ព្រឹកថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៧ លោកជំទាវ ឃួន ឃុនឌី អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវគ្គផ្សព្វផ្សាយច្បាប់មួយចំនួនស្តីពី វិធីសាស្ត្រធ្វើចំណាកស្រុកដោយសុវត្ថិភាព ច្បាប់បង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះ និងអន្តរាគមន៍ជួយជនរងគ្រោះស្ត្រីនិងកុមារដោយការបំពានផ្លូវភេទ ដែលរៀបចំឡើងដោយ លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តកំពង់ធំ នៅវត្តឥន្ទរង្សី (ហៅវត្តហប់) ស្ថិតនៅភូមិទទា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។ ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាលស្រុកស្ទោង មន្ត្រីរាជការរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធ មេឃុំ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុប ៣៣៨នាក់ ស្រី ១៧១នាក់ ។
លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង និងជាសមាជិកគណៈកម្មាធិការ ប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្ស ខេត្ត បានប្រសាសន៍ថា សូមបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស យកចិត្តទុកដាក់ស្តាប់នូវការផ្សព្វផ្សាយច្បាប់ទាំងនេះ ព្រោះវាមានសារៈសំខាន់ណាស់ចំពោះយើងទាំងអស់គ្នា ។
លោកជំទាវ ឃួន ឃុនឌី ក៏បានមានប្រសាសន៍លើកឡើងដែរថា ប្រជាពលរដ្ឋសព្វថ្ងៃនេះធ្វើការចំណាកស្រុកច្រើនដោយមិនស្របច្បាប់ តាមរយៈមេខ្យល់ ធ្វើឲ្យបងប្អូនពិបាកក្នុងការឆ្លងដែន និងរកទីកន្លែងធ្វើការ ក៏ដូចជាកន្លែងស្នាក់នៅជាដើម ។ លោកជំទាវបានបន្តទៀតថា ប្រសិនបើបងប្អូនចង់ទៅធ្វើការនៅក្រៅប្រទេស គឺត្រូវទៅដោយស្របច្បាប់ រកក្រុមហ៊ុនឲ្យបានច្បាស់លាស់ ។ លោកជំទាវក៏បានផ្សព្វផ្សាយអនុសាសន៍ ៦ចំណុច របស់សម្តេចកិតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្តីពីការលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រីខ្មែរ ១) ផ្សព្វផ្សាយឲ្យទូលំទូលាយអំពីសីលធម៌ សុជីវធម៌ក្នុងការរស់នៅ ២) ផ្សព្វផ្សាយអប់រំដល់គ្រប់មជ្ឈដ្ឋានទំាងអស់ ៣) ការបង្ក្រាបទប់ស្កាត់ភាពយន្តអាសអាភាស ៤) សូមឲ្យមាតាបិតា លោកគ្រូ អ្នកគ្រូ ជួយអប់រំកូនចៅ សិស្សានុសិស្សចាប់ពីថ្នាក់បឋមទៅ ដើម្បីឲ្យក្មេងដឹងពីប្រពៃណីទំនៀមទម្លាប់ខ្មែរយើង ៥) ផ្សព្វផ្សាយអំពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព ច្បាប់បង្ក្រាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះ និងអន្តរាគមន៍ជួយជនរងគ្រោះស្ត្រីនិងកុមារ ដោយការបំពានផ្លូវភេទ ៦) ធ្វើវេទិកាសំណួរចម្លើយដល់អ្នកចូលរួម ។
ជាចុងបញ្ចប់លោកជំទាវ ឃួន ឃុនឌី បានផ្តាំផ្ញើដល់សិស្សានុសិស្សត្រូវស្លៀកពាក់ឲ្យបានសមរម្យ និងសុំឲ្យអាជ្ញាធរស្រុក ក៏ដូចជាលោកគ្រូ អ្នកគ្រូ ត្រូវមានវេទិកាមួយដើម្បីជួយរំលឹកដល់សិស្សានុសិស្ស អំពីសីលធម៌ សុជីវធម៌ ក្នុងការរស់នៅ និងសូមបងប្អូនប្រជាពលរដ្ឋ ត្រូវដាំបន្លែបង្ការជុំវិញផ្ទះ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយរស់នៅស្អាត ហូបស្អាត ចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ ៕