នៅរសៀលថ្ងៃសៅរ៍ ០១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រះសពភិក្ខុ ឈាង លី ព្រះចៅអធិការវត្តសំរោងមានជ័យ ហៅវត្តលាពាក្យ ដែលបានទទួលមរណៈភាព កាលពីថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ វេលាម៉ោង ៨:៣០នាទីព្រឹក ក្នុងជន្មាយុ ៥៨ឆ្នាំ ដោយរោគគាពាធ។
ក្នុងឱកាសនោះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានចូលរួមរំលែកមរណទុក្ខ និងសម្តែងសមានទុក្ខដ៏ក្រៀមក្រំ អាឡោះអាល័យ ស្រណោះស្រណោកសោកស្តាយយ៉ាងក្រៃលែង ជាមួយក្រុមគ្រួសារនៃសព ព្រមទំាងពុទ្ធបរិស័ទ្ធញាតិមិត្តជិតឆ្ងាយទំាងអស់ផងដែរ។ ឯកឧត្តម បានលើកឡើងថា មរណភាពរបស់ព្រះភិក្ខុ ឈាង លី គឺជាការបាត់បង់នូវបុគ្គលមួយរូបដែលប្រកបដោយព្រហ្មវិហារធម៌ និងស្នាដៃសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងវិស័យពុទ្ធចក្រ លោកបានបង្ហាត់បង្រៀនធម៌ដល់កូនសិស្ស និងព្រះសង្ឃជាច្រើនអង្គ ព្រមទំាងដឹកនាំព្រះពុទ្ធដឹកនាំពុទ្ធបរិស័ទ្ធចំណុះជើងវត្តជួសជុលព្រះវិហារ ស្តារស្រះទឹក ធ្វើរបងវត្ត ក្លោងទ្វារ កុដ៏ ប្រាសាទ រូបសំណាកផ្សេងៗ នៅក្នុងវត្ត សាលាឆាន់ សាលាបាលី សាលាឆទាន ព្រមទំាងចាក់ដីបំពេញទីធ្លា និងក្រាលបេតុងក្នុងវត្តផងដែរ។
សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធទំាងអស់ ជួយលើកស្ទួយដួងវិញ្ញាណក្ខន្ធរបស់ព្រះភិក្ខុ ឈាង លី បានសោយសុខ ក្នុងសុគតិភពជានិច្ចនិរន្តន៍។ ដូច្នេះយើងទំាងអស់គ្នាដែលនៅមានជីវិតនេះ ត្រូវខិតខំប្រព្រឹត្តិនៅអំពើល្អ ធ្វើបុណ្យ ដាក់ទាន រួមកម្លំាងគ្នារក្សានូវសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិរបស់យើង ឲ្យមានការរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលោកយាយ លោកតា បងប្អូន មាមីងទំាងអស់ ត្រូវខិតខំថែរក្សាសុខភាព ហូបស្អាត រស់នៅស្អាត ផឹកស្អាត និងបាននាំយកនូវបច្ច័យមួយចំនួនរបស់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល និងបច្ច័យមួយចំនួនផ្ទាល់ខ្លួនរបស់ឯកឧត្តមផងដែរ ដើម្បីចូលរួមក្នងពិធីបុណ្យនេះផងដែរ៕