១-រូបថតមន្ទីរ និងឡូកូ
២សាវតាមន្ទីរ (ប្រវត្តិ)
សេចក្តីផ្តើម
ក្រសួងធនធានទឹក និងឧតុនិយម បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ក្នុងអាណត្តិទី២នៃរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា។ ហើយក្រសួងធនធានទឹក និងឧតុនិយម មានមុខងារ និងភារកិច្ចដូចតទៅ៖
-កំណត់គោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានទឹក បម្រើដល់ការធ្វើអាជីវកម្ម ការអភិវឌ្ឍន៍ និងការថែរក្សាការពារ ប្រកបដោយនិរន្តរភាព ជាលក្ខណៈជាតិ និងអន្តរជាតិ ស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល។
-សិក្សាស្រាវជ្រាវ នូវសក្តានុពលទឹក រួមទាំងទឹកលើដី ទឹកក្រោមដី និងលើអាកាសក្នុងក្របខ័ណ្ឌ ជាតិដើម្បីបង្កើតឡើងនូវមូលដ្ឋានបច្ចេកវិទ្យាសាស្ត្រច្បាស់លាស់។
-លើកទិសដៅផែនការរយៈពេលខ្លី មធ្យមនិងវែង ក្នុងការធ្វើអាជីវកម្ម ការអភិវឌ្ឍន៍និងការថែរក្សាការពារនូវធនធានទឹក និងឧតុនិយម ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងនៅទីក្រុង និងជនបទ។
-គ្រប់គ្រង ត្រួតពិនិត្យ នូវរាល់ការធ្វើអាជីវកម្មលើធនធានទឹកដោយផ្ទាល់ និងប្រយោល ប្រកបដោយ
ប្រសិទ្ធិភាព និងកាត់បន្ថយឲ្យបានជាអតិបរមានូវគ្រោះមហន្តរាយដែលអាចកើតឡើង។
-រៀបចំតាក់តែងច្បាប់ លិខិតបទដ្ឋាន និងបទប្បញ្ញត្តិផ្សេងៗដែលពាក់ព័ន្ធ នឹងការគ្រប់គ្រងធនធានទឹក ព្រមទាំងតាមដានលើការអនុវត្តន៍។
-ប្រមូលចងក្រងឯកសារ និងធ្វើអាជីវកម្ម នូវទិន្នន័យឧតុនិយម និងជលសាស្ត្រ បម្រើដល់វិស័យនានា ដែលមានការពាក់ព័ន្ធជាលក្ខណៈជាតិ និងអន្តរជាតិ ដើម្បីផលប្រយោជន៍សង្គមជាតិទាំងមូល។
-ផ្តល់ការគាំទ្រនិងការណែនាំបច្ចេកទេសជាចាំបាច់ដល់អង្គការវិជ្ជាជីវៈ សហគមន៍ និងប្រជាពលរដ្ឋទូទៅដែលមានការពាក់ព័ន្ធ ដើម្បីកែលំអ និងការធ្វើអាជីវកម្មធនធានទឹកឲ្យបានសមស្រប។
-ពង្រីកនិងបញ្ចូលនូវបច្ចេកវិទ្យាទំនើបៗ ដើម្បីមានវិធានការបណ្តុះបណ្តាលកែលំអនិងផ្សព្វផ្សាយ
-ចូលរួមអនុវត្តការងារពាក់ព័ន្ធ នឹងអាងទន្លេមេគង្គ ស្របតាមភារកិច្ចរបស់ក្រសួង។
-ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ លើវិស័យធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី លឹម គានហោ និងជំនួយការពីរដ្ឋលេខាធិការ ចំនួនប្រាំពីររូប និងអនុរដ្ឋលេខាធិការ ចំនួនប្រាំបួនរូប។ ក្រសួងមាននាយកដ្ឋាន ចំនួន ១០ និងមជ្ឈមណ្ឌលបច្ចេកទេសចំនួន ១ ដែលក្នុងនោះរួមមាន៖
- នាយកដ្ឋាន រដ្ឋបាល និងធនធានមនុស្ស
- នាយកដ្ឋាន ហិរញ្ញវត្ថុ
- នាយកដ្ឋាន ផែនការ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
- នាយកដ្ឋាន ជលសាស្ត្រ និងការងារទន្លេ
- នាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក
- នាយកដ្ឋាន ឧតុនិយម
- នាយកដ្ឋាន ធារាសាស្ត្រកសិកម្ម
- នាយកដ្ឋានទឹកស្អាត និងអនាម័យ
- នាយកដ្ឋានវិស្វកម្ម
- នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក
- មជ្ឈមណ្ឌលបច្ចេកទេសធារាសាស្ត្រ និងឧតុនិយម។
ក្រសួងមានតំណាងនៅក្នុង ២៥ខេត្តក្រុង ដែលហៅថា ” មន្ទីរធនធានទឹក និងឧតុនិយម” ដើម្បីបម្រើសកម្មភាព។ ក្រសួងមានមន្ត្រីបម្រើការចំនួនសរុប ១៤៦៩ នាក់ ដែលក្នុងនោះតាមបណ្តាខេត្ត ៥៧៧នាក់ និង ថ្នាក់កណ្តាល ៨៩២នាក់។ មន្ទីរធនធានទឹក និងឧតុនិយមខេត្ដកំពង់ធំ
មន្ទីរធនធានទឹក និងឧតុនិយមខេត្ដកំពង់ធំ មានទីតាំងស្ថិតនៅ ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ក្នុងអាណត្តិទី២ នៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ដឹកនាំដោយប្រធានមន្ទីរ ចំនួនមួយរូប និងអនុប្រធានមន្ទីរចំនួនពីររូប។មន្ទីរមានការិយាល័យថ្នាក់មន្ទីរចំនួនប្រាំការិយាល័យ និងការិយាល័យស្រុក/ក្រុងចំនួនប្រាំបួនដែលក្នុងនោះរួមមាន៖
- -ការិយាល័យរដ្ឋបាល និងបុគ្គលិក ដឹកនាំដោយប្រធាន០១រូប និងអនុប្រធាន០១រូប
- -ការិយាល័យធារាសាស្ដ្រកសិកម្ម ដឹកនាំដោយប្រធាន០១រូប និងអនុប្រធាន០១រូប
-ការិយាល័យឧតុនិយម និងជលសាស្រ្ដដឹកនាំដោយប្រធាន០១រូប និងអនុប្រធាន០១រូប
- -ការិយាល័យទឹកស្អាត និងអនាម័យដឹកនាំដោយប្រធាន០០រូប និងអនុប្រធាន០១រូប
- -ការិយាល័យគ្រប់គ្រង និងអភិរក្សធនធានទឹក ដឹកនាំដោយប្រធាន០១រូប
- -ការិយាល័យធនធានទឹក និងឧតុនិយម ស្រុក/ក្រុង ចំនួន០៩ មានប្រធានការិ.ចំនួន ០៤រូប ដើម្បីបម្រើសកម្មភាព។
(Tel: 077 666 886)
អំពីតួនាទី និងភារកិច្ចរបស់មន្ទីរធនធានទឹក និងឧតុនិយម៖
១-រៀបចំផែនការរយៈពេលខ្លីមធ្យមក្នុងការស្តារនិងអភិវឌ្ឍន៍ធ្វើឲ្យប្រសើរឡើងនូវសមត្ថភាព លើវិស័យ ធនធានទឹក និងឧតុនិយម ក្នុងខេត្ដកំពង់ធំ។
២-សិក្សា និងគ្រោងប្លង់ប្រព័ន្ធធារាសាស្ដ្រខ្នាតតូច។
៣-ជួសជុលជាបន្ទាន់ និងជាប្រចាំប្រព័ន្ធធារាសាស្ដ្រខ្នាតតូច និងមធ្យមក្នុងខេត្ដ។
៤-អន្ដរាគមន៍សង្គ្រោះបន្ទាន់នូវពេលជួបបញ្ហាគ្រោះធម្មជាតិរាំងស្ងួត និងទឹកជំនន់
៥-បង្កើត និងគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹកនៅលើប្រព័ន្ធធារាសាស្ដ្រ ដើម្បីប្រើប្រាស់ប្រព័ន្ធឲ្យមានប្រសិទ្ធិភាព។
៦-បង្កើត គ្រប់គ្រងស្ថានីយ៍ឧតុនិយម និងកត់ត្រាទិន្នន័យអាកាសធាតុនៅក្នុងខេត្ដ
៧-ផ្តល់ព័ត៌មានព្យាករណ៍អាកាសធាតុរយៈពេលខ្លី និងវែងដល់វិស័យដែលពាក់ព័ន្ធ
៨-ផ្សព្វផ្សាយភាពមិនប្រក្រតីនៃបាតុភូតធម្មជាតិនិងផ្តល់ព័ត៌មានឲ្យដឹងជាមុនដើម្បីមានវិធានការការពារនិងបង្ការគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះមហន្តរាយនឹងអាកាសធាតុ។
៩-បង្កើត និងគ្រប់គ្រងស្ថានីយ៍ជលសាស្ដ្រតាមស្ទឹងក្នុងខេត្ដ។
១០-កត់ត្រាព័ត៌មានជលសាស្ដ្រ ( កម្ពស់ទឹកស្ទឹង និងទន្លេ ) និងធ្វើការព្យាករណ៍អំពីទឹកជំនន់
១១-រៀបចំរបាយការណ៍ប្រចាំឆ្នាំ ស្តីពីស្ថានភាពធនធានទឹក និងឧតុនិយម។
៣-ទស្សនៈវិស័យ ឬចក្ខុវិស័យ
ផ្តល់លទ្ធភាពឱ្យដល់ជនគ្រប់រូប ក្នុងការប្រើប្រាស់ទឹកសម្រាប់ផ្គត់ផ្គង់ជីវភាព វិស័យកសិកម្មឧស្សា ហកម្មសកម្មភាពសេដ្ឋកិច្ចផ្សេងៗទៀតបានគ្រប់គ្រាន់ប្រកបដោយអនាម័យល្អមានសុវត្ថិភាពនិងតម្លៃសមស្រប និងកាត់បន្ថយឱ្យបានជាអតិបរិមានូវគ្រោះគំរាមកំហែងដល់អាយុជីវិតនិងការរស់នៅប្រចាំថ្ងៃពីមហន្ត រាយដែលបង្កឡើងដោយទឹក។
៤-គោលដៅ (Goal)
គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ សមធម៌ និងនិរន្តរភាពដើម្បីទទួលនូវ ប្រព័ន្ធអេកូឡេស៊ី និងកាត់បន្ថយនូវគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ រាំងស្ងួតមកលើ ការរស់នៅ និងទ្រព្យសម្បត្តិសាធារណៈ។
៥-ទិសដៅ
៥–១-គ្រប់គ្រងព័ត៌មានធនធានទឹក យុទ្ធសាស្ត្រៈ
-ពង្រឹង និងពង្រីកប្រព័ន្ធឧតុនិយម និងជលសាស្រ្តរាប់បញ្ចូលទាំងការប្រមូលផ្តុំព័ត៌មាន និង ការផ្សព្វផ្សាយ។
-ប្រកាសភាពអាសន្នអំពីភាពរាំងស្ងួត ទឹកជំនន់ដល់សាធារណៈជន និងស្ថាប័នពាក់ព័ន្ធ។
-រៀបចំផែនទីបង្ហាញតំបន់គ្រោះទឹកជំនន់។
-រៀបចំសារពើភ័ណ្ឌអាងស្ទឹង និងមូលដ្ឋានទិន្នន័យ។
៥–២-គ្រប់គ្រង និងអភិវឌ្ឍធនធានទឹក
យុទ្ធសាស្ត្រៈ
-ជម្រុញឱ្យមានការពង្រឹង និងពង្រីកអាងតំកល់ទឹកស្រះ ទំនប់ ប្រឡាយ និងប្រព័ន្ធដោះទឹក ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹក និងនិរន្តរភាព
-ស្តារនិងកសាងឡើងវិញនូវប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់ក្នុងគោលបំណងឆ្លើយតបជា បន្ទាន់ នូវតម្រូវការទឹកសម្រាប់កសិកម្ម។
-ពង្រឹងសមត្ថភាពបច្ចេកទេស និងការគ្រប់គ្រងដល់មន្ត្រីមន្ទីរ ធនធានទឹក និងឧតុនិយម ដើម្បីអនុវត្តយុទ្ធសាស្ត្រស្រោចស្រព និងដោះទឹក។
-ប្រមូលផ្តុំឱ្យមានការចូលរួមពីកសិករ អ្នកពាក់ព័ន្ធនិងផ្នែកឯកជននៅគ្រប់ដំណាក់កាលនៃ ការរៀបចំគម្រោង ការកែលំអរព្រមទាំងការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធដោះទឹក។
-បង្កើនសមត្ថភាព សហគមន៍កសិករប្រើប្រាស់ទឹក(ស.ក.ប.ទ)ស្តីពីរបៀបគ្រប់គ្រងប្រព័ន្ធ ធារាសាស្ត្រ ដោយមានការចូលរួមពីអ្នកទទួលផល និងកិច្ចអភិវឌ្ឍន៍
៦-បេសកកម្ម
តាមប្រកាសលេខ៦៦២ប្រក.ធទឧ.បុចុះថ្ងៃទី០៩ខែសីហាឆ្នាំ១៩៩៩មន្ទីរធនធានទឹក និងឧតុនិយម រាជធានី-ខេត្ត ត្រូវបានបង្កើតឡើងដែលមានរចនាសម្ព័ន្ធ តួនាទី និងបេសកកម្មដូចខាងក្រោម៖
៦–១-ការិយាល័យរដ្ឋបាល និងបុគ្គលិក
-សម្របសម្រួលសកម្មភាពគ្រប់ផ្នែករបស់មន្ទីរនៅថ្នាក់ខេត្ត និងរវាងថ្នាក់ខេត្ត និងក្រសួង។
-គ្រប់គ្រង និងចរាចរណ៍ឯកសាររដ្ឋបាលផ្សេងៗរបស់មន្ទីរ។
-គ្រប់គ្រងផ្នែករដ្ឋបាល មន្ត្រីរាជការ និងភ្នាក់ងាររាជការរបស់មន្ទីរ។
-រៀបចំស្ថិតិលើការគ្រប់គ្រងរបស់បុគ្គលិក និងតារាងព័ត៌មានប្រតិបត្តិ។
-រៀបចំការងារបៀវត្សពលកម្ម ប្រាក់កំរ៉ៃ និងរបបធានារ៉ាប់រងសង្គម។
-ធ្វើរបាយការណ៍បូកសរុបការងារ និងសកម្មភាពផ្សេងៗ របស់មន្ទីរ។
-លើកផែនការអភិវឌ្ឍន៍ជាទូទៅ រយៈពេលខ្លី មធ្យម និងវែង។
-តាមដានលិខិតបទដ្ឋាន និងបញ្ញត្តិនានារបស់ថ្នាក់លើ។
-ប្រមូលផ្តុំតម្រូវការ លើកគម្រោង ធ្វើកម្មវិធីចំណាយ និងតាមដានរំលឹកពីការប្រតិបត្តិ។
-គ្រប់គ្រងចលនទ្រព្យ និងអចលនទ្រព្យ សន្និធិសំភារៈ ប្រេងឥន្ធនៈ និងធ្វើ បញ្ជីសារពើភ័ណ្ឌ។
៦–២-ការិយាល័យធារាសាស្ត្រកសិកម្ម
-សិក្សាគ្រោងប្លង់ និងសាងសង់នូវរាល់សំណង់ធនតូច។
-ចាត់ចែងគ្រប់គ្រងលើកិច្ចដំណើរការថែទាំរាល់ប្រព័ន្ធស្រោចស្រព ប្រព័ន្ធដោះទឹក ស្ថានីយ៍ បូមទឹក ម៉ាស៊ីនបូមទឹកប្រភេទធំ និងមធ្យមដែលមានស្រាប់។
-បំផុសអប់រំ ចងក្រង និងណែនាំសហគមន៍កសិករប្រើប្រាស់ទឹក និងតាមដានការ អនុវត្តន៍ជាប្រចាំ។
-ចាត់ចែងត្រួតពិនិត្យដឹកនាំការងារអន្តរគមន៍បង្ការទប់ទល់គ្រោះធម្មជាតិ ដូចជាទឹកជំនន់ និងរាំងស្ងួត។
៦–៣-ការិយាល័យឧតុនិយម និងជលសាស្ត្រ
–រៀបចំប្រមូល និងចងក្រងទិន្នន័យទឹកភ្លៀង សីតុណ្ហភាព សំណើមបរិយាកាស ល្បឿនខ្យល់ ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ រន្ទះ និងបាតុភូតធម្មជាតិផ្សេងៗទៀត។
-តាមដាន ត្រួតពិនិត្យ ប្រមូលចងក្រងទិន្នន័យ អំពីរបបជលសាស្ត្រ និងកំពស់ទឹក។
-បញ្ជូនទិន្នន័យដែលប្រមូលបាន ទៅនាយកដ្ឋានជំនាញដើម្បីធ្វើការវាយតម្លៃ និងព្យាករណ៍ អំពីបម្រែបម្រួលធម្មជាតិ។
-ផ្សព្វផ្សាយបន្តដល់សាធារណៈជន អំពីការជូនដំណឹងផ្សេងៗរបស់ក្រសួងធនធានទឹក និង ឧតុនិយម អំពីស្ថានភាពបរិយាកាស និងបាតុភូតធម្មជាតិដែលនឹងកើតមាន។
-ផ្សព្វផ្សាយបន្តដល់សាធារណៈជនឱ្យបានយល់ដឹងពី ផលប៉ះពាល់ដែលបង្កឡើងដោយគ្រោះ ធម្មជាតិ និងអំពីវិធានការការពារផ្សេងៗ។
៦–៤-ការិយាល័យគ្រប់គ្រង និងអភិរក្សធនធានទឹក
-រៀបចំកសាង និងអនុវត្តគំរោងផែនកាជាយុទ្ធសាស្រ្តបំរើដល់កិច្ចអភិវឌ្ឍន៏ពហុបំណង
-វារីអគ្គីសនី ត្រួតពិនិត្យជំនន់ ស្រោចស្រព…។ល។ លើកលែងតែគំរោងណាដែលបំរើអោយ ការផលិតអគ្គីសនី ជាបំណងចំបង។
-គ្រប់គ្រងតំបន់ផ្ទៃរងទឹកភ្លៀង កសាងកម្មវិធី ចាត់ចែងប្រើប្រាស់ទឹកដើម្បីធានាដល់ការធ្វើ អាជីវកម្ម និងអភិរក្សធនធានទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ និងនិរន្តភាព។
-ធ្វើអធិការកិច្ចបច្ចេកទេស លើបណ្តាសំណង់ដែលពាក់ព័ន្ធនឹងធនធានទឹក។
៦–៥-ការិយាល័យទឹកស្អាត និងអនាម័យ
-ធ្វើការសិក្សាប្រភពទឹកលើដី និងក្រោមដី។
-ធ្វើការសិក្សាស្រាវជ្រាវវាយតំលៃព្រមទាំងរៀបចំគំរោងផែនការរយៈពេលខ្លី មធ្យម វែង លើការ អភិវឌ្ឍន៏នូវប្រភពទឹកដែលបំរើការផលិតទឹកស្អាត និងតាមដាន ព្រមទាំងត្រួតពិនិត្យការអនុវត្តន៏។៧-រចនាសម្ព័ន្ធគ្រប់គ្រង
អំពីបុគ្គលិក
មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ មានមន្ត្រីរាជាការសរុបចំនួន ២៨នាក់ ស្រី០៥នាក់ ក្នុងនោះថ្នាក់ឧត្ដមចំនួន ១៦នាក់ ស្រី ០៣នាក់ អ្នកបច្ចេកទេមធ្យម០៣នាក់ ស្រី០១នាក់ អ្នបច្ចេកទេសបឋម ០២នាក់ ស្រី ០១នាក់ និងមន្ត្រីជំនាញធម្មតា ០៧នាក់ ស្រី ០០នាក់។ មានប្រធានការិយាល័យ ធនធានទឹក និងឧតុនិយម ស្រុកចំនួន ០៤នាក់ និងក្រុងចំនួន ០១នាក់។
៨-ស្ថានភាពទូទៅនៃមន្ទីរធនធានទឹក និងឧតុនិយម (សក្តានុពល និងបញ្ហាប្រឈម)
មន្ទីរធនធានទឹក និងឧតុនិយម ជាមន្ទីរមួយដែលបង្កើតនៅក្នុងអណត្តិទីពីរ នៃរាជរដ្ឋាភិបាល។សមត្ថភាពរួមរបស់វិស័យធនធានទឹក និងឧតុនិយម គឺការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រព និងក្តាប់ សក្តានុពលភាពទឹកដែល អាចកើតមានឡើងនៅតាមមូលដ្ឋាននានាក្នុងខេត្ត។
តាមលក្ខណៈភូមិសាស្ត្រខេត្តកំពង់ធំ ជាខេត្តមួយដែលជាប់បឹងទន្លេសាបមាន ស្ទឹង បឹងបួរ និង ត្រពាំងជាដើម ដែលជាប្រភពធនធានទឹកដ៍សំខាន់ សម្រាប់បម្រើឱ្យដល់ការអភិវឌ្ឍសេដ្ឋកិច្ច ដូចជា កសិកម្ម ឧស្សាហកម្ម សិប្បកិម្ម ថាមពលអគ្គិសនី នាវាចរ ការទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាជន។
ដោយសារការកើនឡើងនូវចំនួនប្រជាជន និងការអភិវឌ្ឍន៍បានធ្វើឱ្យតម្រូវការទឹកមានការកើន ឡើងយ៉ាងឆាប់រហ័សដែលបណ្តាលឱ្យមានសំពាធយ៉ាងធ្ងន់ធ្ងរមកលើវិស័យធនធានទឹក ដូចនេះដើម្បី គ្រប់គ្រងធនធានទឹក ឱ្យបានល្អប្រសើរ និង ជៀសវាងនូវការប្រើប្រាស់គ្មានសណ្តាប់ធ្នាប់ នូវធនធាន ទឹកទាំងនោះ មន្ទីរធនធានទឹក និងឧតុនិយម បានអនុវត្តតួនាទីរបស់ខ្លួនក្នុងការប្រមូលផ្តុំ និងប្រើប្រាស់ យ៉ាងពេញទំហឹងនូវធនធាននានា ដើម្បីឆ្លើយតបទៅនឹង តម្រូវការចាំបាច់របស់ប្រជាជននៅក្នុងខេត្តកំពង់ធំ ការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្ត ខ្នាតធំទាំង៣ គឺៈ ស្ទឹងជីនិត-ស្ទឹងតាំងក្រសាំង-ស្ទឹងស្ទោង ប្រព័ន្ធធារាសាស្ត្រមធ្យម និងតូច និងទំនប់ការពារទឹកជំនន់ជាដើម ក្នុងគោលបំណងផ្តល់ទឹកគ្រប់គ្រាន់ដល់ដំណាំកសិកម្ម និងការពារទ្រព្យសម្បត្តិសាធារណៈ។ ដើម្បីសម្រេចបាននូវកិច្ចប្រឹងប្រែងទាំងនេះគឺ ទាមទារ នូវការគាំទ្រទាំងផ្នែកថវិកា និងបច្ចេកទេសពីរាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម ការចូលរួមពីវិស័យឯកជន និងសហគមន៍ផ្តល់ជំនួយ រួមទាំង ប្រជាជនផងដែរ។ ក្នុងពេលអនុវត្តផែនការ អភិវឌ្ឍសេដ្ឋកិច្ចមានដៃគូរអភិវឌ្ឍន៍ជាច្រើនចូលរួមក្នុងវិស័យទឹកដូចជាធនាគារអភិវឌ្ឍន៍អាស៊ីធនាគារពិភពលោកមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម មូលនិធិសង្គម មូលនិធិឃុំ WaterResource, CWS, WFP, WVS, CARITAS,ADRA និងសប្បុរសជន … ។ ល។ ការចូលរួមដ៏មានតម្លៃនេះអាចគាំទ្រដល់ដំណើរការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក ដើម្បីសម្រេចបានគោលដៅ ក្នុងការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ដល់កសិកម្មព្រមទាំងរួមចំណែកដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។ទន្ទឹមនឹងនេះក៏មានបញ្ហាប្រឈមជាច្រើនផងដែរដូចជា៖
-ខ្វះទឹកស្រោចស្រពនៅរដូវប្រាំង
-ទឹកជំនន់
-ទ្វារទឹកស្វ័យប្រវត្តិពិបាកប្រើប្រាស់
-ប្រជាពលរដ្ឋមានទីលំនៅ និងធ្វើស្រែក្នុងអាងទឹក (នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក)
-ការប្រើប្រាស់ទឹកមិនមានសមភាពរវាងកសិករនៅខាងលើទឹក និងខាងក្រោមទឹក
-រថយន្តដឹកកសិផលធ្វើចរាចរណ៍លើទំនប់មានទម្ងន់ធ្ងន់
-ការទន្រ្ទានយកចំណី បឹង ស្ទឹង អូរ ជាកម្មសិទ្ធិ
៩-សកម្មភាពស្នូល និងថវិការបស់មន្ទីរប្រចាំឆ្នាំ
ដើម្បីអនុវត្តអោយបានជោគជ័យនូវគោលបំណង គោលនយោបាយដែលបានកំណត់ខាងលើមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានរៀបចំសកម្មភាពយុទ្ធសាស្រ្តជាច្រើន ហើយបញ្ជាក់យ៉ាងច្បាស់លាស់ អំពីតម្រូវការធនធាន និងរយៈពេលអនុវត្តរាល់សកម្មភាពជាយុទ្ធសាស្រ្តនីមួយៗ។ ថវិកាតាមកម្មវិធីប្រចាំឆ្នាំ២០១៩ សរុបចំនួន 835,700,000 ៛ យុទ្ធសាស្រ្តអាទិភាពទាំងនោះមាន៖- ថែទំា និងជួសជុលប្រព័ន្ធធារាសាស្រ្ត តូច ធំ (ប្រឡាយ និងសំណង់សិល្បះការ)។
- ស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្តចាស់ៗ
- ជីកប្រឡាយថ្មីសាងសង់សំណង់សិល្បះការ តូច ធំ
- សាងសង់ប្រព័ន្ធប្រឡាយប្រមូលទឹក ដោះទឹក
- សាងសង់សំណង់ស្ទាក់ទឹកតាមអូរ-ស្ទឹង
- ពង្រឹងសហគមន៏កសិករប្រើប្រាស់ទឹកដែលមានស្រាប់
- រៀបចំបង្កើតថ្មី និងបណ្តុះបណ្តាលសហគមន៏កសិករប្រើប្រាស់ទឹក
- អន្តរាគមន៏បូមទឹកសង្រ្គោះស្រូវជួបគ្រោះរាំងស្ងួត
- សាងសង់អគារសហគមន៏កសិករប្រើប្រាស់ទឹកតាមប្រព័ន្ធធារាសាស្រ្តដែលបានស្តាររួច
- ការគ្រប់គ្រងតំបន់ផ្ទៃរងទឹកភ្លៀង និងចងក្រង ទិន្នន័យទូទាំងខេត្តពិសេសអាងស្ទឹងសែន
- តម្លើងស្ថានីយ៍ ឧតុនិយមស្វ័យប្រវត្តិ
- តម្លើងស្ថានីយ៍វាស់កម្ពស់ទឹកតាមដងស្ទឹងទូទាំងខេត្តពិសេសដងស្ទឹងសែន
- តម្លើងប៉ុស្ត៍តម្រងទឹកភ្លៀងតាមបណ្តាស្រុក
- បណ្តុះបណ្តាល ជំនាញបច្ចេកទេសដល់មន្រ្តីក្នុងអង្គភាព
- សាងសង់សួនច្បារ រោងឡាន និងដងទង់ជាតិ
- ជួសជុលអគារ និងរបងអគារ
- សម្ភារបរិក្ខាបច្ចេកទេស និងសង្ហារឹម សម្រាប់ប្រើប្រាស់ការងាររដ្ធបាល