សមាសធាតុនៃលទ្ធិប្រជាធិបតេយ្យ គឺផ្សំឡើងដោយធាតុសំខាន់យ៉ាងតិចបួន គឺសន្តិភាព ការអភិវឌ្ឍ សេដ្ឋកិច្ច ការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការបោះឆ្នោត តាមលក្ខណៈសេរីពហុបក្ស។ ក្នុងន័យនេះតើកម្ពុជាស្ថិតនៅក្នុងកម្រិតបែបណានៃធាតុផ្សំទាំងបួន?
លទិ្ធប្រជាធិបតេយ្យមិនអាចត្រូវលើកកម្ពស់បានទេ នៅទីណាដែលមានការបង្ហូរឈាមតាមរយៈ ចុងអាវុធ ហើយកម្ពុជាធ្លាប់បានឆ្លងកាត់នូវដំណាក់កាលនេះ រហូតដល់សង្គ្រាមត្រូវបានបញ្ចប់។ អ្វីដែលជាបំណងប្រាថ្នាដំបូងបំផុតរបស់ប្រជាពលរដ្ឋកម្ពុជាគឺសន្តិភាព ហើយសន្តិភាពនេះបាន និងកំពុងចាក់ឬស ក្នុងសង្គមកម្ពុជា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។
បន្ទាប់ពីចប់សង្គ្រាម កម្ពុជាបានរងផលប៉ះពាល់ជាបន្តបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចតំបន់និងពិភពលោក ប៉ុន្តែទោះជាយ៉ាងនេះក្តីដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលសេដ្ឋកិច្ចកម្ពុជាទទួល បានកំណើនក្នុងរង្វង់៧ភាគរយក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដែលធនាគារអភិវឌ្ឍន៍អាស៊ី បានចាត់ទុកថាជាប្រទេសមួយមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅតំបន់អាស៊ីនិងត្រូវបានប្រសិទ្ធិនាមថាជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ីទៀតផង។ ដោយសារការអភិវឌ្ឍសេដ្ឋកិច្ចបែបនេះធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរជាបន្តបន្ទាប់ធៀបនឹង ២០ឆ្នាំ ១០ឆ្នាំ ឬ៥ឆ្នាំមុន។ ភាព ប្រសើរឡើងនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បានធ្វើឱ្យពួកគេងាក មកយកចិត្តទុកដាក់លើ ការងារអប់រំ ការអត់ឱនអធ្យាស្រ័យគ្នានៅក្នុងសង្គម និងការគិតគូរ អនុវត្តច្បាប់ជាធំដែលជា ការរួមចំណែកដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យឱ្យកាន់តែ រឹងមាំ។
ប្រជាពលរដ្ឋចម្រុះពណ៌សម្បុរមិនថាមានសញ្ជាតិកម្ពុជា ឬបរទេសទេ ដែលកំពុងរស់នៅកម្ពុជា មានសិទ្ធិស្មើៗគ្នាចំពោះមុខច្បាប់ ដោយគ្មានការរើសអើង។ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិ ប្រកបមុខរបរដោយគ្មានការរឹតត្បឹត ឬហាមឃាត់។ ពលរដ្ឋមានសិទ្ធិបញ្ចេញមតិយោបល់តាម មនសិការរបស់ខ្លួន ប៉ុន្តែមិនត្រូវរំលោភដល់សិទ្ធិអ្នកដទៃឬប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ដែលច្បាប់ហាមឃាត់ ឬបំផ្លើសការពិតដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសង្គម។ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ សិទ្ធិសេរីភាព របស់ស្ត្រីកាន់តែត្រូវបានលើកកម្ពស់ជាលំដាប់ដែលមិនធ្លាប់ មានក្នុងសង្គមកម្ពុជាកន្លងមក ដោយសារស្ត្រីបានក្លាយជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជាតាមរយៈការ ចូលរួមក្នុងវិស័យសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យវាយនភ័ណ្ឌ។ ទាំងនេះជាជំហ៊ានដ៏វិជ្ជមាន ចំពោះការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ការជ្រើសរើសអ្នកដឹកនាំប្រទេសត្រូវធ្វើឡើង ដោយផ្អែកលើឆន្ទៈប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត។ លទ្ធផលនៃការបោះឆ្នោត គឺអាចមាន គណបក្ស មួយឈ្នះក្នុងសភា គណបក្សពីរ ឬគណបក្សច្រើន។ តាមរយៈលទ្ធផលនេះសភាជាតិ មួយត្រូវបានបង្កើតឡើងដែលមានលក្ខណៈជាសភាឯកបក្ស ឬសភាទ្វេបក្ស ឬសភាពហុបក្ស។ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក្រោយសង្គ្រាមលោកលើកទី២ បានបង្ហាញថា ក្នុងប្រទេស ប្រជាធិបតេយ្យមួយចំនួន ប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សតែមួយដោយទទួលសម្លេង ច្រើនលើសលុប ក្នុងចំណោមគណបក្ស ប្រកួតប្រជែងដ៏ច្រើនហើយសភាឯកបក្ស ក៏ត្រូវបាន បង្កើតឡើងដោយគណបក្សឈ្នះឆ្នោតនោះ។ នៅសឹង្ហបុរី ពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៨០ គណបក្ស People’s Action Party (PAP) បានឈ្នះឆ្នោតចំនួនបួនអាណត្តិជាប់ៗគ្នាហើយទទួលបាន អាសនៈទាំងអស់នៅក្នុងរដ្ឋសភា។ ជ័យជម្នះរបស់គណបក្ស PAP គឺឆ្លុះបញ្ចាំងនូវឆន្ទៈរបស់ ប្រជាជនសឹង្ហបុរី ក្នុងការផ្តល់ទំនុកចិត្តដល់គណបក្សនេះ ដើម្បីដឹកនាំប្រទេសតទៅ ទៀត ហើយរហូតដល់ពេលនេះ គណបក្ស PAP នៅតែបន្តដឹកនាំសឹង្ហបុរីដដែល។
ដោយឡែកនៅកម្ពុជាវិញពីឆ្នាំ១៩៥៥ដល់១៩៦៦ គណបក្សសង្គមរាស្ត្រនិយមទទួលបានការគាំទ្រ លើសលុបហើយសភាឯកបក្សត្រូវបានបង្កើតឡើងចំនួនបួនអាណត្តិជាប់ៗគ្នាដោយសារកត្តា មួយចំនួនរួមមានការទាមទារឯករាជ្យពីបារាំង នយោបាយមិនចូលបក្សសម្ព័ន្ធ ការទទួលបាន អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ ការបង្រួបបង្រួមជាតិ និងការការពារបូរណភាពទឹកដី។
នៅក្នុងការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា មានការចូលរួមប្រកួតប្រជែងពីគណបក្សចំនួន២០ ដោយមានអត្រាអ្នកទៅបោះឆ្នោតចំនួន៨២,៨៩ភាគរយដោយគណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រជាបឋមប្រហែល៧៦,៧៧ភាគរយដែលនាំឱ្យគណបក្សនេះអាចទទួល បានអាសនៈ១០០ភាគរយ នៅក្នុងរដ្ឋសភា។ ការគាំទ្ររបស់ប្រជាពលរដ្ឋលើសលុបលើគណបក្ស ប្រជាជនកម្ពុជា គឺដោយសារគណបក្សនេះ បានរំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្តារនិងកសាងប្រទេសពីបាតដៃទទេរ នាំមកនូវការបង្រួបបង្រួមជាតិនិងសន្តិភាព កសាងលទ្ធិប្រជាធិបតេយ្យនិងគោរពសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេស។
លទ្ធផលនៃការបោះឆ្នោតនេះ គឺបានឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ប្រជាពលរដ្ឋដែលជឿជាក់លើ គោលការណ៍លទ្ធិប្រជាធិបតេយ្យ ទោះបីជាមានយុទ្ធនាការរារាំងមិនឱ្យទៅបោះឆ្នោតក៏ដោយ។ អត្រានៃ អ្នកទៅបោះឆ្នោត៨២,៨៩ភាគរយនេះ បង្ហាញយ៉ាងច្បាស់នូវការបរាជ័យរបស់ ក្រុមប្រឆាំង ដែលតែងតែប្រើលទ្ធិប្រជាធិបតេយ្យមកបោកប្រាស់ប្រជាពលរដ្ឋខ្មែរ។
ទោះជាការដឹកនាំបែបសភាឯកបក្ស ឬពហុបក្សក៏ដោយបញ្ហាសំខាន់គឺរដ្ឋាភិបាលដែលកើតចេញ ពីឆន្ទៈរបស់ប្រជាពលរដ្ឋ ដឹកនាំប្រទេសទទួលបានការគាំទ្រពីប្រជាជនរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍ ដូចមានជាឧទាហរណ៍ស្រាប់នៃគំរូដឹកនាំឯកបក្សនៅប្រទេសសឹង្ហបុរី និងនៅប្រទេសដទៃទៀត៕
ដោយ: សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន
(ប្រភពៈ អត្ថបទទាំងស្រុងពីវេបសាយ រស្មីកម្ពុជា ផ្សាយចេញថ្ងៃ ៣ សីហា ២០១៨)