មានទឹក គឺមានដំណាំ”
ប្រជាជនស្រុកបារាយណ៍ ឃុំឈូកខ្សាច់ និងឃុំបារាយណ៍ សប្បាយរីករាយចិត្ត ដោយបានទទួលចំណងដៃថ្មីប្រឡាយមួយខ្សែរ ប្រវេង ៩.១០០ម៉ែត្រ ត្រូវបានបើកការដ្ឋានស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៃកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំអង្ករចេញ (Rice-SDP) កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និង ឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការ និងជានាយកអង្គភាពអនុវត្តកម្មវិធីថ្នាក់ជាតិ សម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ របស់ក្រសួងធនធានទឹក និងឧតុនិយម។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា៖ ខេត្តកំពង់ធំ មានប្រព័ន្ធធារាសាស្ត្រធំៗ២ គឺ ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត និងប្រព័ន្ធធារាស្ត្រស្ទឹងស្ទោង។ ក្រៅពីប្រព័ន្ធធារាសាស្ត្រធំៗទំាងពីរនេះ នៅមានអាងទឹកតូចៗ ទំនប់ស្ទាក់ទឹក ប្រព័ន្ធប្រឡាយ និងសំណង់សិប្បការសរុបចំនួន ៤៨២កន្លែង។
ឯកឧត្តម បានបន្ថែមទៀតថា៖ ប្រព័ន្ធធារាសាស្ត្រ ដើរតួយ៉ាងសំខាន់ណាស់ក្នុងការស្រោចស្រព្វដំណាំ។ ហើយប្រឡាយឈូកខ្សាច់នេះ ជាប្រឡាយចាស់ សាងសង់ឡើងក្នុងឆ្នាំ១៩៧៧ ក្នុងរបបប៉ុលពត បច្ចុប្បន្នត្រូវបានស្តារឡើងវិញ ជាអនុគម្រោងអាទិភាពទី១ ក្នុងចំណោមអនុគម្រោងអាទិភាពទំាង១០ របស់កម្មវិធីក្នុងខេត្តកំពង់ធំ មានប្រវែង ៩.១០០ម៉ែត្រ ស្មើនឹង ៩,១គីឡូម៉ែត្រ ដែលត្រូវចំណាយទឹកប្រាក់ជាងមួយលានដុល្លាអាមេរិក ហើយត្រូវចំណាយរយៈពេលសាងសង់ ៩ខែ ស្មើនឹង ២៧០ថ្ងៃ គិតចាប់ពីខែមករា ឆ្នាំ២០១៧តទៅ។ សំណង់ត្រូវសាងសង់ និងជួសជុលចំនួនប្រមាណ ៤០កន្លែង ដូចជាសំណង់ស្ទាក់ទឹក សំណង់ចែកចាយទឹក សំណង់បង្ហៀរទឹក និងស្ពានឆ្លងកាត់ប្រឡាយ (សម្រាប់ មនុស្ស សត្វ គោយន្ត ឆ្លងកាត់) ដែលបានបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ១៧ភូមិ ក្នុងឃុំចំនួនពីរ គឺឃុំឈូកខ្សាច់ ចំនួន ១០ភូមិ និងឃុំបារាយណ៍ ចំនួន ៧ភូមិ ដែលមានប្រជាពលរដ្ឋទទួលផលប្រមាណ ៣.០១៤គ្រួសារ សរុបប្រជាជន ១៣.១៤៧នាក់ លើផ្ទៃដីស្រោចស្រព្វប្រមាណ ៣.៦៩៣ហិចតា ក្នុងនោះផ្ទៃដីធ្វើស្រូវវស្សាប្រមាណ ១.៧៤៥ហិចតា និងធ្វើស្រូវប្រាំង ប្រមាណ ១.៩៤៨ហិចតា។ ឯកឧត្តម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទំាងអស់ សូមជួយថែរក្សា និងថែទំាសមិទ្ធផលនេះឲ្យល្អ និងទទួលខុសត្រូវខ្ពស់ ក្នុងការបែងចែក និងប្រើប្រាស់ទឹកប្រកបដោយតម្លាភាព និងប្រសិទ្ធិភាព ប្រែក្លាយតំបន់នេះ ជាកន្លែងគំរូ ក្នុងសកម្មភាពផលិតពូជស្រូវ និងផលិតកម្មស្រូវអង្ករ និងអនុវត្តសាកល្បងនូវសកម្មភាពធានារ៉ាប់រងដំណាំ
នៅក្នុងពិធីនេះផងដែរ ប្រជាពលរដ្ឋមានក្តីសប្បាយរីយរាយឥតឧបមារ និងថ្លែងអំណរគុណជាពន្លឹក ចំពោះថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ដែលបានដឹកនាំប្រទេសមានសុខសន្តិភាព និងមានការអនុវត្តគ្រប់វិស័យទំាងអស់ ជាពិសេសតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលជានិច្ចកាល តែងតែនៅជាមួយប្រជាជន ដឹងសុខទុក្ខប្រជាជនជានិច្ច! មានសម្តេច ហ៊ុន សែន គឺមានសន្តិភាព និងការអភិវឌ្ឍន៍។