(រដ្ឋបាលខេត្តកំពង់ធំ): ដោយមានការគិតគូរយកចិត្តទុកដាក់ររវាងព្រះមេគណខេត្តកំពង់ធំ ជាមួយនិងរដ្ឋបាល ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០នេះ កូនឈើប្រណិត និងកូនឈើផ្សេងៗទៀតចំនួន ២៧០០ដើម ត្រូវបានដាំនៅតំបន់សហគមន៍ទីទួលបុរាណ (ព្រៃគូ) ស្ថិតនៅក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ពិធីនេះបានប្រារពឡើង ក្រោមវត្តមានឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងព្រះទេពសត្ថាសៀង សុខ ព្រះរាជគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមីព្រះមេគណខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ព្រះសង្ឃ ពុទ្ធបរិស័ទ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានមានប្រសាសន៍លើកឡើងថា ព្រៃឈើ គឺជាប្រភពធនធម្មជាតិដ៏មានសារ:សំខាន់សម្រាប់ប្រទេសយើង ដែលតម្រូវឲ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋការពារព្រៃឈើ និងបន្តដាំដើមឈើឡើងវិញឲ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីវត្តអារាម សាលារៀន ក៏ដូចជានៅតាមទីសាធារណៈជាដើម ដែលជាផលមួយនៅក្នុងការធ្វើបុណ្យទានផងដែរ ។ ទន្ទឹមនឹងនោះ ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា រដ្ឋបាលខេត្តកំពង់ធំនឹងមានគម្រោងរៀបចំដាំដើមឈើផ្លូវជាតិលេខ៦ ក្នុងក្រុងស្ទឹងសែន ដើម្បីលម្អ និងលើកសម្រស់សោភ័ណភាពក្នុងក្រុងស្ទឹងសែន ឲ្យកាន់តែស្រស់ស្អាតបន្ថែមទៀត ព្រមទាំងជំរុញឲ្យបណ្ដាក្រុងស្រុក ត្រូវខិតខំរៀបចំដាំដើមឈើនៅតាមទីប្រជុំជន ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ជួយថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លួនផង សហគមន៍ផង និង ផ្តល់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ជីវិតមនុស្ស សត្វគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះផងដែរ ជាពិសេសកាត់បន្ថយនូវគ្រោះធម្មជាតិដូចជា ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួតជាដើម។
លើសពីនេះទៀតឯកឧត្តមបន្តថា នៅថ្ងៃខាងមុខនេះរាជរដ្ឋាភិបាលនឹងផ្ដល់នូវថ្ងៃឈប់សម្រាក ចំនួន ៥ថ្ងៃ (១៧-២១ ខែសីហា) ជំនួសឱ្យថ្ងៃចូលឆ្នាំខ្មែ។ ក្នុងនោះឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរក្រុងស្រុកទាំងអស់ ព្រមទាំង ព្រះសង្ឃគ្រប់ព្រះអង្គ សូមបន្តជួយផ្សព្វផ្សាយនៃការរីករាលដាលជំងឺCOVID-១៩នេះ ដោយរក្សាអនាម័យជាប់ជានិច្ច ត្រូវពាក់ម៉ាសការពារ ឬប្រើកន្សែងទប់មាត់នៅពេលក្អក ឬកណ្តាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែលដាក់ជាប់តាមខ្លួនជាប្រចាំ នៅពេលធ្វើដំណើរនៅគ្រប់ទីកន្លែង ជាពិសេសមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្តនោះទេ លើសពីនេះទៀត សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជៀសអោយឆ្ងាយពីគ្រឿងញៀន ។
សូមបញ្ជាក់ថា កូនឈើប្រណិតដែលបានដាំនៅក្នុងតំបន់ទីទួលបុរាណព្រៃគូ ក្នុងផ្ទៃដី១.២០ហិចតា ក្នុងនោះមានកូនឈើក្រញូង នាងនួន បេង ចំនួន ២៧០០ ដើម។