ដើម្បីលើកកម្ពស់ការយកចិត្តទុកដាក់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បាននឹងកំពុងជួយដល់ ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ សុខភាពមាតា ទារក និងកុមារទូទំាងប្រទេស ដោយផ្តល់នូវសិទ្ធិរស់រៀនមានជីវិត សិទ្ធទទួលបានការការពារ សិទ្ធទទួលបានការអភិវឌ្ឍន៍ និងសិទ្ធក្នុងការចូលរួម។
ជាក់ស្តែងនៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់បុរីកុមារកំព្រាខេត្តកំពង់ធំ នូវអង្ករ ២៥០គីឡូក្រាម អាហារូបត្ថម្ភ ១០កេសធំ មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំទទួលបាននូវ អង្ករអាហារូបត្ថម្ភ ១០កញ្ចប់ ឃីដទារក ១កញ្ចប់ សារ៉ុង ១ ទឹកដោះគោ ស្ករស និងថវិកាមួយចំនួន និងប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ ចំនួន ៣គ្រួសារ ដោយមួយគ្រួសារទទួលបាន អាហារូបត្ថម្ភ ៤កញ្ចប់ អង្ករ ២៥គីឡូក្រាម ឃីដ ១កញ្ចប់ ធុងទឹកចំណុះ ៨០លីត្រ និងការដុង។
ជាមួយគ្នានោះដែរ ឯកឧត្តម បានផ្តាំផ្ញើរដោយលើកឡើងថា ប្អូនៗក្មួយកំព្រាឪពុកម្តាយបង្កើតពិតមែន តែក្មួយៗនៅមានថ្នាក់ខេត្ត និងមន្ទីរ ជាពិសេសគឺ ម៉ែដោះមើលថែរក្សាត្រូវស្រឡាញ់ក្មួយៗ ដូចជាកូនបង្កើតរបស់ខ្លួនឯង ផ្តល់ភាពកក់ក្តៅ និងជួយបីបាច់ថែរក្សាក្មួយៗ ឲ្យបានចូលសិក្សារៀនសូត្រ ដូច្នេះក្មួយៗត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ស្តាប់ការណែនាំរបស់លោកគ្រូ អ្នកគ្រូ មាតាបិតា និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ ក្លាយជាកុមារជាទំពាំងស្នងឬស្សី ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា។
បន្ទាប់មកឯកឧត្តម និងក្រុមការងារបានបន្តដំណើរចែកអំណោយនៅមន្ទីរពេទ្យបង្អែកខេត្ត និងបានអំពាវនាវសូមអោយស្ត្រីយើងទាំងអស់អញ្ជើញទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតា ទាំងទារក និងទទួលថ្នាំបង្ការជំងឺ១១មុខ តាមការណែនាំ និងតាមកាលកំណត់របស់គ្រូពេទ្យ និងសូមបំបៅទារកដោយទឹកដោះម្ដាយតែមួយមុខគត់ ចាប់ពីពេលទារកទើបប្រសូតភ្លាម រហូតដល់ទារកមានអាយុ៦ខែ និងសូមប្រញាប់យកទារកទៅមន្ទីរពេទ្យភា្លម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាគ ឬជំងឺឆ្លងដទៃទៀត។ ក្នុងនោះឯកឧត្តម បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ ឲ្យថែរក្សាសុខភាព រស់នៅស្អាត ហូបស្អាត ផឹកស្អាត ជានិច្ច៕