ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្តីពីការធ្វើបច្ចុប្បន្នភាព និងអក្ខរកម្មព័ត៌មានវិទ្យាលើការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ ដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ទើបវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ ICT និងទូរស័ព្ទឆ្លាតវៃ ដល់មន្ត្រីរាជការចំនួន ២៧នាក់ មកពីសាលាខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្តតាមការកំណត់របស់ក្រសួង តែដោយមើលឃើញឱកាស និងអត្ថប្រយោជន៍នៃវគ្គបណ្តុះបណ្តាលនេះ ថ្នាក់ដឹកនាំខេត្តបានស្នើបញ្ជូនមន្ត្រី ៥រូបបន្ថែមទៀតសរុប ៣២នាក់ ក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងពង្រីកចំណេះដឹងលើការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ ក្នុងការងារប្រចាំថ្ងៃរបស់មន្ត្រីរាជការ ឲ្យកាន់តែមានភាពប្រសើរឡើងមួយកម្រិតទៀត។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ទី១១ ខែឧសភា ឆ្នាំ២០១៨ ដោយផ្តោតទៅលើមុខវិជ្ជាចំនួន ០៣ រួមមាន៖ ១. ការប្រើប្រាស់អ៊ីនធើណែតដើម្បីស្រាវជ្រាវរកព័ត៌មាន ទំនាក់ទំនង និងសហការគ្នាដោយប្រើបច្ចេកវិទ្យាពពក (Cloud computing) ២. ការសហការ និងការទំនាក់ទំនងដោយប្រើទូរស័ព្ទឆ្លាតវៃ ៣. ការប្រើប្រាស់បណ្តាញសង្គម សម្រាប់ការអភិវឌ្ឍន៍។
បន្ទាប់ពីទទួលបាននូវការបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ ពិតជាមានភាពសប្បាយរីករាយ ដោយទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃ ក៏ដូចជាចែករំលែកដល់មន្ត្រីផ្សេងៗ ក្នុងស្ថាប័នរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងនោះសិក្ខាកាម ក៏បានសំណូមពរដល់វិទ្យាស្ថាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឲ្យមានវគ្គបណ្តុះបណ្តាលជំហានបន្តបន្ទាប់ និងកាន់តែស៊ីជម្រៅថែមទៀត។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមទាំងអស់ទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីវិទ្យាស្ថានផងដែរ៕