រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ទឹកបរិសុទ្ធ ១ម៉ឺន កេស និងទឹកស្អាត នឹងដឹកចែកជូនប្រជាពលរដ្ឋចំនួន៣ថ្ងៃនៅស្រុកស្ទោងខេត្តកំពង់ធំ

នៅ​ព្រឹក​ថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ អញ្ជើញ​ចូលរួម​ចែក​ទឹកបរិសុទ្ធ ដែល​ឧបត្ថម្ភ​ដោយ​លោក​ឧកញ៉ា លាង ឃុន អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​ប៊ែវើរី​ជី​ស (Khmer Beverages) នូវ​ទឹកបរិសុទ្ធ Cambodia ចំនួន ១ម៉ឺន​កេស និង​ទឹកស្អាត ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​បញ្ហា​ខ្វះខាត​ទឹក ចំនួន ២៤១១គ្រួសារ ក្នុងភូមិ​ចំនួន៤ នៅ​ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ ចំនួន​បី​ថ្ងៃ ដើម្បី​ប្រើប្រាស់​ប្រចាំថ្ងៃ។

លោក​ឧកញ៉ា លាង ឃុន ថ្លែងថា ការផ្តល់ជូន​នូវ​ទឹកបរិសុទ្ធ​នេះ គឺជា​កិច្ចការ​មនុស្សធម៌​ដ៏​សំខាន់​មួយ ក្នុងការ​ចូលរួមចំណែក​ជាមួយ​អជ្ញាធរ​ខេត្ត ស្រុក ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ដែល​កំពុង​ជួប​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់។ លោក​ឧកញ៉ា​បន្តទៀតថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរី​ជី​ស ពិតជា​មាន​មោទនៈ​ភាព​ខ្លំាង​ណាស់ ពីព្រោះ​ថ្ងៃនេះ​យើង​មាន​វត្តមាន​ដៃ​គូរ​ពាណិជ្ជកម្ម​របស់​យើង ដូចជា​អ្នក​ចែកចាយ (ដេប៉ូ) អ្នកលក់​ដុំ និង​ក្រុមការងារ​ផ្នែក​លក់​ប្រចាំខេត្ត​កំពង់ធំ បាន​ចូលរួម​កម្មវិធី​សប្បុរសធម៌​នេះ ដែលជា​ការបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែវើរី​ជី​ស ដែលជា​ក្រុមហ៊ុន​របស់​កូន​ខ្មែរ១០០%។

ជាមួយគ្នា​នោះ ឯកឧត្តម សុខ លូ បាន​ថ្លែងអំណរគុណ​ដល់​លោក​ឧកញ៉ា លាង ឃុន អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែវើរី​ជី​ស និង​សហការី ដែល​បាន​នាំយក​ទឹកបរិសុទ្ធ​កម្ពុជា ព្រមទាំង​យក​ឡាន​ដឹក​ទឹកស្អាត​ចែកជូន​ប្រជាពលរដ្ឋ​ដល់​លំនៅដ្ឋាន រយៈពេល​បី​ថ្ងៃ​ថែមទៀត ដើម្បី​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ស្នើ​ឲ្យ​បងប្អូន​ទាំងអស់ ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ បរិភោគ​ទឹកស្អាត និង​មាន​អនាម័យ​ផងដែរ។

ឯកឧត្តម​បន្ថែមទៀតថា នៅក្នុង​ឃុំ​ម្សាក្រង​នេះ តែងតែ​ជួបប្រទះ​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់​ជារឿយៗ ប៉ុន្តែ​ឆ្នាំខាងមុខ​នេះ នឹង​លែង​ខ្វះខាត​ទៀតហើយ ដោយមាន​ការយកចិត្តទុកដាក់​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧត្តុនិយម ដែល​បានផ្តល់​ទំនប់​ស្ទាក់​ទឹក និង​ទ្វារ​ទឹក ដើម្បី​រក្សា​ទឹក​ទុក ដែល​ធ្វើអោយ​ស្ទឹង​ស្ទោង នឹងមាន​ទឹក​ច្រើនឡើង​វិញ អាច​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​ក៏ដូចជា​ក្នុងការ​ធ្វើស្រែ​ចំការ​ផងដែរ។

លើសពីនេះ ឯកឧត្តម សុខ លូ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ខិតខំ​សហការ ឆ្លើយសំនួរ​របស់​មន្ត្រី​ជំរឿន ឲ្យ​បាន​ត្រឹមត្រូវ ពិតប្រាកដ ព្រោះថា​ជំរឿន​នេះ មាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រទេសជាតិ ដែល​អាច​ឲ្យ​យើង​ដឹងពី​ចំនួន​ប្រជាពលរដ្ឋ​ពិតប្រាកដ ក្នុង​ការធ្វើផែនការ​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ។

សូមបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរី​ជី​ស Khmer Beverages ជា​ក្រុមហ៊ុន​ផលិត​ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​ស្តោ​ត Barrley Black Extra Stout ស្រា​បៀរ​Kudo ភេសជ្ជៈ Ize ទឹក​ផ្លែឈើ Joop ភេសជ្ជៈ​ប៉ូវ​កម្លាំង Wurkz និង​ទឹកបរិសុទ្ធ​កម្ពុជា៕

   

Related Post