រសៀលថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំបង្កើតក្រុមការងារផ្សព្វផ្សាយបណ្តាញសង្គមប្រចាំខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ។ សមាសភាពដែលបានចូលរួមមាន ឯកឧត្តម លោកជំទាវ មន្ត្រីរដ្ឋបាលខេត្ត ក្រុង ស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ។
កិច្ចប្រជុំនេះ មានគោលបំណងតាមដាន ស្រង់របាយការណ៍ និងព័ត៌មាន សំណូមពរនានារបស់ប្រជាពលរដ្ឋ ដែលបានផ្ញើទៅកាន់ ផេកហ្វេសបុក (Facebook Page) សម្តេចតេជោ និងផេករដ្ឋបាលខេត្ត និងធ្វើការឆ្លើយតប បកស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងជាពិសេសឆ្លើយតបភ្លាមៗនូវរាល់ព័ត៌មានមិនពិត ព័ត៌មានប្រឌិតញុះញង់ បំផុលបំផុស ដែលតែងកើតមានលើបណ្តាញសង្គមពេលបច្ចុប្បន្ន ។
ឯកឧត្តម បានជម្រុញការត្រួតពិនិត្យនូវសកម្មភាពនៃក្រុមការងារផ្សព្វផ្សាយបណ្តាញសង្គមតាមក្រុមនីមួយៗ អនុវត្តភារកិច្ចរៀងៗខ្លួនឲ្យមានប្រសិទ្ធភាព៕