រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញចូលរួមនៅក្នុងពិធីបុណ្យខួប ២៩ឆ្នាំ ព្រះសពព្រះគ្រូសេរីថេ កើត វ៉ាយ និងព្រះសពព្រះធម្មរោ ឈាង លី វត្តសំរោងមានជ័យ ហៅវត្តលាពាក្យ ស្រុកកំពង់ស្វាយ

ព្រឹកថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី សំណេះសំណាលសាកសួរសុខទុក្ខ ក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ២៩ឆ្នាំ ឧទ្ទិសកុសលប្រគេនថ្វាយព្រះសព ព្រះសេរីយថេ កើត វ៉ាយ និងគម្រប់ខួប១ឆ្នាំ ព្រះសព ធម្មរោ ឈាង លី អតីតព្រះចៅអធិការវត្តសំរោងមានជ័យ ហៅវត្តលាពាក្យ ស្ថិតក្នុងភូមិសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមាន ព្រះសង្ឃ មន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ លោកតា លោកយាយ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមជាង ២ពាន់នាក់ ។

លោក អ៊ុន បុត្ត អភិបាលនៃគណៈអភិបាលស្រុកកំពង់ស្វាយ បានអានសុន្ទរកថាស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីអំពីសភាពការណ៍រួមមួយចំនួន សមិទ្ធិផលនានាក្នុងវត្ត និងប្រវត្តិសង្ខេបនៃការកកើតវត្តសំរោងមានជ័យ ហៅវត្តលាពាក្យ ។

ក្រោយពីបានស្តាប់នូវរបាយការណ៍របស់លោក អភិបាលស្រុកកំពង់ស្វាយរួចមក ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានវាយតម្លៃខ្ពស់ចំពោះរាល់ស្នាព្រះហស្ថ និងសមិទ្ធិផលដ៏ច្រើនរបស់ព្រះសេរីយថេ កើត វ៉ាយ និងព្រះធម្មរោ ឈាង លី ដែលបានរួមចំណែកក្នុងការទ្រទ្រង់ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ឱ្យមានការរីកចម្រើនសម្រាប់សង្គមជាតិនិយាយរួម និងនិយាយដោយឡែកគឺនៅ ខេត្តកំពង់ធំនេះ ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានជម្រាបជូនអង្គពិធីអំពីប្រវត្តិនៃការកើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមាន សម្តេចពញាចក្រី ហេង សំរិន, សម្តេចធម្មពោធិសាល ជា ស៊ីម, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនខ្មែរ ស្នេហាជាតិជាច្រើនរូបទៀតជាប្រមុខដឹកនាំ។

ឯកឧត្តមបណ្ឌិត ក៏បានរំព្ញកដែរថា រយៈពេល៤០ឆ្នាំមកនេះក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានពុះពារឆ្លងកាត់ដំណាក់កាលដ៏លំបាកជាច្រើន ដើម្បីស្តារសង្គម-សេដ្ឋកិច្ច ការបង្រួបបង្រួមជាតិ និងសន្តិភាព ជាពិសេសក្រោមនយោបាយ ឈ្នះឈ្នះ  បានប្រែក្លាយប្រទេសជាតិយើងឱ្យរួចផុតពីភ្លើងសង្គ្រាម និងស្តារមុខមាត់ប្រទេសកម្ពុជា ពីចំណុចសូន្យរហូត ស្មើមុខស្មើមាត់ ជាមួយប្រទេសនៅលើសាកលលោក ជាពិសេសនៅក្នុងអាស៊ានយើងនេះ ។ ចំពោះបញ្ហាសហភាពអឺរ៉ុប ដែលបានដកពន្ធអនុគ្រោះ និងព្យួរ EBA សំរាប់កម្ពុជា ឯកឧត្តមបណ្ឌិត ក៏បាន បញ្ជាក់ជូនផងដែរថា យើងមិនអាចយកអធិបតីភាពកម្ពុជា ទៅដោះដូរបានទេ ហើយបើទោះបីមានការព្យួរ ឬមិនព្យួរ EBA ក៏កម្ពុជាមិនស្លាប់នោះដែរ ។

ពិធីដ៏អធិកអធមនេះ បានបញ្ចប់បន្ទាប់ពី ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញបំពាក់គ្រឿងឥស្សរិយយស មេដាយស្ថាបនាជាតិ ប្រគេន ចែកជូនថវិកា សម្ភារៈ ចំពោះព្រះសង្ឃ មន្ត្រីរាជការ សប្បុរសជន និងប្រជាពលរដ្ឋ៕

Related Post