយបរិស្ថានកង្វក់ បង្កជាជំងឺរាករួស និងធ្វើអោយរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ក្នុងភូមិឃុំ ដែលជាកក្តាប្រឈមខ្លាំងសម្រាប់ការអភិវឌ្ឍន៍ ។

លោកបានបន្ថែមថា អ្នកដែលងាយរងគ្រោះជាងគេនោះ គឺស្រ្តី កុមារ ចាស់ជរា និងជនពិកា ។ គ្រោះមហន្តរាយ យើងមិនអាចកាត់បន្ថយរឺទបស្កាត់បានទេ តែយើងអាចធ្វើការត្រៀមបង្ការ ឬបន្ថូរបន្ថយភាពរងគ្រោះរបស់យើងបាន ដែលយើងត្រូវត្រៀមពីមុនពេល កំឡុងពេល និងក្រោយពេលគ្រោះមហន្តរាយ ជាដើម ។ អ្នកស្ម័គ្រចិត្តជួយសង្រ្គោះប្រជាពលរដ្ឋពេលមានទឹកជំនន់ ជាយន្តការមួយជំនួយដល់យន្តការដែលមានស្រាប់សម្រាប់ជួយពង្រឹងលទ្ធភាពដល់ប្រជាពលរដ្ឋ ក្នុងឃុំមានជ័យទាំងមូលអាចបញ្ជៀសបាននូវផលប៉ះពាល់ពីគ្រោះមហន្តរាយនានា ជាពិសេសទឹកជំនន់តាមរយៈការស្វែងរកព័ត៌មានពីគ្រោះមហន្តរាយដែលមានប្រព័ន្ធទូរស័ព្ទ ១២៩៤ តាមរយៈវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធព័ត៌មានសង្គមជាដើម ។

ចុងក្រោយលោកសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារនេះ និងមានសមត្ថភាព លទ្ធភាពក្នុងការប្រមូលចែកចាយព័ត៌មាន និងការជួយសង្គ្រោះប្រជាជនយើងបានល្អ ក្នុងពេលខាងមុខនេះ ។

 

 

Related Post