រដ្ឋបាលខេត្តកំពង់ធំ

SEARCH

គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន ២ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិស ដែលមានទឹកប្រាក់រហូតដល់ ៦៦លានដុល្លារអាមេរិក

រដ្ឋបាលខេត្តកំពង់ធំ រៀបចំបើកវគ្គបណ្តុះបណ្តាលតម្រង់ទិស គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន ២ ក្រោមអធិបតីភាពលោក ស ប៉ាហូ នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ និងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លោក ណុប ណូវី តំណាងឯកឧត្តមនាយកគម្រោង នៃលេខាធិការដ្ឋាន គ.ជ.អ.ប និងលោក គាំ សុគន្ធ តំណាងអគ្គនាយកដ្ឋានកសិកម្ម ។

លោក ស ប៉ាហូ មានប្រសាសន៍លើកឡើងថា គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហានទី១ មានរយៈពេល ៥ឆ្នាំ (២០១៣-២០១៧) យើងអនុវត្តកម្មវិធីគម្រោងនេះលើខេត្តគោលដៅចំនួន ៥ ក្នុងនោះមាន ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ លើ ឃុំ-សង្កាត់ គោលដៅចំនួន ១៦៩ឃុំសង្កាត់ ដែលទទួលបាននូវផលិតភាពកសិកម្មត្រូវបានបង្កើន ព្រមទំាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយត្រូវបានពង្រឹង ។

លោក ស ប៉ាហូ បន្ថែមទៀតថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា រួមមានធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម និងរាជរដ្ឋាភិបាលប្រទេសហ្វាំងឡង់ ដែលបានផ្តល់ជំនួយឥតសំណង និងហិរញ្ញបទានកម្ចីដ៏ធំធេងតាមរយៈគម្រោង TSSD សម្រាប់ការអនុវត្តគម្រោង TSSD នៅជំហានទី២ មានរយៈពេល ៥ឆ្នាំបន្តទៀត ចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៣ នូវទឹកប្រាក់រហូតដល់ទៅ ៦៦លានដុល្លារអាមេរិក មានគោលដៅបន្ថែមនូវខេត្តចំនួនពីរទៀត រួមមាន ខេត្តបាត់ដំបង និងខេត្តព្រៃវែង មានឃុំ-សង្កាត់គោលដៅ សរុបទំាងអស់ ចំនួន ២៧០ឃុំសង្កាត់ សម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ថែមទំាងជំរុញបង្កើនផលិតភាពកសិកម្ម ពិពិធកម្មកសិកម្ម ភាពធននឹងអាកាសធាតុ ការផលិតសម្រាប់លក់ ការអភិវឌ្ឍសហគ្រាស និងការរៀបចំទីផ្សារសម្រាប់លក់ផលិតផល។ ចុងបញ្ចប់លោក ស ប៉ាហូ សំណូមពរដល់សិក្ខាកាមទំាងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់នូវការធ្វើបទបង្ហាញ និងលើកជាសំនួរ ឬចម្ងល់ ដែលផ្តោតទៅលើប្រធានបទនេះ ។

Related Post