ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី ព្រមទាំងអាជ្ញាធរស្រុកបារាយណ៍ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ចុះត្រួតពិនិត្យស្ថានភាព ការបង្ករបង្កើនផលស្រូវប្រដេញទឹករបស់បងប្អូនកសិករនៅឃុំបារាយណ៍ និងឃុំទ្រៀល ស្រុកបារាយណ៍ សរុបប្រមាណជិត ៤ពាន់ហិកតា ដែលជួបប្រទះគ្រោះរំាងស្ងួត ស្រូវមានសភាពក្រៀមស្វិតស្រពោន ដោយសារខ្វះទឹកកន្លងមក។ ជាមួយគ្នានោះ ក៏មានការជួយអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្តបានទាន់ពេលវេលា ដោយបានជួយសង្គ្រោះស្រូវ ផ្តល់នូវម៉ាស៊ីនបូមទឹក និងប្រេងម៉ាស៊ូត សម្រាប់បូមទឹកពីកន្លែងមួយទៅកន្លែងមួយទៀត ងាយស្រួលដល់ប្រជាកសិករបូមទឹកបញ្ចូលស្រែ ស្របពេលដែលមានភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះ ដោយសារឥទ្ធិពលនៃព្យុះទីហ្វុងយូសាជិ (Usagi) ឃើញថាមានទឹកគ្រប់គ្រាន់ ស្រូវប្រែពណ៌ខៀវស្រងាត់ ស្រស់បំព្រង ដែលធ្វើឲ្យប្រជាកសិករមានទឹកមុខសប្បាយរីករាយ និងមានក្តីសង្ឃឹមឡើងវិញ។
តាមការចុះពិនិត្យជាក់ស្តែងនៅថ្ងៃនេះ យើងសង្កេតឃើញថា ស្រូវពង្រោះទាំងអស់នោះមានទឹកគ្រប់គ្រាន់ និងមានការលូតលាស់ខៀវខ្ចីវិញ។ នៅក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំទៅអាជ្ញាធរស្រុក ក៏ដូចជាប្រជាកសិករ ជួយផ្សព្វផ្សាយដល់ប្រជាកសិករយើងបន្តទៀត ឲ្យចេះប្រើប្រាស់ទឹក គ្រប់គ្រងទឹក ប្រកបដោយប្រសិទ្ធិភាព ហើយសង្ឃឹមថា ប្រជាកសិករយើង នឹងទទួលបានទិន្នផលល្អផងដែរ៕