រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ពិធីបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជា ចំនួន ១០០នាក់ នៅស្រុកកំពង់ស្វាយ

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសហការី នៅព្រឹកថ្ងៃទ១៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញចូលរួមក្នុងពិធីបំពាក់កន្សែងយុវជនស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ដែលមកពីវិទ្យាល័យ ហ៊ុន សែន ត្បែង ចំនួន ៥០នាក់ និងវិទ្យាល័យ ទួលក្បិល ចំនួន ៥០នាក់ សរុប ១០០នាក់ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

បន្ទាប់ពីលោក អ៊ុន បុត្រ អភិបាលស្រុកកំពង់ស្វាយ បានអានរបាយការណ៍អំពីស្ថានភាពស្រុករួចមក ឯកឧត្តម សុខ លូ ថ្លែងថា ការបំពាក់កន្សែងដល់យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ទាំង១០០នាក់នាពេលនេះ បានបង្ហាញអំពីអ្នកបន្តវេន ក្នុងសកម្មភាពមនុស្សធម៌របស់យុវជន ជាទំពាំងស្នងឫស្សី ជាពិសេស ជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌។

ជាមួយគ្នានោះ ឯកឧត្តម សុខ លូ បានលើកទឹកចិត្តដល់ប្អូនសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់គោរពវិន័យសាលា ខិតខំរៀនសូត្រឲ្យបានពូកែ ធ្វើជាគំរូល្អគ្រប់សកម្មភាពក្នុងស្រទាប់យុវវ័យ ផ្សព្វផ្សាយពីគោលការណ៍គ្រឹះរបស់កាកបាទក្រហមកម្ពុជាឲ្យបានទូលំទូលាយ ចូលរួមពលកម្មសម្អាតបរិស្ថានក្នុងវិទ្យាល័យ និងទីធ្លាសាធារណៈ ជាពិសេសត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយ អត្រាគ្រោះថ្នាក់ ស្លាប់ របួស និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តម សុខ លូ និងឯកឧត្តម ឈុន ឈន់ ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត បានបន្តដំណើរទៅប្រគល់ផ្ទះដល់គ្រួសារទីទ័លក្រ ចំនួន ២គ្រួសារ ដោយមួយគ្រួសារ នៅភូមិសានគរ (ខ) ឃុំសានគរ និងមួយគ្រួសារទៀត នៅភូមិល្វាជោម ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រមទាំងចែកអំណោយសប្បុរសធម៌ដល់គ្រួសារដែលមានការខ្វះខាតនៅទីតាំងទាំងពីរខាងលើ ចំនួន៥៧គ្រួសារផងដែរ។

Related Post