រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អបអរសាទរខួប ១ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ជាការពិតណាស់ប្រទេសកម្ពុជា ជាប្រទេសមួយដែលសំបូរទៅដោយអរិយធម៌ខ្ពង់ខ្ពស់ និងមានសំណង់ប្រាសាទបុរាណដ៏ចំណាស់ជាច្រើន ក្នុងនោះ តំបន់ប្រាសាទសំបូរព្រៃគុក ដែលជាអតីតរាជធានីឦសានបុរៈ នៃអាណាចក្រចេនឡា ក្នុងចន្លោះចុងសតវត្សរ៍ទី៦ ដើមសតវត្សរ៍ទី៧ នៃគ្រឹស្តសករាជ ជាស្នាព្រះហស្ថរបស់ព្រះបាទឦសានវរ្ម័ន្មទី១ ត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ (Kraków) ប្រទេសប៉ូឡូញ និងមានទីតំាងស្ថិតនៅភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានចម្ងាយប្រហែល៣០គីឡូម៉ែត្រ ភាគខាងជើងក្រុងស្ទឹងសែន។

ជាក់ស្តែង នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ នៅបរិវេណប្រាសាទសំបូរព្រៃគុក ត្រូវបានរដ្ឋបាលខេត្តកំពង់ធំ រៀបចំប្រារព្ធពិធីអបអរសាទរខួប ១ឆ្នាំ (៨ កក្កដា ២០១៧ – ៨ កក្កដា ២០១៨) នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ រួមជាមួយអាជ្ញាធរប្រាសាទសំបូរព្រៃគុក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សហភាពសហព័ន្ធយុវជនខេត្ត មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ថ្លែងក្នុងពិធីអបអរសាទរនេះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ការប្រារព្ធពិធីអបអរសាទរនៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ដើម្បីរំលឹកដឹងគុណដល់បុព្វបុរសខ្មែរដែលបានបន្សល់ទុកស្នាដៃដ៏មហាអស្ចារ្យនៃស្ថាបត្យកម្មខ្មែរ ឲ្យពិភពលោកស្គាល់ប្រទេសកម្ពុជា ជាពិសេស ប្រាសាទសំបូរព្រៃគុក ឲ្យកាន់តែល្បីល្បាញខ្ទរខ្ទារថែមទៀត។ ឯកឧត្តមបន្ថែមទៀតថា ទម្រាំនឹងបានដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ទៅក្នុងញ្ជីបេតិកភណ្ឌពិភពលោក រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានខិតខំពុះពារ ព្យាយាមលះបង់កម្លាំងកាយ-ចិត្ត-ប្រាជ្ញា ស្មារតី ក្នុងការស្នើ “ តំបន់ប្រាសាទសំបូរព្រៃគុក” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

បន្ថែមពីនេះទៅទៀត ការដាក់ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ពិតជាមានសារៈសំខាន់ និងមានមោទនភាពខ្លំាងណាស់សម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកំសាន្តយ៉ាងត្រជាក់ចិត្ត ដោយសារនៅជុំវិញប្រាសាទ សំបូរទៅដោយដើមឈើជាច្រើន ជួយលើកសម្រស់ប្រាសាទឲ្យកាន់តែស្រស់ស្អាតថែមទៀត។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងអាជ្ញាធរប្រាសាទសំបូរព្រៃគុក ខិតខំជួយការពារ និងថែរក្សាបេតិកភណ្ឌនេះ ឲ្យបានគង់វង្សទៅអនាគត នូវវប្បធម៌ដែលជាអត្តសញ្ញាណរបស់ជាតិយើង ជាពិសេស ក្មួយៗយុវជនទាំងអស់បង្កើនការយកចិត្តទុកដាក់ស្វែងយល់ និងស្គាល់ឲ្យច្បាស់អំពីតួនាទី ចំបងរបស់ខ្លួន ក្នុងការការពារ ថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិ។ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែ កក្ដដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីជ្រើសរើសមេដឹកនាំ ដែលអាចថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ និងសម្បត្តិបេតិកភណ្ឌពិភពលោកនេះឲ្យបានគង់វង្ស។

ជាមួយគ្នានោះដែរ ក៏មានការសំដែងនូវ ផ្ទាំងទស្សនីយភាពសិល្បៈ និងច្រៀងចម្រៀងអបអរសាទរប្រាសាទបូរព្រៃគុក ដ៏សប្បាយរីករាយ ជាមួយការប្រគុំតន្ត្រី គ្រវីទង់ជាតិកម្ពុជា និងទង់ជាតិអង្គការយូនីស្កូ យ៉ាងឱឡារឹក។ ជាពិសេសនៅវេលាម៉ោង ៩ ព្រឹក នៅក្នុងពិធី និងតាមវត្តអារាមនានា បានទូងស្គរជ័យយ៉ាងគគ្រឹកគគ្រេង ដើម្បីអបអរសាទរខួប១ឆ្នាំនេះផងដែរ៕

Related Post