នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយកងកម្លាំងនគរបាលខេត្ត ក្រុង ស្រុក ប្រមាណជាង ១៥០នាក់ ដើម្បីរៀបចំផែនការ វិធានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអានរបាយការណ៍ អំពីស្ថានភាព របស់កងកម្លាំងនគរបាលខេត្តកំពង់ធំ និងបានរាយការណ៍បន្ត អំពីការបង្កើតកងអន្តរាគមន៍ ពិសេសនៃកម្លាំងបុរស នារី នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ត្រៀមកិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋទាន់ពេលវេលា នៅពេលដែលប្រជាពលរដ្ឋ រងគ្រោះក្នុងហេតុការណ៍ណាមួយដែលអាចអាចកើតឡើងដោយចៃដន្យ និងបានរាយការណ៍អំពីភាពរីកចម្រើនរបស់អង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងអំពីការគោរពវិន័យ លេខ ០០៦ របស់កងកម្លាំងនគរបាលជាតិ ដើម្បីថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សារណ: និងសុវត្ថិភាពសង្គមជូនប្រទេសជាតិ ប្រកបដោយប្រសិទិ្ឋភាពខ្ពស់ និងពង្រឹងកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានរឹងមាំ និងល្អប្រសើរ។
ឯកឧត្តម បន្ថែមទៀតថា ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងការផ្តល់សេវាសាធារណ: ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហា ក៏ដូចជាសំណូមពរនានារបស់ប្រជាជន លើកកម្ពស់ការចូលរួមផ្ដល់កិច្ចការគ្រប់វិស័យ ស្របទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាល ៕