រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់១៤ឆ្នាំ នៃការយាងគ្រងព្រះរាជសម្បត្តិ

ដើម្បីចូលរួមអបអរសាទរ និងថ្វាយព្រះពរសព្វសាធុកាដល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តកំពង់ធំ រៀបចំប្រារព្ធពិធីថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់១៤ឆ្នាំ នៃការយាងគ្រងព្រះរាជសម្បត្តិ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើននាក់ ក្នុងគោលបំណងដើម្បីថ្វាយព្រះពរព្រះអង្គ មានព្រះជន្មាយុយឺនយូ និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលជាកូន ជាចៅ ចៅតួត តរៀងទៅ។

នៅក្នុងសារលិខិតថ្វាយព្រះពរដែលអានដោយ ឯកឧត្តម សុខ លូ បានសម្តែងនូវការថ្វាយព្រះពរ និងសូមប្រសិទ្ធិពរជ័យ បវមហាប្រសើរ បួងសួងដល់គុណព្រះរតនត្រៃយ៍ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី និងវត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះមេត្តាប្រោសប្រទានព្រះពរជ័យ និងប្រោសព្រំថែរក្សា ព្រះករុណាព្រះជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយព្រះរាជព្រះតេជៈបារមីកាន់តែចិញ្ជាចចិញ្ជែង ដើម្បីគង់ជាម្លប់ដ៏សែនត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែររបស់ព្រះអង្គ។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់ សូមព្រះបរមរាជានុញ្ញាតទូលថ្វាយព្រះសព្ទសាធុការពរជ័យ និងសម្ដែងនូវអំណរសារទរ សប្បាយរីករាយជាអនេកប្បការដ៏ជ្រាលជ្រៅបំផុត និងសូមក្រាបបង្គំទូលថ្វាយព្រះពរជ័យ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះពលនុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនា ដល់ប្រជានុរាស្ត្ររួមរស់ក្នុងសុខសន្តិភាព និងភាពចម្រុងចម្រើន ថ្កុំថ្កើនរុងរឿង ទូទាំងព្រះរាជាណាចក្រកម្ពុជាជានិច្ចនិរន្តរ៍តរៀងទៅ៕

Related Post