រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ទណ្ឌិតមួយចំនួននឹងត្រូវបន្ធូរបន្ថយទោសក្នុងពិធីបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ!

ព្រឹក​ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០១៧ ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ បាន​អញ្ជើញ​ចូលរួម​ប្រជុំ​ត្រួតពិនិត្យ​លើ​ទណ្ឌិត ដែលមាន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ស្នងការរង និង​មន្ត្រី​អាគារ​នុរក្ស​ពន្ធនាគារ ដើម្បី​ដាក់​ស្នើសុំ​បន្ធូរបន្ថយ​ទោស​ចំពោះ​ទណ្ឌិត​ណា​ដែល​បាន​ព្យាយាម កសាងខ្លួន​បានល្អ និង​ឆាប់​បាន​រួច​ទោស ។

លោក ភាន ឆវ័​ន្ត ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ធំ លើកឡើងថា ក្នុង​ខេត្តកំពង់ធំ មាន​ជន​ជាប់ឃុំ ចំនួន ៦៤២នាក់ ស្រី​ចំនួន ៥១នាក់ អ​និតិ​ជន ៣៣នាក់ ស្រី ០៤ នាក់ ក្នុងនោះ​មាន​ជន​ត្រូវ​ចោទ ៩៦នាក់, ជនជាប់ចោទ ១១៨នាក់ ពិរុទ្ធជន ២៩៤នាក់ និង​ទណ្ឌិត ១១៣នាក់។ ក្នុង​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ត្រួតពិនិត្យ​បន្ថែម​លើ​ទណ្ឌិត ដែល​បាន​ប្រឹងប្រែង កសាងខ្លួន​បានល្អ រួច​ដាក់សំណើ បន្ធូរបន្ថយ​ទោស​ទៅ​គណៈកម្មការ​ថ្នាក់ជាតិ ក្នុងឱកាស​ពិធីបុណ្យ អ៊ុំ​ទូក អកអំបុក និង​សំពះព្រះខែ ឆ្នាំ២០១៧ ខាងមុខនេះ ។ ក្នុង​សំណើ​នោះ​មាន សុំ​បន្ថយទោស ១២ខែ ចំនួន ០៧នាក់ ស្រី ០០នាក់ សុំ​បន្ថយទោស ០៩ខែ​ចំនួន ០៩នាក់ ស្រី ០២នាក់ សុំ​បន្ថយទោស ០៦ខែ ចំនួន ០៦នាក់ ស្រី ០៣នាក់ ។
ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្ត និង​ជា​ប្រធានគណៈកម្មការ លើកលែង និង​បន្ធូរបន្ថយ​ទោស​ខេត្ត លើកឡើងថា ការលើកលែងទោស និង​បន្ធូរបន្ថយ​ទោស​ឲ្យ​ទណ្ឌិត គឺ​ធ្វើការ​វាយតម្លៃ​ទៅលើ​សកម្មភាព​កសាងខ្លួន​របស់​ទណ្ឌិត​ម្នាក់ៗ ដោយ​ផ្អែកលើ​លក្ខណៈសម្បត្តិ ០៤ យ៉ាង​គឺ៖
១. ទទួលស្គាល់​ទោស​កុំ​ហុស ដូច​បានកំណត់​នៅក្នុង​សាលក្រម​ស្ថាពរ ហើយ​តាំងចិត្ត​កែប្រែ ដើម្បី​កសាងខ្លួន​ជា​ពលរដ្ឋ​ល្អ អាចធ្វើ​សមាហរណកម្ម​ក្នុងសង្គម​នាពេល​អនាគត ។
២. គោរព និង​អនុវត្ត ម៉ឺងម៉ាត់ នូវ​វិន័យ បទបញ្ជាផ្ទៃក្នុង​ពន្ធនាគារ សកម្មភាព​ចូលរួម​បង្ការ ទប់ស្កាត់​ទង្វើ​ល្មើស​របស់​អ្នកទោស​ផ្សេងទៀត​ក្នុង​ពន្ធនាគារ មិន​និយាយ ឬ​ប្រព្រឹត្ត​ទង្វើ​ទាំងឡាយណា​ដែល​ជះឥទ្ធិពល​ដល់​អ្នក​ដ៏​ទៃ ។
៣. សកម្មភាព​ក្នុងការ​ងារ​ពលកម្ម និង​រៀន​វិជ្ជាជីវៈ​ប្រកបដោយ​ស្មារតី​ភ្ញាក់រលឹក ប្រឹងប្រែង​សម្រេចបាន​តាម​ផែនការ​កំណត់ ដែលជា​ឥទ្ធិពល​ក្នុងការ​ជម្រុញ​ចលនាប្រឡងប្រណាំង​ក្នុងចំណោម​ទណ្ឌិត​ទាំងឡាយ បង្កើត​គំនិតច្នៃប្រឌិត​ដែល​ត្រូវបាន​ទទួលស្គាល់ និង​បញ្ចូល​ក្នុងការ​អប់រំ​ការងារ​ពលកម្ម និង​បង្រៀន​វិជ្ជាជីវៈ ។
៤. សកម្ម លត់ដំ និង​អប់រំ​ខ្លួន កសាង​ចរិយាមាយាទ លើកកម្ពស់​សីលធម៌​រស់នៅ គោរព​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​ចំពោះខ្លួន​ឯង និង​អ្នក​ដ៏​ទៃ ដើម្បី​ក្លាយជា​ពលរដ្ឋ​ស្លូតត្រង់ មាន​ប្រយោជន៍​សម្រាប់​ជាតិ ព្រមទាំង​មាន​ស្មារតី​ជួយ​ដល់​ទណ្ឌិត​ដ៏ទៃទៀត​ឲ្យ​ខិតខំ​កសាងខ្លួន​ដើម្បី​ភាព​រីកចម្រើន​ទាំងអស់គ្នា។

ឯកឧត្តម បន្តថា ដោយយោង​លើ​លក្ខណៈសម្បត្តិ​ទាំងបួន​ខាងលើ នេះហើយ ទើប​គណៈកម្មការ​លើកលែង និង​បន្ធូរបន្ថយ​ទោស​ថ្នាក់​ខេត្ត បានធ្វើការ​វិនិច្ឆ័យ បន្ធូរបន្ថយ​ទោស ទណ្ឌិត​ចំនួន ១៨ នាក់ លើ​ចំនួន ១៩នាក់ ដោយ ០១នាក់ បានទទួល​ការបន្ធូរបន្ថយ​ទោស​កន្លងមក​រួចហើយ។ បន្ថែម​ពីនេះ​ទៀត ឯកឧត្តម បានស្នើ​ឲ្យ​មន្រ្តី​ពន្ធនាគារ​ទាំងអស់ ជួយ​បន្ថែមទៀត​ក្នុងការ​អប់រំ​សីលធម៌ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​ទណ្ឌិត ដើម្បី​បាន​កសាងខ្លួន​ជា​ពលរដ្ឋ​ល្អ​នាពេល​អនាគត ៕

Related Post