រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ពិធីសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ចំនួន ៤៦៣នាក់ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក រៀបចំពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចំនួន ៤៦៣នាក់ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ។

បន្ទាប់ពីលោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពភូមិសាស្ត្រស្រុករួចមក ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ដូចវិស័យអាទិភាពមួយផ្សេងទៀត ដោយបានតម្លើងប្រាក់បៀរវត្សដល់លោកគ្រូ អ្នកគ្រូ ឱ្យបានសមរម្យ ដើម្បីជួយលើតម្កើងកម្រិតជីវភាពពួកគាត់ ឱ្យបានល្អប្រសើរមួយកម្រិតផងដែរ។ ក្នុងនោះឯកឧត្តម បានថ្លែងអំណគុណដល់ លោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្តាយទី២ ក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ ដើម្បីឱ្យមនុស្សម្នាក់ពោពេញសមត្ថភាព ចំណេះដឹង និងជំនាញច្បាស់លាស់ ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមបានបន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សង្រ្គាម និងបង្រួបង្រួមជាតិឡើងវិញបានជោគជ័យ នាំមកនូវសន្តិភាពជូនជាតិ​ និងប្រជាពលរដ្ឋ ដោយបានដាក់ចេញនយោបាយ ឈ្នះ! ឈ្នះ! ជាមួយនឹងការយកចិត្តទុកដាក់លើចំណុចសំខាន់ៗ ចំនួន ៣ រួមមាន៖ ទី១៖ ធានាការពារអាយុជីវិតប្រជាពលរដ្ឋ ក្នុងពេលធ្វើសមាហរណកម្ម, ទី២៖ រក្សាអាជីព និងមុខរបរប្រជាពលរដ្ឋឲ្យនៅដដែល និងទី៣៖ រក្សានូវកម្មសិទ្ធិ រួមទាំងទ្រព្យសម្បត្តិទាំងឡាយ របស់ប្រជាពលរដ្ឋ ដោយគ្មានការរឹបអូស ហើយអាចឈរជើងរស់នៅ និងប្រកបការងារជាធម្មតានៅទីតាំងនោះបាន។ លក្ខខណ្ឌទាំង៣នេះហើយ នាំឲ្យប្រទេសជាតិមានសុខសន្តិភាពមកទល់សព្វថ្ងៃ បានធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធ ឲ្យមានការរីកចម្រើន ដោយផ្តើមចេញពីយើងទាំងអស់គ្នា។

ឯកឧត្តម ជា អឿង បានពាំនាំនូវការសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ជាក់ថា ពិធីជួបជុំថ្ងៃនេះ គឺជាការលើកទឹកចិត្តដោយផ្ទាល់ ពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ចំពោះលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ហើយកំណែទម្រង់ចុងក្រោយក្នុងវិស័យអប់រំនេះ គឺជាជោគជ័យដ៏ធំក្នុងវិស័យអប់រំ ពីព្រោះបច្ចុប្បន្នកម្ពុជាមានប្រព័ន្ធអប់រំច្បាស់លាស់ ខុសពីពេលកន្លងទៅ ដែលអ្នកចេះ បង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះ បង្រៀនអ្នកមិនចេះ ប៉ុន្តែបច្ចុប្បន្នលោកគ្រូ អ្នកគ្រូសុទ្ធតែមានគរុកោសល្យត្រឹមត្រូវ ហើយដើម្បីបង្រៀនសិស្សឲ្យមានសមត្ថភាព លុះត្រាតែលោកគ្រូ អ្នកគ្រូ មានចំណេះ និងជំនាញពិតប្រាកដ។

ទន្ទឹមនឹងនេះ ឯកឧត្តម គណៈអធិបតី ក៏បានផ្តល់នូវសៀវភៅអប់រំទូន្មានរបស់ព្រះភិរម្យភាសា អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ចែកជូនលោគ្រូ អ្នកគ្រូខាងលើម្នាក់២ក្បាល រួមនិងថវិការមួយចំនួនទៀត និងជំរុញឲ្យលោកគ្រូ អ្នកគ្រូ និងក្រុមគ្រួសារ រួមជាមួយប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំ នាំនាវាកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើន រក្សានូវសុខសន្តិភាព និងការអភិវឌ្ឍន៍បន្ថែមទៀត៕

 

Related Post