រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ខេត្តកំពង់ធំ រៀបចំប្រារព្ធពិធីមហោស្រពប្រឡងចម្រៀងបុរាណ-សម័យ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាបុណ្យជាតិ ៧ មករា

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ រៀបចំមហោស្រព ប្រឡងចម្រៀងបុរាណ-សម័យ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាបុណ្យជាតិ ៧ មករា ១៩៧៩ – ៧ មករា ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត នៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នាល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។

លោក ហ៊ិន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានអានរបាយការណ៍សង្ខេប អំពីការរៀបចំមហោស្រពប្រឡងចម្រៀងបុរាណ-សម័យ នេះមានរយៈពេល ៣រាត្រី គឺចាប់ពីរាត្រីថ្ងៃទី០៧ ដល់០៩ ខែមករា ឆ្នាំ២០១៩ ដែលមានបេក្ខជន បេក្ខនារី ដែលមកដាក់ពាក្យប្រឡងសរុបចំនួន ៧៤ នាក់ បេក្ខនារី ៣២នាក់ និងធ្វើការសមជម្រុះ នៅសល់បេក្ខជន បេក្ខនារី ចំនួន ៤៣នាក់ អ្នកចម្រៀងសម័យ មានចំនួន ៤៣នាក់ បេក្ខនារី ១៣នាក់ អ្នក ចម្រៀងបុរាណ មានចំនួន ០៧នាក់ បេក្ខនារី ០៤នាក់ ដោយមានការជួយឧបត្ថមពី ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា និង ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ អាជីវករ រួមទាំងប្រជាពលរដ្ឋក្នុងខេត្ត។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានខិតខំយកចិត្តទុកដាក់ និងប្រឹងប្រែងក្នុងការរៀបចំមហោស្រពសិល្បៈប្រឡងចម្រៀង សម័យ-បុរាណនេះ ដើម្បីរួមចំណែកធ្វើឲ្យប្រជាពលរដ្ឋសប្បាយរីករាយ និងបង្ហាញពីប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ដោយមិនមានការភ័យខ្លាចដូចមុនទៀតទេ។ ឯកឧត្តមបានបន្តថា មហាជ័យជំនះ ៧ មករា ១៩៧៩ គឺជាសច្ចធម៌នៃប្រវត្តិសាស្ត្រកម្ពុជា ដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ។ ម្យ៉ាងវិញទៀត ៧ មករា គឺជាទិវាបុណ្យជាតិរបស់ប្រជាជនកម្ពុជា ដែលបានជួយរំដោះប្រជាជនកម្ពុជា ឲ្យរួចផុតពីការកាប់សម្លាប់ក្នុងរបប ប៉ុល ពត ប្រល័យពូជសាសន៍នាអំឡុង រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប្រសិនបើគ្មានថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ប្រជាជនកម្ពុជាក៏គ្មានអ្វីៗ ដូចសព្វថ្ងៃនេះដែរ។

ឯកឧត្តមបានបន្តទៀតថា នៅក្នុងខេត្តកំពង់ធំយើង ពិតជាមានមោទនភាពយ៉ាងក្រៃលែងដោយ ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលជា សម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ ដែលជាអត្តសញ្ញាណរបស់ជាតិ និងមានភាពល្បីល្បាញលើពិភពលោកផងដែរ។

ជាចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើរដល់ក្មួយៗជាបេក្ខជន បេក្ខនារី ដែលចូលរួមប្រឡងចម្រៀងក្នុងមហោស្រពពេលនេះត្រូវខិតខំប្រឹងបញ្ចេញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យដែលខ្លួនមានដើម្បីទទួលបាននូវចំណាត់ថ្នាក់ជ័យលាភីសម្រាប់អង្គមហោស្រព ដើម្បីក្លាយជាអ្នកបន្តវេនពីរៀមច្បងបន្តទៅមុខទៀត៕

Related Post