កំណាត់ផ្លូវជាតិលេខ៦ ដែលមានប្រវែង២៤៨.៥៣គីឡូម៉ែត្រ ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាបអង្គរ ត្រូវបាន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនោះហើយ នៅព្រឹកថ្ងៃចន្ទ ១៣ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ ពិធីសម្ពោធកំណាត់ផ្លូវ១ខ្សែនោះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពិធីនេះក៏មានការចូលរួម ពីថ្នាក់ដឹកនាំកំពូលៗរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្តកំពង់ធំ មន្ត្រីខេត្ត ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋដ៏ច្រើនកុះករផងនោះដែរ។
កំណាត់ផ្លូវជាតិលេខ៦ប្រវែង២៤៨.៥៣គីឡូម៉ែត្រ ត្រូវចំណាយទឹកប្រាក់ក្នុងការសាងសង់ប្រមាណ ២៥៥.០២លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានរបស់ចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៥ភាគរយ សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ និងសួយសារ។ កំណាត់ផ្លូវនេះ បានចំណាយពេលសាងសង់ ៥០ខែ ចាប់ផ្តើមពីខែឧសភា ឆ្នាំ២០១៣ និងបញ្ចប់នៅខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។
រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនយោបាយសាងសង់ផ្លូវ គឺជាបញ្ហាអាទិភាព សម្រាប់រួមចំណែក ក្នុងការកសាងប្រទេស និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ដូច្នេះកំណាត់ផ្លូវជាតិលេខ៦ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា៕