ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារតាមមន្ទីរអង្គភាពដែលពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំរបាយការណ៍ចុះអនុសារណៈ នៃការយោគយល់គ្នា រវាងខេត្តទំាងពីរ គឺខេត្តកំពង់ធំ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តសុរិន្ទ នៃព្រះរាជាណាចក្រថៃ ។
ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ វិមាន មានប្រសាសន៍លើកឡើងថា ស្របពេលដែលប្រទេសជាតិកំពុងតែមានសុខសន្តិភាព និងការអភិវឌ្ឍន៍ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ បានយល់ស្របគ្នាក្នុងការស្ថាបនា សម្ព័ន្ធមេត្រីភាព រវាងខេត្ត និងខេត្ត គឺខេត្តកំពង់ធំនៃព្រះរាជាណាចក្រកម្ពុជា និងខេត្តសុរិន្ទនៃព្រះរាជាណាចក្រថៃ ។ ឯកឧត្តមបន្ថែមទៀតថា ដើម្បីឲ្យមានភាពច្បាស់លាស់ក្នុងការចុះហត្ថលេខា នៃអនុសារណៈនៃការយោគយល់គ្នា រវាងខេត្តទំាងពីរ ដែលនឹងត្រូវចេញដំណើរទស្សនកិច្ចផ្លូវការទៅប្រទេសថៃ នៅថ្ងៃទី០៨-០៩ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ។ លើសពីនេះទៅទៀតការចុះអនុសារណៈនៃការយោគយល់គ្នារវាងខេត្តទាំងពីរពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដល់ប្រទេសកម្ពុជាយើង ក្នុងការទំនាក់ទងគ្នាយ៉ាងស្អិតរមួតទាំងផ្នែក សេដ្ឋកិច្ច និងវប្បធម៌ ជាពិសេសពាក់ព័ន្ធនឹងផ្នែកអប់រំ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ ការបណ្តុះបណ្តាល ផ្តល់អាហាររូបការណ៍ និងទស្សនៈកិច្ចសិក្សា ដោយបង្កើតកម្មវិធីប្រកួតកីឡាមិត្តភាព ដើម្បីរឹតចំណងសាមគ្គីភាព ។
ចំពោះផ្នែកកសិកម្ម យើងនឹងធ្វើការសហការណ៍លើផ្នែកជលផល បស្សុព្យាបាល សេដ្ឋសាស្រ្ត កសិកម្ម ឧស្សាហកម្ម សហគមន៍ជលផល និងសហគមន៍កសិកម្មជាដើម ។ រីឯវិស័យសុខាភិបាល យើងអាចផ្លាស់ប្តូរបទពិសោធន៍តាមរយៈការផ្តល់ជាអាហាររូបករណ៍វិជ្ជាជីវៈ ផ្តល់នូវទស្សនៈកិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធន៍នៃសេវាថែទាំសុខភាព និងព្យាបាល ជាពិសេសភាគីទំាងពីរ គ្រោងនឹងផ្តល់នូវសេវាឆាប់រហ័ស ក្នុងការថែទំាសុខភាព និងព្យាបាលអ្នកជំងឺរបស់មន្ទីរសុខាភិបាលខេត្តកំពង់ធំ ទៅមន្ទីរពេទ្យខេត្តសុរិន្ទ តាមរយៈការដឹកតាមតួ(Tour)ជាដើម ។
ចំពោះវិស័យរ៉ែ និងថាមពល បង្កើត និងតម្លើងវារីអគ្គិសនី ដើម្បីឲ្យប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ នៅតាមមូលដ្ឋាន ។ ចំណែកវិស័យវប្បធម៌ និងរៀបចំធ្វើការបង្ហាញនូវរបាំបុរាណ គឺល្ខោនខោល របស់ប្រទេសកម្ពុជា ព្រមទំាងធ្វើការផ្លាស់ប្តូរបទពិសោធន៍ ថែទំាប្រាង្គប្រសាទបុរាណ ឲ្យបានគង់វង្សយូរអង្វែង ។ វិស័យអភិវឌ្ឍន៍ គឺផ្តោតសំខាន់លើភាពរីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត ទឹកស្អាត ការយកចិត្តទុកដាក់ និងអភិរក្សជនជាតិភាគតិច ។
វិស័យព័ត៌មាន ត្រូវធ្វើការផ្លាស់ប្តូរបទពិសោធន៍ លក្ខណៈបច្ចេកទេស បើកវគ្គបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈ ធនធានមនុស្ស សោទស្សន៍ ផ្តល់ព័ត៌មានឆាប់រហ័ល ទាន់ពេលវេលា មិនមានការយឺតយ៉ាវ ។ វិស័យពាណិជ្ជកម្ម គឺផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិ និងវិស័យឯកជន ការគ្រប់គ្រងពាណិជ្ជកម្ម និងការអភិវឌ្ឍពាណិជ្ជកម្ម វិស័យឧស្សាហកម្ម និងសិប្បកម្ម គឺអភិវឌ្ឍន៍លើវិស័យទឹកស្អាត ។ សភាពាណិជ្ជកម្មខេត្តកំពង់ធំ គឺផ្តោតសំខាន់ទៅលើ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ៕