ភ្នំពេញៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (ACCD) នៃក្រសួងមហាផ្ទៃ បានប្រកាសឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះអ៊ីមែល សារតាមរយៈទូរស័ព្ទដៃ សារតាមរយៈ Facebook ឬក៏តាមកម្មវិធីផ្សេងៗទៀតដែលតម្រូវឲ្យបងប្អួនចុចលើតំណភ្ជាប់ (Link) ដើម្បីចូលទៅផ្លាស់ប្តូរអ៊ីមែល និងពាក្យសម្ងាត់ ព្រោះនេះគឺជាវិធីបោកបញ្ឆោតរបស់ក្រុម Hacker ដើម្បីលួចយកទិន្នន័យរបស់បងប្អូន។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ក្រុម Hacker តែងតែប្រើប្រាស់រូបភាព និងពាក្យឲ្យស្រដៀងនឹងគេហទំព័រដើម ដើម្បីបន្លំបងប្អូនដូចនៅក្នុងរូបខាងក្រោមនេះ៖
ចំណុចទី១: យើងអាចមានការច្រឡំជាមួយទំព័រ Facebook ឈ្មោះថា App Facebook ប្រសិនបើយើងមិនបានយកចិត្តទុកដាក់ ។
ចំណុចទី២: គេបានប្រើប្រាស់តំណភ្ជាប់ផ្សេងពី គេហទំព័រ Facebook.com ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ទៀត ប្រសិនបើលោកអ្នកជួបប្រទះបញ្ហាដូចជាការលួច(hack) យក Facebook Account ឬ ការបោកប្រាស់តាមប្រព័ន្ធបណ្តាញសង្គមផ្សេងៗ លោកអ្នកអាចមកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅក្រសូងមហាផ្ទៃ មហាវិថីព្រះនរោត្តម ខណ្ឌចំការមន អគារ L៕
ដោយ: មុនីរ័ត្ន
(ប្រភពៈ វេបសាយរស្មីកម្ពុជា ផ្សាយចេញថ្ងៃទី ៤ សីហា ២០១៨)