ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំសហការី ចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ស្ត្រីមេម៉ាយ ជនចាស់ជរា ងាយរងគ្រោះ ចំនួន ២២៩គ្រួសារ ដែលមកពីឃុំនិពេជ្រ និងឃុំដំរីស្លាប់ នៅវត្តបិយម្ពវ័ន ហៅវត្តសង្គម ស្ថិតនៅឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក អ៊ុន បុត្រ អភិបាលស្រុកកំពង់ស្វាយ បានអានរបាយការណ៍សង្ខេបអំពីស្ថានភាព និងលទ្ធផលការងាររបស់រដ្ឋបាលស្រុក ជាពិសេសការអនុវត្តការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក មានដំណើរការលក្ខណៈផលផុស និងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ថ្លែងក្នុងឱកាសនោះឯកឧត្តម សុខ លូ បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុន សែន ជូនលោកតា លោកយាយ ពុក ម៉ែ បងប្អូនប្រជាពលដ្ឋទាំងអស់ ដែលជានិច្ចជាកាលសម្តេចតែតែគិតគូរ អំពីសុខទុក្ខរបស់បងប្អូនទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏សម្តេចនៅតែរួមសុខរួមទុក្ខជាមួយបងប្អូនជានិច្ច។
ឯកឧត្តមបន្ថែមទៀតថា ភាពក្រីក្រប្រទេសណាក៏មានដែរ ប៉ុន្តែទោះជាយ៉ាងក៏ដោយ អាជ្ញាធរមូលដ្ឋាន មិនដែលបោះបង់បងប្អូនចោលនោះឡើយ ហើយក៏មិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ ដោយគ្មានអាហារហូបនោះទេ នេះហើយជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ចាប់តាំងពីថ្នាក់លើ រហូតដល់ថ្នាក់ ឃុំ សង្កាត់ គឺជាអ្នកដែលនៅជាមួយបងប្អូន រួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ។ ហើយអំណោយទាំងអស់នេះ មិនអាចឲ្យបងប្អូនយកទៅទទួលទានបានច្រើនថ្ងៃនោះទេ គឺគ្រាន់តែដោះស្រាយបានមួយគ្រាប៉ុណ្ណោះ កត្តាដែលសំខាន់នោះ សូមឲ្យបងប្អូនរកទទួលទានដោយខ្លួនឯងបន្ថែមទៀត ទើបធ្វើឲ្យជីវភាពគាប់ប្រសើរ។
លើសពីនេះ ឯកឧត្តម សុខ លូ ក៏បានជម្រាបពីដំណើរការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលជាង២០ឆ្នាំ បន្ទាប់ពីប្រទេសជាតិ ត្រូវបានរំដោះចេញពីសង្រ្គាមស៊ីវិល មកជាប្រទេសមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើងជាបន្តបន្ទាប់។
ចុងក្រោយឯកឧត្តមអភិបាលខេត្តកំពង់ធំ បានប្រគល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ អង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងឃីតមួយកញ្ចប់ ដល់ប្រជាពលរដ្ឋទាំង ២២៩គ្រួសារ ផងដែរ៕