ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៧ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចៀជ័រកៅស៊ូនៅក្រុមហ៊ុនចំការកៅស៊ូវៀតណាម CRCK 2 ស្ថិតក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។ ក្នុងពិធីនេះដែរក៏មានការចូលរួមពី លោក អៀង សុភាព ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវខេត្ត លោក លោកស្រីក្រុមការងារ តំណាងក្រុមហ៊ុនចំការកៅស៊ូ និងកម្មករ កម្មការិនីប្រមាណជាង ៣៥០នាក់ ។
លោក អៀង សុភាព បានបង្ហាញពីលក្ខខណ្ឌតិកៈមួយចំនួនដែលត្រូវអនុត្តន៍ដើម្បីឲ្យបងប្អូនកម្មករ កម្មការិនីបានដឹង ។ ក្នុងនោះដែរបងប្អូនកម្មករ កម្មការិនីបានសំណូមពរ និងលើកពីបញ្ហាមួយចំនួនឲ្យអាជ្ញាធរជួយដោះស្រាយ ។
ឯកឧត្តម គង់ វិមាន បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុន សែន បានបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ មានសេរីភាពជំនឿលើសាសនា ប្រកបមុខរបរស្របច្បាប់ផ្សេងៗតាមជំនាញ និងចំណង់ចំណូលចិត្តរៀងៗខ្លួនដើម្បីបង្កើនជីវភាពគ្រួសារ ។ ឯកឧត្ដមក៏បានរំលឹកថាប្រទេសជាតិបើគ្មានសុខសន្តិភាព គឺកុំថាឡើយការអភិវឌ្ឍន៍ សូម្បីសិទ្ធសេរីភាពផ្សេងៗក៏គ្មានដែរ ដូច្នេះយើងទាំងគ្នាត្រូវខិតខំរួមសាមគ្គីគ្នាថែរក្សាសមិទ្ធផលអ្វីដែលយើងមានសព្វថ្ងៃពិសេសថែរក្សានូវសុខសន្តិភាពដូចសព្វថ្ងៃនេះអោយបាន ។ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន គឺបានពង្រឹង និងធានាបាននាំមកនូវសុខសន្តិភាពស្ថិរភាពនយោបាយផ្ទៃក្នុងបានល្អប្រសើរ រួមនិងការកសាងបាននូវសមិទ្ធផលធំៗជាច្រើនទៀតជូនជាតិ និងប្រជាពលរដ្ឋយើង ។ ហើយក្នុងនោះសម្តេចក៏បានខិតខំយកចិត្តទុកដាក់បង្កើតការងារជូនប្រជាពលរដ្ឋឲ្យបានកាន់តែច្រើនឡើង ដើម្បីបង្កើនជីវភាពអោយបានល្អប្រសើរជាបណ្ដើរៗ តាមរយៈការគៀរគរប្រភពទុន និងទាក់ទាញដៃគូវិនិយោគទុនបង្កើតរោងចក្រ សហគ្រាស មករកស៊ីនៅកម្ពុជាផងដែរ ។
ជាមួយនេះដែរឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋអោយមានជំនឿទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុន សែន ដែលបច្ចុប្បន្នប្រទេសជាតិកំពុងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបម្រើបាននូវសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ហើយឈានដល់ដំណាក់កាលមួយ ដែលធ្វើអោយជីវភាពប្រជាជនមានការរីកចម្រើននៅក្នុងគ្រួសារ ។ ក្នុងការសំណូមពររបស់បងប្អូនខាងក្រុមហ៊ុនបានអនុវត្តតាម ដូចជា សាងសង់ផ្ទះសម្រាប់ស្នាក់នៅ តបណ្តាញភ្លើងសម្រាប់ប្រើប្រាស់រាល់ថ្ងៃបុណ្យ និងថ្ងៃអាទិត្យត្រូវគិតតម្លៃពលកម្មគុណ ២០០% ផងដែរ ។
ចុងក្រោយឯកឧត្តមបានផ្តាំផ្ញើដល់កម្មករ កម្មការិនីដែលទាន់បានទៅចុះឈ្មោះបោះឆ្នោតត្រូវត្រៀមឯកសារសម្រាប់យកទៅចុះឈ្មោះបោះឆ្នោតនៅពេលខាងមុខ ។