ប្រជាកសិករប្រកបអាជីពដាំដំណាំកសិកម្ម មានទឹកមាត់លេបវិញហើយ ដោយសារតែកន្លងមកនេះ តំលៃដំឡូងមីធ្លាក់ថ្លៃមកជាយូរខែ ទើបតែពេលនេះតំលៃដំឡូងមីមានទីផ្សារ ធ្វើឲ្យប្រជាកសិករចិត្តសប្បាយរីករាយ និងផលិតដំណាំដំឡូងមីឲ្យកាន់តែច្រើន ដើម្បីបំរើសេចក្តីត្រូវការរបស់ទីផ្សារ ។
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញចុះសួរសុខទុក្ខកម្មករដកដំឡូងមី នៅក្នុងចំការ ដើម្បីពិនិត្យស្ថានភាពផលដំឡូងមី ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋ ក្នុងការដាំដំណាំ ជាមុខរបរអាជីព ក្នុងនោះឯកឧត្តម បានគាំទ្រយ៉ាងពេញទំហឹង ឲ្យប្រជាកសិករបន្តការដាំដុះបន្ថែម ដើម្បីបង្កើនការងារក្នុងស្រុក ក៏ដូចជាកាត់បន្ថយការចំណាកស្រុក ។
កម្មករដែលកំពុងតែដកដំឡូងមី បានឲ្យដឹងថា ពួកគាត់មានគ្នាជាង១០នាក់នេះ មានទីលំនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា ពួកគាត់មានការសប្បាយចិត្តរីករាយខ្លាំងណាស់ ខណៈពេលដែលស្រុកយើងមានការងារធ្វើ ក្រៅពីការងារធ្វើស្រែ លោកបានយកពេលទំនេរមកធ្វើជាកម្មករដកដំឡូងមី ក្នុងមួយថ្ងៃអាចរកចំណូលបានចាប់ពី ៣០០០០រៀលឡើងទៅ ក្នុងម្នាក់ ឬអាចបានច្រើនជាងនេះអាស្រ័យលើកំលាំងពលកម្មរបស់ខ្លួន រីឯតម្លៃដំឡូងមីក្នុងមួយតោនលក់បាន២០ម៉ឺនរៀល ដែលក្នុងមួយហិចតាអាចប្រមូលផលបាន ៦០តោន ផ្តល់ជាកំរៃបាន ៣០០០ដុល្លាក្នុងមួយលើក ។
ឯកឧត្តម គង់ វិមាន បានផ្តាំផ្ញើដល់កម្មករទាំងអស់ ឲ្យថែរក្សាសុខភាព បរិភោគអាហារមានអនាម័យ និងសុំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ទាំងពេលស្នាក់នៅពេលយប់ព្រលប់ ទាំងពេលធ្វើការ ដើម្បីបញ្ជ្រៀសពីគ្រោះថ្នាក់ដោយយថាហេតុអ្វីមួយ ក្នុងឱកាសចុះសួរសុខទុក្ខ ឯកឧត្តម គង់ វិមាន បានផ្តល់ពងទាសម្រាប់ការទុកធ្វើម្ហូបរបស់កម្មករ និងផ្តល់ថវិការមួយចំនួនដល់កម្មករ ដើម្បីជាទឹកចិត្តតិចតួចស្តួចស្តើងក្នុងមនោសញ្ជេតនាផ្សាភ្ជាប់រវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ និងផ្តាំផ្ញើខិតខំធ្វើការនៅក្នុងស្រុកឲ្យបានច្រើនជៀសវាងចំណាកស្រុកទៅធ្វើការនៅក្រៅស្រុក ។