រដ្ឋបាលខេត្តកំពង់ធំ

SEARCH

លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុង​កិច្ចប្រជុំជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការអនុវត្តផែនការនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៦-២០១៧

នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំកិច្ចប្រជុំស្តីពីការលុបបំបាត់នូវអំពើពុករលួយ ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ខាងមុខ ក្រោមអធិបតីភាព លោកជំទាវ ឃួន ឃុនឌី អភិបាលរងខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីឯកឧត្តម ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវមកពីអង្គភាពប្រឆាំងអំពើពុករលួយ លោក លោកស្រីអភិបាលក្រុងស្រុកទាំង០៨ និងកងកម្លាំងទាំងបី ។

លោក ជូ វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានលើកឡើងដោយបញ្ជាក់ថា នៅឆ្នាំសិក្សា២០១៦-២០១៧ នេះ មណ្ឌលប្រឡងចែកចេញជាពីរផ្នែកគឺ ថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៤ មណ្ឌល គឺនៅអនុវិទ្យាល័យថ្នល់បែក សាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ វិទ្យាល័យកំពង់ធំ និងសាលាគរុកោសល្យ និងវិក្រឹតការ ហ៊ុន សែន ខេត្តកំពង់ធំ ដែលមានបេក្ខជន សរុបចំនួន ២,១១៨នាក់ ។ រីឯ ថ្នាក់វិទ្យាសាស្រ្តសង្គម មាន ៥ មណ្ឌលគឺ អនុវិទ្យាល័យដំរីជាន់ខ្លា វិទ្យាល័យ ហ៊ុន សែន បល័្លង្ក សាលាបឋមសិក្សា ហ៊ុន សែន ត្រពាំងវែង វិទ្យាល័យស្ទឹងសែន និងអនុវិទ្យាល័យបញ្ញាជី មានបេក្ខជន សរុបចំនួន ២,១៦៧នាក់ ។

ឯកឧត្តម ស្រ៊ិន សុវណ្ណ ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ បានគូសបញ្ជាក់ថា ក្នុងឆ្នាំកន្លងទៅនេះ ខេត្តកំពង់ធំ ក៏ដូចជាខេត្តមួយចំនួនទៀតទូទាំងប្រទេស មានការដកហូតសិទ្ធិរបស់បេក្ខភាពប្រឡងដោយបញ្ឈប់ការប្រឡង គឺឲ្យធ្លាក់ដោយស្វ័យប្រវត្តិ និងព្យួរការប្រឡងរយៈពេលមួយឆ្នាំ ហើយករណីមួយចំនួនទៀតគឺមានការ យកនូវទូរស័ព្ទចូលក្នុងបន្ទប់ប្រឡង និងបានថតវិញ្ញាសារផ្សព្វផ្សាយទៅខាងក្រៅ ដើម្បីធ្វើអត្រាកំណែ ការលាក់សំណៅឯកសារតាមខ្លួន ចូលបន្ទប់ប្រឡង ។ លោកបន្ថែមថា នៅក្នុងឆ្នាំសិក្សា២០១៦-២០១៧ នេះ សូមឲ្យមានការសហការណ៍ និងជួយលុបបំបាត់ទង្វើនេះទាំងអស់គ្នា ។

លោកជំទាវ ឃួន ឃុនឌី មានប្រសាសន៍ថា ដើម្បីឲ្យដំណើរ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៦-២០១៧ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ កាន់តែមានប្រសិទ្ធភាព តម្លាភាព និងគុណភាពនោះ ក្នុងនាមជាអាជ្ញាធរខេត្ត នឹងធ្វើការទប់ស្កាត់ ត្រៀមទុកជាមុននូវរាល់ភាពមិនប្រក្រត្រីដូចជា ធ្វើការលុបបំបាត់នូវរាល់អំពើទាំងឡាយណាដែលអាចជះឥទ្ធិពលដល់ដំណើរការនៃការប្រឡងរបស់សិស្សានុសិស្សរួមមាន ធ្វើសេចក្តីជូនដំណឹង និងផ្សព្វផ្សាយជាមុនដល់ម្ចាស់សហគ្រាស អាជីវករលក់ដូរនៅមុខសាលា ដែលជាមណ្ឌលប្រឡងផ្អាកការលក់ដូរក្នុងរយៈនៃការប្រឡង ផ្អាកដំណើរការបណ្ណាគារដែលមានម៉ាស៊ីនថតចម្លងមុនមួយថ្ងៃនៃការប្រឡង ដាក់កងកម្លាំងយាមល្បាតនៅជុំវិញបរិវេណនៃមណ្ឌលប្រឡង ការផ្ញើយាន្តជំនិះ ត្រូវប្រគល់ឲ្យសហភាពសហព័ន្ធកម្ពុជាខេត្តកំពង់ធំជាអ្នកទទួលខុសត្រូវគ្រប់មណ្ឌល និងធ្វើការជូនដំណឹងដល់បេក្ខជនប្រឡងទាំងអស់មិនឲ្យយកជាប់ខ្លួននូវរាល់ ឯកសារ ទូរស័ព្ទដៃ នាឡិកាអាចធ្វើការទាក់ទងបាន (Smart Watch) ដែលធ្វើឲ្យមានការខុសឆ្គងក្នុងលក្ខខណ្ឌនៃការប្រឡង ។

ចុងក្រោយលោកជំទាវបានអំពាវនាវ និងទទូចឲ្យបន្តការសហការណ៍រវាង អង្គភាពប្រឆាំងអំពើពុករលួយ អង្គការសង្គមស៊ីវិល សហគមន៍ អង្គការក្រៅរដ្ឋាភិបាល គណៈវិជ្ជាជីវៈ វិស័យឯកជន សហគ្រាសក្រុមហ៊ុន គណៈមេប្រយោគ និងបុគ្គលឯកជនស្ម័គ្រចិត្ត ក្រុមគ្រូពេទ្យទាំងអស់ គោរពនូវក្រមសីលធម៌ និងលក្ខន្តិកៈនៃដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិទាំងអស់គ្នាដើម្បីបន្តភាពជោគជ័យ ប្រកបដោយ សេចក្តីសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ ក្នុងការអនុវត្តស្រមតាមពាក្យស្លោក “អ្នកចេះគឺជាប់” ៕

Related Post