រដ្ឋបាលខេត្តកំពង់ធំ

SEARCH

វេទិកាពិគ្រោះយោបល់ ជាមួយសមាគមអង្គការមិនមែនរដ្ឋាភិបាល ក្នុងខេត្តកំពង់ធំ

ឯកឧត្តម សុខ លូ ថ្លែងថា អង្គការមិនមែនរដ្ឋាភិបាល បានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានសិក្សារួមគ្នាស្វែងយល់ពីបញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ និងចូលរួមជួយលើកកម្ពស់សិទ្ធិទទួលបានព័ត៌មានពិតប្រាកដ ដើម្បីទប់ស្កាត់ឥទ្ធិពលអាក្រក់នៅក្នុងសង្គម ដែលកើតចេញពីការបំផ្លើសព័ត៌មានបង្កឡើងដោយមជ្ឈដ្ឋានមួយចំនួន។

ឯកឧត្តម ថ្លែងយ៉ាងដូច្នេះ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្នុងវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាលនានា ក្នុងខេត្តកំពង់ធំ ដោយមានសមាសភាពចូលរួមពីបណ្តាមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក-ក្រុង ឃុំ-សង្កាត់ ព្រមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានាទូទាំងខេត្តកំពង់ធំ។

បន្ទាប់មានការផ្លាស់ប្តូរយោបល់ រវាងអាជ្ញាធរខេត្ត និងNGO រួចមក ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា វេទិកានេះ បានបង្កើតឱកាស និងបរិយាកាសល្អសម្រាប់កិច្ចពិភាក្សា និងពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មក និងដោយផ្ទាល់រវាងអង្គការ NGO ជាមួយអាជ្ញាធរពាក់ព័ន្ធ លើបញ្ហាប្រឈមជាក់ស្តែងក្នុងមូលដ្ឋាន និងសំណូមពរផ្សេងៗរបស់ប្រជាជន ហើយបញ្ហាមួយចំនួនទៀត ដែលទាមទារឱ្យមានការសិក្សាបន្ថែម និងការដោះស្រាយក្នុងកម្រិតបច្ចេកទេសជំនាញ នឹងត្រូវយកទៅពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងសមត្ថកិច្ចជំនាញ ដើម្បីបន្តស្វែងរកដំណោះស្រាយបន្ត។ លើសពីនេះទៀត ឯកឧត្តមបន្ថែមទៀតថា រដ្ឋបាលខេត្តកំពង់ធំ បានត្រៀមខ្លួនជាស្រេច ដើម្បីរួមសហការគ្នាជាមួយ NGO ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិប្រកបដោយចីរភាព។

ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ អំពាវនាវដល់អង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ចូលរួមធ្វើសកម្មភាពនៅតាមមូលដ្ឋាន ឲ្យស្របទៅនឹងច្បាប់ NGO របស់កម្ពុជា។

Related Post