ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សហកម្ម និងសិប្បកម្មតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សហកម្មនិងសិប្បកម្ម និង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគាររដ្ឋបាលថ្មី របស់មន្ទីរឧស្សហកម្ម និងសិប្បកម្មខេត្តកំពង់ធំ ថ្ងៃអង្គារ៍ ១៣ រោជ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ ប្រធានអង្គភាពមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត អាជីវករ ប្រមាណជាង៦០០ នាក់ ។
លោក ប្លោក ចាន់រដ្ឋា ប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តកំពង់ធំ បានធ្វើរបាយការណ៍សង្ខេបពីស្ថានភាពការសាងសង់អាគាររដ្ឋបាលថ្មី ត្រូវបានចុះហត្ថលេខាសាងសង់នៅថ្ងៃទី១១ ខែ កក្តដា ឆ្នាំ ២០១៦ ដោយចាប់ផ្តើមសាងសង់នៅថ្ងៃទី១៨ ខែ កក្តដា ឆ្នាំ ២០១៦ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ ២០១៦ ដោយក្រុមហ៊ុន សំណង់បុរីកម្មករ ខូអិលធីឌី ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន អស់ទឹកប្រាក់ ៣៩៨,១២៧,៥០០ រៀល ។
ឯកឧត្តម សុខ លូ បានលើកឡើងថាផ្អែកលើកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ផ្តើមចេញពីសុខសន្តិភាពនេះបានផ្តល់ឱកាសឲ្យប្រជាជនប្រកបមុខរបរក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធារនិងសំបូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ ។ឆ្លើយតបនិងបរិបទនេះ អាជ្ញាធរខេត្តបានរួមសហការណ៍ជាមួយអង្គភាពមន្ទីរជំនាញនិងពីគ្រប់អ្នកពាក់ព័ន្ធកំពុងយកចិត្តទុកដាក់និងអនុវត្តយ៉ាងសកម្មប្រកបដោយមនសិការនិងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ។
ឯកឧត្តម គឹម ទូច បានមានប្រសាសន៍កោតសរសើរដល់លោក ប្លោក ច័ន្ទរដ្ឋា និងមន្ត្រីរាជការមន្ទីរឧស្សាហ៍កម្ម និងសិប្បកម្ម ដែលបានខិតខំអស់កំលាំងកាយចិត្ត បំពេញការងារបានល្អ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំដល់ប្រធានមន្ទីរ ត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ស្នាដៃថ្មីៗបន្ថែមទៀត ក្នុងការងារគ្រប់គ្រង ដឹកនាំអង្គភាព ដោយឈរលើស្មារតីទទួលខុសត្រូវ និងសាមគ្គីភាពផ្ទៃក្នុងខ្ពស់ ខិតខំបម្រើសេវាសាធារណៈ នៅថ្នាក់មូលដ្ឋានឲ្យបានកាន់តែប្រសើរ និងបំពាក់បំប៉នចំណេះជំនាញបន្ថែម ដើម្បីត្រៀមទទួលយកការងារ តាមរយៈការធ្វើប្រតិភូកម្មអំណាច ពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ។ ចំណុចនេះ ឯកឧត្តម បានណែនាំជាថ្មីទៀត ឲ្យមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ធំ ក៏ដូចជាគ្រប់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី-ខេត្ត ដទៃទៀត ពិនិត្យឲ្យអស់លទ្ធភាព ដើម្បីចុះដល់មូលដ្ឋានសហគ្រាសខ្នាតតូច និងមធ្យម ធ្វើការចុះបញ្ជីជូនពួកគាត់ ដើម្បីឲ្យមានការទទួលស្គាល់តាមផ្លូវច្បាប់ ងាយស្រួលគ្រប់គ្រង និងជួយគាំទ្រពួកគាត់ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើឡើង។ក្នុងនោះដែរគណៈអធិបតីបានប្រគល់ថវិកាដល់អ្នកចូលរួមនិងមន្ទីរមួយចំនួនផងដែរ ។ ចុងបញ្ចប់គណអធិបតីបានបំពាក់គ្រឿងឥស្សរយយសជូនដល់មន្ត្រីរាជការក្នុងមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ដែលមានស្នាដៃចំនួន៩រូប និងពិធីកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់នូវអាគាររដ្ឋថ្មីជាផ្លូវការ ៕