នៅព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយអាជ្ញាធរខេត្តកំពង់ធំ រៀបចំ «វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និង ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល។
ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ មានប្រសាសន៍លើកឡើងថា វេទិកាសន្ទនានេះបានផ្តល់នូវឱកាសស្និទ្ធស្នាលឱ្យអង្គការ សមាគម សហជីព និងសហគមន៍ បានជួបជុំជជែកពិភាក្សា និងពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មក ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ លើបញ្ហាប្រឈមជាក់ស្តែងដែលកើតមាននៅថ្នាក់មូលដ្ឋាន ក៏ដូចជាសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋផងដែរ និងបានបញ្ជាក់អំពីតួនាទី បេសកកម្មរបស់ វ.ស.ស. ហើយក៏បានលើកឡើងផងដែរអំពីការងារដែល វ.ស.ស. បានបំពេញនាពេលកន្លងមក។
ឯកឧត្តម សុខ លូ ថ្លែងថា អង្គការសង្គមស៊ីវិល គឺជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនថែមទៀត ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចប្រកបដោយចីរភាព។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានគំាទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំវេទិកាសន្ទនា របស់ វ.ស.ស. ដើម្បីជជែកពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ជាមួយអង្គការសង្គមស៊ីវិលដែលមានប្រតិបត្តិការនៅក្នុងខេត្ត។ ជាលទ្ធផល បន្ទាប់ពីបានជជែកពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ បញ្ហាប្រឈមនិងសំណូមពរមួយចំនួនរបស់ប្រជាពលរដ្ឋ ត្រូវបានដោះស្រាយជាក់ស្តែងនៅក្នុងកិច្ចពិភាក្សា។ ដោយឡែក បញ្ហាដែលនៅសេសសល់មួយចំនួនទៀត ដែលពាក់ព័ន្ធការងារក្នុងកម្រិតជំនាញ និងដែលទាមទារឱ្យមានការសិក្សាបន្ថែម ត្រូវបានលើកយកទៅបន្តពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងសមត្ថកិច្ចជំនាញ ដើម្បីស្វែងរកដំណោះស្រាយបន្តទៀត៕