មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ រៀបចំ ទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី១៩ ឆ្នាំ២០១៧នៅល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានរៀបចំប្រារព្ធពិធី អបអរសាទទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី១៩ ឆ្នាំ២០១៧ ក្រោមប្រធានបទ: ( យុវជន ដើម្បីវប្បធម៌ជាតិ ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និង មានការអញ្ជើញចូលរួម ពី ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទំាងបីប្រភេទ លោកគ្រូ អ្នកគ្រូ គរុសិស្ស និង សិស្សានុសិស្ស ចូលរួមយ៉ាងច្រើនកោះកុរ។
លោក ឆាង កង ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានស្វាគមន៍និងអានរបាយការណ៍ដោយ លើកឡើងថា នៅខេត្តកំពង់ធំ សម្បត្តិបេតិកភ័ណ្ឌវប្បធម៌រូបី មានប្រាសាទចំនួន ៤៤៧ ប្រាសាទ ទួលបុរាណមានចំនួន ៣៥២ទួល ស្រះបុរាណមានចំនួន ៨៦ស្រះ វត្តបុរាណមានចំនួន ៤៤វត្ត ផ្ទះបុរាណមានចំនួន ២៤៩ផ្ទះ អាស្រមបុរាណ មានចំនួន ២៦អាស្រម មណ្ឌលឧក្រិដ្ឋកម្ម ២កន្លែង រមណីយដ្ឋានមាន ចំនួន៥កន្លែង ស្ពានបុរាណមានចំនួន១ អគារ និងសំណង់បុរាណមានចំនួនជាច្រើនទៀត។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍សំណេះសំណាល ដែលលើកឡើង ថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិទទួលបាននូវ សុខសន្តិភាព និងការអភិវឌ្ឍន៍មានការរីកចំរើន លើគ្រប់វិស័យ ជាពិសេស វិស័យវប្បធម៌ ក៏កំពុងមានការភិវឌ្ឍន៍ និងកាន់តែធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើឡើងជាលំដាប់។
ឯកឧត្តម សុខ លូ ទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី៩ ក្រោមប្រធានបទ (យុវជន ដើម្បីវប្បធម៌ជាតិ) ក្នុងគោលបំណង ឲ្យប្រជាជន មហាជន ជាពិសេសយុវជន ដែលជាទំពាំស្នងឬស្សីត្រូវខិតខំប្រឹងប្រែងថែរក្សាសម្បត្តិវប្បធម៌ជាតិ ទាំងរូបី និងអរូបី ដ៏សម្បូរណ៍បែបប្រកបដោយសក្តានុពលភាពក្នុងការរួមចំណែកអភិវឌ្ឍន៍ សង្គម និងភាពសុខសាន្តរបស់ប្រជាជន និងប្រជាជាតិយើង។
លោកជំទាវ ភឿង សកុណា មានប្រសាសន៍សំណេះសំណាល ថ្លែងអំណរគុណ និងកោតសរសើរចំពោះ ដល់ថ្នាក់ដឹកនាំខេត្តកំពង់ធំ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ដែលបានប្រារព្ធទិវា វប្បធម៌ជាតិ ០៣ មីនា លើកទី៩នេះឡើង ជាពិសេសធ្វើអោយយុវជនយើងជំនាន់ក្រោយ ចេះស្រឡាញ់កាន់តែខ្លាំងឡើងនិងមានស្មារតីចូលរួមយ៉ាសកម្មថែមទៀត ក្នុងការការពារវប្បធម៌ជាតិ ទាំងរូបី និងអរូបី។ លោកជំទាវបានបន្តថាការងារនេះជាការងារមន្ទីវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកបំផុសនិងធ្វើអោយប្រជាពលរដ្ឋតាមមូលដ្ឋាន ចេះជួយថែរក្សា ការពារ មិនតែប៉ុណ្ណោះត្រូវ បំផុសប្រជាជនឲ្យលេងល្បែងប្រជាប្រិយ និងចេះបង្កើតនូវស្នាដៃថ្មីៗ ទៀត ដូចជា របាំ ល្ខោន យីកេ ភ្លេងប្រពៃណី សម្រាប់បំរើឲ្យមានការសប្បាយរីករាយផងដែរ ។ នៅតាមសហគមន៍នីមួយៗ ត្រូវរកឲ្យឃើញអ្នកដែលមានស្នាដៃ និងទេពកោសល្យ ដូចជា ល្បែងក្បាច់បុរាណខ្មែរ អ្នកចេះធ្វើខ្លែងឯក ផ្លុំស្លឹក វាយអង្គួច ចាប៉ីដងវែង ខ្សែដៀវ ដើម្បីឲ្យពួកគាត់ទាំងនោះផ្ទេរនូវចំណេះដឹងដល់អ្នកជំនាន់ក្រោយ ។ ជាចុងក្រោយគណៈអធិបតីក៏បានចែកវត្ថុអនុស្សាវរីយ៍ ទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី១៩ ឆ្នាំ២០១៧ និង មានការបង្ហាញពីទំរងសិល្បះវប្បធម៍អរូបី (ល្ខោនខោល កុម្ភកាតាំងសិល) ផងដែរ៕