នៅព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០១៧ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាន ប្រារព្ធខួបលើកទី១៥៤ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា និងមានការចូលរួមពីព្រះមេគណខេត្ត ថ្នាក់ដឹកនាំខេត្ត លោក លោកស្រីប្រធាន អនុប្រធានកិត្តិយសសាខាកាកបាទក្រហម និងលោក លោកស្រី ភ្ញៀវកិត្តិយស អង្គការដៃគូ ក្រុមហ៊ុន សប្បុរសជន សមាជិក សមាជិកា គរុសិស្ស សិស្ស ក្រុមកាយរិទ្ធ ប្រមាណ ៨០០ នាក់ នៅអគារការ ឡូវ គឹមសេង ។
ជាកិច្ចចាប់ផ្តើម លោកជំទាវ ឃួន ឃុនឌី អនុប្រធានគណៈកម្មាធិការសាខា បានអានសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបសកម្មភាពសាខា ព្រមទាំងថ្លែងអំណរគុណ និងកតញ្ញុតាដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អង្គការដៃគូនានា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមជាកម្លាំងមនុស្សធម៌ តាមរយៈការឧបត្ថម្ភ សម្ភារៈ ថវិកា និងលះបង់កម្លាំងកាយចិត្ត ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជារួមមាន អ្នករងគ្រោះដោយមហន្តរាយផេ្សងៗ ជនពិកា ចាស់ជរាឥតទីពឹង កុមារកំព្រា ស្រ្តីម៉េម៉ាយ អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ ។
ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ត្រូវបានប្រទេសជាសមាជិកលើពិភពលោកប្រមាណ ១៩០ ក្នុងនោះ ព្រះរាជាណាចក្រកម្ពុជា ជាសមាជិកទី៨៥ តែងតែបានប្រារព្វធ្វើរៀងរាល់ឆ្នាំ ក្រោមប្រធានបទផ្សេងៗ ។ ទិវានេះ ត្រូវបានចាត់ទុកជាឱកាសដ៏វិសេសមួយផងដែរ ក្នុងការផ្សព្វផ្សាយឲ្យគ្រប់មជ្ឈដ្ឋានបានដឹង ពីអ្វីដែលកាកបាទក្រហមកម្ពុជា ក៏ដូចជាសាខា បាន និងកំពុងធ្វើនៅគ្រប់ទីកន្លែង ដើម្បីសម្រាលការលំបាក និងជួយអ្នកងាយរងគ្រោះគ្រប់ប្រភេទ និងជាឱកាស ពង្រីកការផ្សព្វផ្សាយ បណ្តុះឧត្តមគតិមនុស្សធម៌ លើកកម្ពស់វប្បធម៌ចែករំលែក បំផុសកម្លាំងចូលរួម ជាស្មារតី សម្ភារៈ និងថវិកា ជួយឧបត្ថម្ភគាំទ្រដល់បេសកកម្មមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយផ្អែកលើគោលការណ៍គ្រឹះទាំង ៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមគឺៈ ភាពមនុស្សធម៌ ភាពមិនលម្អៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព សកលភាព ។
ដើម្បីទទួលបានជោគជ័យ និងលើកកម្ពស់ទិសដៅយុទ្ធសាស្រ្ត ២០១១-២០២០ របស់ថ្នាក់ជាតិ ព្រមទាំងរួមចំណែកជួយដល់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នឹងចាត់តាំងក្រុមទ្រទ្រង់ចម្រុះ ធ្វើការប៉ាន់ប្រមាណ កសាងឲ្យបានបញ្ជីជាក់ស្តែងរួម កំណត់ពីតម្រូវការរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ដើម្បីផ្តល់លទ្ធភាពឲ្យសាខា អនុសាខា និងស្ថាប័នពាក់ព័ន្ធ ឆ្លើយតបបានទាន់ពេលវេលា ។
ជាកិច្ចបន្ត ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអានសេចក្តីថ្លែងការណ៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយផ្តោតសំខាន់លើការថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលតែងតែផ្តល់ការគាំទ្រ ទាំងស្មារតី សម្ភារៈ ថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលនេះជាការបន្តគាំទ្រ ផ្តល់នូវក្តីសង្ឃឹម និងភាពកក់ក្តៅដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ព្រមទាំងបានរួមចំណែកធ្វើឲ្យកាកបាទក្រហមកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែបំពេញបានយ៉ាងល្អប្រសើរនូវបេសកកម្ម និងតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ និងជាកម្លាំងមួយ រួមចំណែកធ្វើឲ្យមានការប្រែប្រួលជាវិជ្ជមាននៅក្នុងសហគមន៍ ។
ថ្លែងសំណេះសំណាលទៅកាន់អង្គពិធីទាំងមូលផងដែរ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានថ្លែងអំណរគុណដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ រៀបចំពិធីនេះ និងអរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយ ឧបត្ថម្ភទាំងស្មារតី សម្ភារៈ ថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីជួយដល់ជនរងគ្រោះ និងងាយរងគ្រោះកន្លងមក ។ ឯកឧត្តម បានផ្តាំផ្ញើដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាក្រុង ស្រុកទាំងអស់ ត្រូវបន្ត យកចិត្តទុកដាក់បន្ថែមទៀតក្នុងការជួយសង្រ្គោះដល់ជនរងគ្រោះ និងងាយរងគ្រោះទាំងឡាយ ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ ។ ថវិកាដែលបានទទួលជាបណ្តោះអាសន្នក្នុងពិធីនេះ មានចំនួន ១២៩,១៤៥ ដុល្លារសហរដ្ឋអាមេរិច និងសម្ភារៈជាច្រើនទៀត ៕