រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សម្តេចក្រឡាហោម  ស ខេង នាយករដ្ឋមន្ត្រីស្តីទី អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកំពង់ធំ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកំពង់ធំ ដែលមានរយៈពេល ០២ថ្ងៃ នៅសាលប្រជុំសាលាខេត្តកំពង់ធំ  ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការសាលាខេត្ត កងកម្លាំងទាំងបី ក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រមាណជិត៤០០នាក់ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានឡើងរាយការណ៍ជូន សម្តេចក្រឡាហោម ស ខេង អំពីលទ្ធផលនៃអង្គសន្និបាតដែលបានធ្វើអស់រយៈពេល១ថ្ងៃកន្លងមកហើយនោះ ។ ក្នុងនោះយើងបានរកឃើញនូវបញ្ហាប្រឈមមួយចំនួន និងបានស្វែងរកដំណោះស្រាយនានា ព្រមទាំងទទួលបាននូវមេរៀនបទពិសោធន៍ល្អៗ ។ ឯកឧត្តម បានធ្វើការវាយតម្លៃខ្ពស់ ប្រកបដោយមោទនភាពយ៉ាងក្រៃលែង ចំពោះលទ្ធផលការងារដែលសម្រេចបាន និងបានដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្ត ឆ្នាំ២០១៨ ផងដែរ ។

ឯកឧត្តមបន្ថែមទៀតថា ទោះបីជាសមិទ្ធផលដែលយើងសម្រេចបានមានភាពល្អប្រសើរហើយក៏ដោយ តាមរយៈបទអន្តរាគមន៍របស់មន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត នៅមានបញ្ហាមួយចំនួនដូចខាងក្រោម៖ ១). វិស័យដីធ្លី ២). វិស័យព្រៃឈើ ៣). វិស័យបរិស្ថាន ៤). ជលផល ៥). ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និង ៦). វិស័យអគ្គិសនី ។ ក្នុងនោះខេត្តបានរៀបចំកែលម្អសោភណ្ឌភាពក្រុងស្ទឹងសែន ពង្រឹងយន្តការច្រកចេញចូលតែមួយ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពង្រឹងការអនុវត្តអភិបាលកិច្ចល្អ និងការធ្វើអោយប្រសើរទ្បើងនូវប្រសិទ្ធភាពការងារ សំដៅកាត់បន្ថយភាពអសកម្មនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខុមាលភាព វិបុលភាពរបស់ ប្រជាពលរដ្ឋ ទូទាំងខេត្ត ។

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង-ស្រុក ឃុំ-សង្កាត់ទំាងអស់ ដែលមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួបរួមគ្នាខិតខំធ្វើការងារសម្រេចបានល្អប្រសើរ និងសម្រេចបានកិច្ចការធំៗ ដូចជា ការពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមពីប្រជាពលរដ្ឋផងដែរ ជាពិសេសកងកម្លំាងប្រដាប់អាវុធ ដែលបានខិតខំការពារ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ។ ក្នុងនោះសម្តេចក្រឡាហោម បានជំរុញថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ខិតខំបម្រើសេវាសាធារណៈឲ្យមានតម្លាភាព ប្រសិទ្ធភាព ឲ្យបានទាន់ពេលវេលាផងដែរ ។ សម្តេចក្រឡាហោម បន្ថែមទៀតថា ការធ្វើកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសព្វថ្ងៃនេះ យើងទទួលបានដំណើរការល្អ សមស្របទៅតាមស្ថានភាពរបស់ប្រទេសជាតិបច្ចុប្បន្ន និងមានការគាំទ្រពីមន្ត្រីរាជការ ធ្វើឲ្យការកែទម្រង់នេះទទួលបានលទ្ធផលល្អប្រសើរ ធ្វើឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ អាចរក្សាកំណើនបាន ៧%ក្នុងមួយឆ្នាំ ។

ម្យ៉ាងវិញទៀត ចំពោះបញ្ហាដែលនៅសេសសល់ពីឆ្នាំចាស់ ត្រូវយកមកធ្វើបន្តទៀតនៅឆ្នាំថ្មី ដើម្បីដោះស្រាយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម បានអំពាវនាដល់មន្ត្រីរាជការទំាងអស់ ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ត្រូវពង្រឹងគណៈបញ្ជាការឯកភាពឲ្យបានល្អ ពង្រឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេសត្រូវលើកទឹកចិត្តប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ និងប្រជាការពារ ត្រូវមានការសហការគ្នា និងចូលរួមគោរពច្បាប់ចរាចរណ៍ទំាងអស់គ្នា៕

Related Post