ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមផ្តល់ជាកិត្តិយស ប្រគល់ម៉ូតូ ម៉ាក SUZUKI Smash ស៊េរី ឆ្នាំ២០១៨ ចំនួន ៣៨គ្រឿង ដល់មន្ត្រីអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២ (TSSD-AF) សម្រាប់ឃុំ ស្រុកគោលដៅថ្មី ខេត្តកំពង់ធំ ក្នុងនោះដោយធ្វើការបែងចែកសម្រាប់មន្ត្រីអនុវត្តគម្រោងថ្នាក់ខេត្ត ចំនួន ៦គ្រឿង ថ្នាក់ស្រុក ចំនួន ៤គ្រឿង ឃុំចំនួន ១៤ឃុំ ដោយ ១ឃុំ ទទួលបានម៉ូតូ ចំនួន ២គ្រឿងផងដែរ។ ការប្រគល់ម៉ូតូនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នៅសាលាខេត្តកំពង់ធំ ដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា ដែលបានផ្តល់ជំនួយឥតសំណង និងហិរញ្ញប្បទានកម្ចីដ៏ធំធេងតាមរយៈគម្រោង TSSD ដើម្បីបង្កើតសហគមកែលម្អជីវភាពកសិករ រហូតដល់ទទួលបានជោគជ័យ និងមានការរីកចម្រើន តំាងពីនៅតាមភូមិ-ឃុំសង្កាត់ ដែលបានបម្រើឲ្យផលប្រយោជន៍ ដល់ប្រជាកសិករ ក្នុងការប្រកបមុខរបបកសិកម្ម ក្នុងការកែលម្អជីវភាពរបស់ពួកគាត់បានមួយកម្រិត នៅក្នុងតំបន់គោលដៅអនុវត្តន៍គម្រោងនៅដំណាក់កាលទី១នេះ ចំពោះដំណើរអនុវត្តគម្រោងនូវដំណាក់២ ដែលមានរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២២ ដូច្នេះសូមលោក លោកស្រី ត្រូវខិតខំធ្វើកិច្ចការងារនេះបន្តទៀត ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
ក្នុងនោះ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់មន្ត្រីដែលទទួលបាននូវម៉ូតូនេះ មិនមែនជាកម្មសិទ្ធិរបស់ឯកជនទេ គឺកម្មសិទ្ធិរបស់គម្រោង ទុកជាទ្រព្យសម្បត្តិរដ្ឋ ដូច្នេះលោក លោកស្រី ជួយថែរក្សានូវម៉ូតូនេះ ឲ្យបានល្អ សម្រាប់បម្រើការងារនៅក្នុងក្របខណ្ឌគម្រោង ជាពិសេសអ្នកបើកបរម៉ូតូ សូមចូលរួមគ្នាគោរពច្បាប់ចរាចរណ៍ទំាងអស់គ្នា ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នា ដើម្បីសុវត្ថិភាពខ្លួនឯង និងចំពោះអ្នកដែលជាទីស្រឡាញ់ផងដែរ។